Sanchez នឹង​ក្លាយជា​កីឡាករ​មាន​ចំណូល​ច្រើនជាងគេ​របស់ Man Utd

Alexis Sanchez នឹង​ក្លាយជា​កីឡាករ​ដែល​ទទួលបាន​ចំណូល​ខ្ពស់​ជាងគេ​បំផុត​របស់​ក្លិប Manchester United ប្រសិនបើ​រូបគេ​ចាក​ចេញពី​ក្លិប Arsenal ក្រោយពី​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួចហើយ។ នេះ​បើ​យោងតាម​បណ្តាញសារព័ត៌មាន​នានា​កាលពី​ថ្ងៃ​ពុធ។

ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី​រូបនេះ ហាក់ដូចជា​នឹងត្រូវ​ចាក​ចេញពី​ក្រុម​កាំភ្លើង​ធំ​នៅ​ខែ​នេះហើយ ឯ​Man United ក៏​មិនបាន​លាក់បាំង​ពី​ការចាប់អារម្មណ៍​របស់​ពួកគេ​ដែរ។ លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man United បានទទួល​ស្គាល់​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​របស់លោក​មានឱកាស​មួយ​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Sanchez ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែមករា​នេះ ខណៈដែល​ក្លិប Manchester City បច្ចុប្បន្ន​ត្រូវបាន​គេ​មើលឃើញថា បាន​បោះ​បង់ការ​ប្រជែង​ទិញយក​ខ្សែប្រយុទ្ធ​វ័យ29ឆ្នាំ​រូបនេះ​ហើយ ដោយសារតែ​បញ្ហា​តម្លៃ​ខ្លួន។

បើ​យោងតាម​គេហទំព័រ The Telegraph  ក្លិប Man United បានផ្តល់​កុងត្រា​រយៈពេល4ឆ្នាំកន្លះ​ទៅ​ឲ្យ Sanchez ជាមួយនឹង​ប្រាក់ចំណូល​ប្រចាំឆ្នាំ27លាន​ផោន (ស្មើនឹង37.35លាន​ដុល្លារ​អាមេរិក) នៅមុន​ពេល​កាត់​ពន្ធ ដែល​នឹងធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​រកបាន​ចំណូល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ក្លិប​នេះ។ បើ​បូក​ទាំង​ការចំណាយ​លើ​តម្លៃ​ខ្លួន ប្រាក់ឧបត្ថម្ភ​សម្រាប់​ការចុះ​កុងត្រា និង​ការចំណាយ​ទៅ​ឲ្យ​ភ្នាក់ងារ​តំណាង​ឲ្យ​កីឡាករ​រូបនេះ​ផង វា​មានន័យថា Man United អាច​នឹងត្រូវ​ចំណាយ​ស​រុ​ប150លាន​ផោន ប្រសិនបើ​ពួកគេ​ឈានដល់​ការ​ព្រមព្រៀងគ្នា​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Sanchez៕

ប្រភពពី៖ The Telegraph

Advertisement