Tosun ស្រេកឃ្លាន​រក​គ្រាប់​បាល់ ខណៈ Walcott បំពេញ​ការផ្ទេរ​ទៅ Everton

ខ្សែប្រយុទ្ធ Cenk Tosun ជឿជាក់ថា រូបគេ និង Theo Walcott អាច​ចូល​បំពេញ​កន្លែង​ទំនេរ​ដែល​ត្រូវបាន​កើតឡើង​ដោយសារតែ​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ Romelu Lukaku ពី​ក្លិប Everton ក្រោយពី​ខ្សែបម្រើ​ស្លាប​របស់​អង់គ្លេស​រូបនេះ បាន​បំពេញ​ការផ្ទេរ​របស់គេ​ពី​ក្លិប Arsenal ក្នុងតម្លៃ​ខ្លួន25លាន​ផោន (ស្មើនឹង34លាន​ដុល្លារ​អាមេរិក)។

Everton បាន​ចំណាយ​ប្រាក់​ច្រើនជាង40លាន​ផោន ដើម្បី​ជួសជុល​តំបន់​ប្រយុទ្ធ​របស់​ពួកគេ​នៅ​ខែ​នេះ ក្រោយពី​បាន​ចំណាយ​ប្រាក់21លាន​ផោន ដើម្បី​ទិញយក Tosun ពី​ក្លិប Besiktas របស់​តួ​ក​គី​មុនពេល​ការចូលរួម​របស់ Walcott កាលពី​ថ្ងៃ​ពុធ។

ខ្សែបម្រើ​ស្លាប​អន្តរជាតិ​អង់គ្លេស​រូបនេះ បានបញ្ចប់​អាជីព​រយៈពេល12ឆ្នាំ​របស់គេ​ជាមួយនឹង​ក្លិប Arsenal ដើម្បី​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ទី2របស់លោក Sam Allardyce ដែលជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Everton។ រូបគេ​ត្រូវបាន​រំពឹងទុក​ថា នឹង​ទទួលបាន​ចំណូល11ម៉ឺន​ផោន ក្នុង​មួយ​សប្តាហ៍ បូក​រួមទាំង​ប្រាក់ឧបត្ថម្ភផ្សេងៗទៀត​នៅឯ​កីឡដ្ឋាន Goodison Park ដែល​ស្មើនឹង​ប្រាក់ខែ​របស់គេ​នៅឯ​ក្លិប Arsenal ហើយ​រូបគេ​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល3ឆ្នាំកន្លះ។

Walcott បាន​ឲ្យ​ដឹងថា៖ «វា​មានរឿង​ជាច្រើន​ទាក់ទង​នឹង​ការផ្ទេរ​នេះ ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ល្អ។ ខ្ញុំ​មាន​អារម្មណ៍​ហាក់ដូចជា​វា​ដល់ពេល​សម្រាប់​ខ្ញុំ​ក្នុងការ​ផ្លាស់ប្តូ​រហើយ។ វា​ជា​រឿង​សោកសៅ​មួយ ប៉ុន្តែ​វា​ក៏​ជា​រឿង​ដ៏​រំភើប​មួយ​ដែរ ហើយ​ខ្ញុំ​ចង់​សង្គ្រោះ​អាជីព​របស់ខ្ញុំ​ត្រឡប់មកវិញ និង​ជួយ​ឲ្យ​ក្រុម Everton ទទួល​ជ័យជម្នះ​ដូចដែល​ពួកគេ​ធ្លាប់​បានធ្វើ​កាលពី​ពេលមុន»៕

ប្រភពពី៖ The Guardian

Advertisement