សមាជិកក្រុមចម្រៀង 2PM បង្ហើបថា លោកធ្លាប់មានជំងឺបាក់ទឹកចិត្តដូច Jonghyun

តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី18 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា  តារាចម្រៀងប្រុសលោក Wooyoung ដែលជាសមាជិកក្រុមចម្រៀង 2PM បានចេញមុខមកអះអាងថា លោកធ្លាប់ស្ថិតនៅក្នុងស្ថានភាពបាក់ទឹកចិត្តដូចអតីតតារាចម្រៀងប្រុស Kim Jonghyun សមាជិកក្រុមចម្រៀង SHINee ដែរ។

កាលពីថ្ងៃទី15 ខែមករា កន្លងទៅ តារាប្រុសរូបសង្ហាម្នាក់នេះ បានចេញមុខនៅក្នុងកម្មវិធីសម្ភាសរបស់ស្ថានីយទូរទស្សន៍ TV Report​ ក្នុងកម្មវិធីប្រ៉ូម៉ូតអាល់ប៊ុមចម្រៀងថ្មីរបស់លោក ដែលជាអាល់ប៊ុមចម្រៀងទោលជាលើកទី 2 ។ លោក Wooyoung បានផ្ដល់បទសម្ភាសថា «កាលពីពេលកន្លងទៅ ខ្ញុំបានដឹងពីព័ត៌មានដ៏រន្ធត់របស់តារាចម្រៀង Kim Jonghyun សមាជិកក្រុមចម្រៀង SHINee ហើយខ្ញុំជឿថា គាត់សម្រេចចិត្តបែបនេះ ក៏ព្រោះតែគាត់រងសម្ពាធផ្លូវចិត្តខ្លាំងក្លាជាងខ្ញុំ។ បើគិតឱ្យស៊ីជម្រៅបន្តិច ខ្ញុំអាចយល់ពីជម្រៅចិត្តរបស់គាត់ ហើយខ្ញុំក៏ជឿថា នៅមានតារាល្បីៗជាច្រើនទៀតកំពុងស្ថិតក្នុងស្ថានភាពជំងឺដូចគាត់ដែរ។ ខ្ញុំក៏ជាអ្នកជំងឺបាក់ទឹកចិត្តម្នាក់ដែរ កាលពី 5 ឆ្នាំមុន ហើយខ្ញុំបានជួបហេតុការណ៍ស្រដៀងគ្នានឹង Jonghyun ដែរ»។

តារាប្រុសរូបនេះ បានបន្ដបញ្ជាក់ថា «ជំងឺបាក់ទឹកចិត្តរបស់  Kim Jonghyun ដូចរឿងរ៉ាវរបស់ខ្ញុំដែរ។ នៅពេលនោះ ខ្ញុំចង់យកឈ្នះដោយចិត្តខ្លួនឯងដោយវិធីច្រើនយ៉ាងដែលគិតថាអាចធ្វើទៅបាន។ ខ្ញុំបាននឹកឃើញពីសមាជិកក្រុមចម្រៀង 2PM ទើបខ្ញុំអាចបញ្ចប់រឿងនោះបាន ក៏ប៉ុន្ដែ វាមិនមែនជារឿងងាយស្រួលប៉ុន្មានទេសម្រាប់ខ្ញុំ។ ខ្ញុំបានព្យាយាមគិតថា ខ្ញុំចាំបាច់ត្រូវតែបញ្ចប់បញ្ហាមួយនេះដោយភាពរឹងមាំរបស់ខ្ញុំតែម្ដង»។

ចុងបញ្ចប់ លោក Wooyoung បានយកឈ្នះជំងឺបាក់ទឹកចិត្ត និងបានប្រាប់បន្ថែមថា «ខ្ញុំបានរកឃើញវិធីសាស្ត្រដោះស្រាយបញ្ហាតាមបែបផែនរបស់ខ្ញុំ គឺខ្ញុំទៅរៀនគូររូប និងជ្រមុជទឹក ហើយខ្ញុំបានស្វែងរកបទពិសោធ និងជំនួយពីក្រុមបងៗដែលមានអាយុច្រើនជាងខ្ញុំ ព្រមទាំងចំណាយពេលអានសៀវភៅ និងរឿងក្ដីដែលកើតមាននៅក្នុងសង្គមជាច្រើនផងដែរ»៕

Advertisement