វិស័យ​អាកាសចរណ៍​កម្ពុជា រំពឹង​លើ​ការតភ្ជាប់​ទៅក្នុង​តំបន់​កាន់តែច្រើន​ថែមទៀត

ភ្នំពេញ៖ ខណៈពេលដែល​វិស័យ​អាកាសចរណ៍​កម្ពុជា​កំពុង​រួមចំណែក​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​រីកចម្រើន​លូតលាស់​នោះ មន្ត្រី​អាកាសចរណ៍​កម្ពុ​ជាមាន​សុទិដ្ឋិនិយម​ក្នុងការ​អភិវឌ្ឍ និង​មានការ​រីកចម្រើន​លូតលាស់​បន្ថែមទៀត ដោយ​ភ្ជាប់​ទីផ្សារ​កម្ពុជា​ទៅក្នុង​ទីផ្សារ​តំបន់ និង​អាស៊ី​ប៉ាស៊ីហ្វិក។

រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន9 ហើយ​ដែល​បាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​រួមមាន ក្រុមហ៊ុន​ឧទ្ធម្ភាគចក្រ​ចំនួន 2 និង​ក្រុមហ៊ុន​យន្តហោះ​ស្លាប (Fixed Wing) ចំនួន 7 ក្រុមហ៊ុន។

លោក ស៊ិន ចាន់​សិរី​វុត្ថា អគ្គនាយករង​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​អះអាងថា គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ2017 វិស័យ​អាកាសចរណ៍​កម្ពុជា​កំពុង​ក្លាយជា​ច្រក​ដ៏​សំខាន់​មួយ​ក្នុង​ការនាំ​កំណើនសេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​កំណើន​អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស​ជា​មធ្យម​មាន​ប្រមាណ​ជាង 10%  សម្រាប់​អ្នកដំណើរ​អន្តរជាតិ និង​ប្រមាណ​ជាង 20% សម្រាប់​អ្នកដំណើរ​ក្នុងស្រុក។

លោក​បាន​អះអាងថា វិស័យ​អាកាសចរណ៍​កម្ពុជា​នៅមាន​សក្តានុពល​ដ៏​ច្រើន​ក្នុងការ​អភិវឌ្ឍ​រីកចម្រើន​ទៅកាន់​ប្រទេស​នានា​នៅក្នុង​តំបន់។ លោក មានប្រសាសន៍ថា៖ “យើង​មើលឃើញ​ទីផ្សារ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ និង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​នឹង​នាំមក​នូវ​កំណើន​ខ្ពស់ ហើយ​យើង​មាន​សុទិដ្ឋិនិយម​ចំពោះ​ការរីកលូតលាស់​ដូច​បណ្តា​ប្រទេស​នានា​ដែរ។

យោងតាម​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួល​បានការ​ចុះចត​យន្តហោះ​ជា​មធ្យម 55ជើង ក្នុង​មួយថ្ងៃ ចំណែក​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប មាន​ចំនួន​ជា​មធ្យម 57ជើង​ក្នុង1ថ្ងៃ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ជា​មធ្យម 8ជើង ក្នុង1ថ្ងៃ។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បានឱ្យដឹងថា កម្ពុជា​នៅមាន​ឱកាស​ច្រើន​ក្នុងការ​អភិវឌ្ឍ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ដោយសារ​បច្ចុប្បន្ននេះ​វិស័យ​ទេសចរណ៍​កម្ពុជា​នៅ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ច្រក​ប្រទេស​ថៃ ដែលមាន​មធ្យោបាយ​ត​ភ្ជាប់​ទៅកាន់​ពិភពលោក​យ៉ាង​ទូលំទូលាយ។

លោក ធួន ស៊ីណាន និយាយថា៖“ថៃ​ជា​ច្រក​សំខាន់​មួយ​របស់​កម្ពុជា ដោយសារ​យើង​គ្មាន​យន្តហោះ​ដែល​ភ្ជាប់​ត្រង់​ទៅកាន់​ទីក្រុងសំខាន់ៗទូទាំង​ពិភពលោក។ ទោះជា​យ៉ាងណាក៏ដោយ ប្រសិន​យើង​ប្រៀបធៀប​កាលពី 3ឆ្នាំមុន យើង​បាន​ប្រសើរឡើង​ច្រើន​ហើយ ដោយសារ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​ជាច្រើន​បាន​ភ្ជាប់​ការហោះហើរ​ទៅក្នុង​ប្រទេស​ក្នុង​តំបន់។

វិស័យ​អាកាសចរណ៍ គឺជា​កម្លាំងចលករ​ដ៏​សំខាន់ Vital Engine មួយ​ក្នុងចំណោម​កម្លាំងចលក​រសំខាន់ៗ សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច (Socio-economic growth) ក្នុងនោះ វិស័យនេះ​បាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​មាន​ចំនួន 1.7 លាន​ការងារ​ស្មើនឹង 20% នៃ​ចំនួន​ការងារ​សរុប​របស់​ប្រទេស​កម្ពុជា និង​បានផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ស្មើនឹង 17% នៃ​ផសស។ គាំទ្រ និង​ជំរុញ (ធ្វើ​ឲ្យ​មាន​កំណើន) ដល់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម។ គាំទ្រ និង​ជំរុញ​ដល់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) និង​ធុរកិច្ច​ក្នុងស្រុក។ នេះ​បើ​យោងតាម​ការបញ្ជាក់​ហេតុផល​ពី​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា៕

Advertisement