Xiaomi គ្រោង​ចេញលក់ IPO ក្នុងតម្លៃ 100ពាន់​លាន​ដុល្លារ​អាមេរិក

ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​មួយ​របស់​ចិន Xiaomi Corp បានជ្រើសរើស​យក Morgan Stanley និង Goldman Sachs Group Inc សម្រាប់​ធ្វើជា​ធនាគារ​អន្តរជាតិ និង​ជា​ដៃគូ​សហការ​ក្នុងការ​ចេញលក់ IPO ដែល​ត្រូវបាន​គេ​ដឹងថា មានតម្លៃ​រហូតដល់ 100ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម​ការបញ្ជាក់​ឱ្យដឹងពី​ប្រភព​ជិតស្និទ្ធ។

សារព័ត៌មាន​ហិរញ្ញវត្ថុ Bloomberg បាន​ចុះផ្សាយ​ថា ក្រោយពី Morgan Stanley និង Goldman Sachs Group Inc នៅមាន​ធនាគារ Credit Suisse Group AG និង Deutsche Bank AG ផងដែរ ដែល​ត្រូវបាន Xiaomi ជ្រើសរើស​ធ្វើជា​ដៃគូ​ក្នុង​ការចេញលក់ IPO ដោយ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​ចិន​មួយ​នេះ មានកំណត់​គោលដៅ​លក់ IPO ឱ្យបាន 100ពាន់​លាន​ដុល្លារ​អាមេរិក។

ការកំណត់​តម្លៃ IPO នេះ​ត្រូវបាន​គេ​មើលឃើញថា ជា​តម្លៃ​មួយ​ដ៏​ខ្ពស់បំផុត​សម្រាប់​ក្រុមហ៊ុន​ចិន ព្រោះ​កាលពី​ឆ្នាំ 2014 ក្រុមហ៊ុន Alibaba លក់បាន​ត្រឹមតែ 25ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ចចាមអារ៉ាម​នេះ​ផងដែរ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Xiaomi និង​ធនាគារ Morgan Stanley ព្រមទាំង Deutsche Bank បាន​ចេញមុខ​ច្រានចោល​ថា ជា​ព័ត៌មាន​មិន​ពិត ប៉ុន្តែ​មិនបាន​បញ្ជាក់​អ្វី​ឱ្យ​លម្អិត​ជាង​នេះឡើយ៕

Advertisement