តារាចម្រៀង​ថៃ7ដួង ​ល្បីដោយសារ​បទ​និពន្ធ​ថ្មី​ដោយ​ខ្លួនឯង

បើ​និយាយ​ពី​រឿង​ចម្រៀង តន្ត្រី ដែលមាន​ការប្រកួតប្រជែង​ក្នុងការ​តាក់តែង​និពន្ធ​បទ​ថ្មី ទំនុកភ្លេង​ថ្មី និង​និយាយ​អំពី​សាច់រឿង​របស់​ចម្រៀង ដែល​ធ្វើឱ្យ​អ្នក​ស្ដាប់​មានការ​ទាក់ចិត្ត​ទាក់​អារម្មណ៍​មានការ​គាំទ្រ​ច្រើន វា​ជា​រឿង​ដ៏​ពិបាក ទំរាំ​តែ​ទទួលបាន​ភាពជោគជ័យ។ ដោយឡែក​មាន​តារាចម្រៀង​ថៃ​ចំនួន7ដួង ដែល​បាន​បញ្ចេញ​បទ​ចម្រៀង​របស់ខ្លួន​មួយ​បទ​ដំបូង ហើយ​មានការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ជាច្រើន បើ​ចង់ដឹងថា​ជា​តារាចម្រៀង​ថៃ​ណាខ្លះ​នោះ សូម​ទស្សនា​រូបភាព និង​ប្រវត្តិខ្លះៗរបស់​ពួកគេ​ដូចខាងក្រោម​នេះ ៖

  1. ឡាំ​យ៉ៃ ហៃ​ថង​ខាំ

សូម​ចាប់ផ្ដើម​ពី​តារា​ដំបូង​ដែលជា​ម្ចាស់​បទ “ผู้สาวขาเลาะ ” ( ភូ​សាវ​ខា​ឡក់) ចម្រៀង​ដោយ ឡាំ​យ៉ៃ ហៃ​ថង​ខាំ ក៏​ចង់​ប្រាប់ថា នាង​ទទួលបាន​ការគាំទ្រ​ខ្លាំង​បំផុត ដែល​ដំបូង​ឡើយ​នាង​បានត្រឹមតែ​បង្ហោះ​បទ​ចម្រៀង​ដែល​ខ្លួន​និពន្ធ​នៅលើ​បណ្ដាញ​សង្គម​តែប៉ុណ្ណោះ តែ​បច្ចុប្បន្ននេះ នាង​បាន​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ធំ​មួយ ព្រមទាំង​បាន​បញ្ចេញ​នូវ​បទ​និពន្ធ​ថ្មី2បទ​ទៀត​ដែល​កំពុងមាន​ការគាំទ្រ​យ៉ាងខ្លាំង។ គួរបញ្ជាក់​ផងដែរ​ថា តារា​ស្រី​រូបនេះ និយម​ការ​ស្លៀកពាក់​សិច​ស៊ី និង​មាន​សំឡេង​ពីរោះ​តាមបែប​ចម្រៀង លូក​ធុង (បទ​មនោសញ្ចេតនា​ស្រុកស្រែ)។

  1. យី​ង​លី ស្រ៊ី​ជុម​ផុន

បទ​ចម្រៀង​ពីមុន​នេះ​របស់​នាង​ដែល​ល្បីល្បាញ​បំផុត មាន​អ្នក​ចូលទៅ​ទស្សនា​ច្រើនជាងគេ​ប្រចាំឆ្នាំ គឺ​បទ “ขอใจเธอแลกเบอร์โทร” (ខ​ចៃ​ធឺ​លែ​ក​បឺ​រ​ថូ) ជា​បទ​ចម្រៀង​និពន្ធ​របស់​នាង ដែល​ទទួលបាន​ការពេញនិយម​បំផុត​ពេញ​មួយឆ្នាំ​តែម្ដង ហើយដោយ​សារ​បទ​នេះ​បានធ្វើឱ្យ​តារា​ស្រី​រូបនេះ កើប​លុយ​ជាច្រើន ព្រមទាំង​ទិញ​ផ្ទះ និង​ជួយ​ទំនុកបម្រុង​ឪពុកម្ដាយ​បាន​រស់​ស្រួល ព្រមទាំង​បាន​ជូន​កាដូ​ជាទី​គាប់ចិត្ត​ដល់​អ្នក​ពន្ធ​បទ​ភ្លេង​ឱ្យ​នាង​ទៀតផង។

  1. ជេន​នី​ហ្វ័​រ ឃីម

ជា​តារាចម្រៀង​ដែល​ឆ្លងកាត់​ការប្រឡង​ចម្រៀង និង​និពន្ធ​ចម្រៀង​បាន​មួយ​បទ ដោយ​ទទួលបាន​ការគាំទ្រ​ជាខ្លាំង ហើយ​ចម្រៀង​របស់​នាង​ត្រូវបាន​យកទៅ​ធ្វើជា​បទ​ចម្រៀង​នៅក្នុង​ខ្សែភាពយន្ដ​ខ្នាត​ធំ​ដែល​ចម្រៀង​នោះ​មាន​ចំណងជើង​ថា “คิดถึงเธอทุกที ” ( ឃិត​ធឹង​ធឺ​ធុ​ក​ធី) មានន័យ​ជា​ភាសា​ខ្មែរ​ថា នឹក​បង​គ្រប់​ទីកន្លែង។ បន្ទាប់មកទៀត​សង្កេតឃើញថា តារា​ស្រី​រូបនេះ ហាក់បីដូចជា​ស្ងាត់​ការនិពន្ធ​បទ​ចម្រៀង បែរមក​ច្រៀង​បទ​បរទេស​ច្រើនជាង​បទ​ថៃ​ទៅវិញ។

  1. ប៉ើ​ន ប៉ៈ​ថុ​ម​រ៉ា​ត

ជា​តារាចម្រៀង​ដែលមាន​សមត្ថភាព​តាក់តែង​និពន្ធ​ទំនុកច្រៀង បទ​ភ្លេង លេង​ឧបករណ៍​តន្ត្រី និង​មាន​សមត្ថភាព​ជាច្រើន​ទៀត ដែល​លោក​ចាប់ផ្តើម​ទទួលបាន​ភាពល្បីល្បាញ និង​ការគាំទ្រ​ចេញពី​ការ​បង្ហោះ​ឃ្លិប​វីដេអូ​ចម្រៀង​នៅលើ​បណ្ដាញ​សង្គម Facebook រហូត​បាន​ក្លាយជា​តារា Net Idol ដែលមាន​អ្នកគាំទ្រ និង​ទស្សនា100លាន​វី​យូ (Views) ដែល​បទ​ចម្រៀង​របស់​លោក​មាន​ចំណងជើង​ថា “อ้ายมีเหตุผล”(អាយ​មី​ហេ​ត​ផុន) មានន័យថា បង​មាន​ហេតុផល ដែលមាន​នៅក្នុង​ផលិតកម្ម RSiam។

  1. ចាក់ នុង​ផៈ​នី

មាន​មនុស្ស​ជាច្រើន​ធ្លាប់​ស្គាល់​នាង​ថា ចាក់ អា​ស្យាម ជា​តារាចម្រៀង​សិច​ស៊ី និង​មាន​ក្បាច់​រាំ​ស្រើបស្រាល​បំផុត ក៏ប៉ុន្ដែ​នាង ត្រូវបាន​អ្នកគាំទ្រ​ស្គាល់​ដំបូងបង្អស់​តាមរយៈ​បទ​ចម្រៀង​របស់​តារា​កំប្លែង នាយ ជេ​ត ដែល​នាង​គ្រាន់តែ​ជា Dancer នៅក្នុង​វីដេអូ​ចម្រៀង​តែប៉ុណ្ណោះ។

  1. កង ហួយ​រ៉ៃ

ជា​តារាចម្រៀង​ដែល​ល្បីល្បាញ​តាមរយៈ​បណ្ដាញ​សង្គម Youtubeដែល​ដំបូង​ឡើយ​លោក​បាន​បង្ហោះ​បទ​ចម្រៀង​តែង​និពន្ធ​ថ្មី​របស់លោក ដែលមាន​ចំណងជើង​ថា “ไสว่าสิบ่ถิ่มกัน” (សៃ​វ៉ា​ស៊ិ​ប​ធី​មកា​ន់) ដែល​បទ​ខ្មែរ​យើង​បាន​យកមក​ច្រៀង​ផងដែរ គឺមាន​ចំណងជើង​ថា “ស៊ី​បាន​ចេះតែ​ស៊ី​ទៅ។ តារាចម្រៀង​វ័យ27ឆ្នាំ​រូបនេះ មាន​សមត្ថភាព​ខាង​ផ្នែក​សិល្បៈ​ជាច្រើន​ជំនាញ ហើយថ្មីៗនេះ លោក​បាន​សម្ដែង​រឿង​ភាគ​នៅតាម​បុ​៉​ស្តិ៍​ទូរទស្សន៍​ទៀតផង។

  1. ប៉េ​ក ផៈលិត​ឆូ​គ

តារាចម្រៀង​រូបនេះ ជា​តារាចម្រៀង ដែល​និពន្ធ​បទ​ភ្លេង និង​ចម្រៀង​ដោយ​ខ្លួនឯង​ផ្ទាល់ មាន​ស្នាមញញឹម​ស្រស់​សង្ហា ហើយ​លោក​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នៅពេលដែល​ចូលទៅ​ប្រលង​ក្នុង​កម្មវិធី The Mask Singer ហើយ​លោក​ក៏បាន​យក​បទ​ចម្រៀង​ដែល​លោក​និពន្ធ​ទៅ​ប្រលង​ផងដែរ ដែល​បទ​នោះ​មាន​ចំណងជើង​ថា “Love On Top” និង​បទ “Versace on The Floor”៕

Advertisement