ការផ្តល់សេវា​រដ្ឋបាល​សាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ​នឹងមាន​ក្នុងពេលឆាប់ៗនេះ

ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​សេវា​រដ្ឋបាល​សាធារណៈ​ឆាប់រហ័ស កាត់បន្ថយ​ការចំណាយ​ពេលវេលា និង​សោហ៊ុយ រដ្ឋាភិបាល​គ្រោង​ដាក់ឱ្យ​ដំណើរការ​សេវា​រដ្ឋបាល​សាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ (Online)នៅតាម​ការិយាល័យ​ច្រកចេញ-ចូល​តែមួយ​នៅតាម​បណ្ដា​ខេត្ត-ក្រុង  ស្រុក-ខណ្ឌ​គោលដៅ​មួយចំនួន​ដើម្បី​ធ្វើការ​សាកល្បង​ប្រើប្រាស់ នៅពេលឆាប់ៗនេះ។

លោក ជា សេរី​វ​ឌ្ឍ ទីប្រឹក្សា​ថ្នាក់ជាតិ​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ Online ដែល​បាននិងកំពុង​ជួយ​គាំទ្រ​ដល់​នាយកដ្ឋាន​មុខងារ និង​ធនធាន​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្នុងការ​បង្កើត​ប្រព័ន្ធ​សេវា Online សម្រាប់​ការិយាល័យ​ច្រកចេញចូល​តែមួយ​បាន​បញ្ជាក់ថា លោក​ត្រូវធ្វើ​ការសិក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​របស់រ​ដ្ឋ​បាល​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដើម្បី​ទទួលយក​នូវ​ការផ្តល់​សេវាកម្ម​តាម​ប្រព័ន្ធ​ទំនើប (Modernization) ដូច​ប្រទេស​ជឿនលឿនផ្សេងៗទៀត​ដែរ។

លោក​បន្តថា លោក​ត្រូវ​សិក្សា​លើ​គម្រោង​នេះ​ក្នុង​រយៈពេល3ខែ មុននឹង​ដាក់ចេញ​នូវ​ជម្រើស​នានា​ដែល​សមស្រប​សម្រាប់​ក្រសួងមហាផ្ទៃ​ក្នុងការ​បង្កើត​ប្រព័ន្ធ​ទំនើប (ប្រព័ន្ធ​ផ្តល់​សេវាកម្ម​Online) ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ឆាប់រហ័ស កាត់បន្ថយ​ការចំណាយ​ពេលវេលា និង​សោហ៊ុយ​ក្នុងការ​ធ្វើដំណើរ​មក​ទ​ទួល​សេវាសាធារណៈ​របស់​ប្រជាពលរដ្ឋ។

លោក ពុ​ជ វណ្ណៈ អាជីវករ​រស់នៅ​ក្រុង​តាខ្មៅ​បាន​សម្តែង​ការ​សាទរ​ទៅនឹង​រដ្ឋាភិបាល​ដែល​ត្រៀម​ផ្តល់​សេវាកម្ម​រដ្ឋបាល​សាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ការិយាល័យ​នៃ​ច្រកចេញ-ចូល​តែមួយ​នេះ។  លោក​និយាយថា តាមរយៈ​សេវាកម្ម​អន​ឡាញ​ខាងលើ​ពលរដ្ឋ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា​មិន​ចំណាយ​ក្រៅផ្លូវការ ចំណេញ​ពេលវេលា​ក្នុងការ​បំពេញ​សំណុំបែបបទផ្សេងៗដោយផ្ទាល់​នៅលើ​ទូរ​សព្ទ​ដៃ រួមទាំង​ចំណេញ​ថវិកា​ក្នុងការ​ធ្វើដំណើរ​ជាដើម​ផង ដោយ​ពលរដ្ឋ​គ្រាន់តែ​បំពេញ​សំណុំបែបបទ និង​បញ្ជូន​ឯកសារ​តាម​ប្រព័ន្ធ Online និង​បង់ប្រាក់​ទៅតាម​ក្រុមហ៊ុន​ដៃគូ​សហការ​ណាមួយ​ជាការ​ស្រេច។

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជាមាន​ប្រសាសន៍ថា ការចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ​បានផ្តល់​ភាពងាយស្រួល​យ៉ាងខ្លាំង ខណៈដែល​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​មានការ​រីកចម្រើន​ខ្លាំង ព្រោះ​វា​ផ្តល់​ភាពងាយស្រួល​ទី1. ប្រជាពលរដ្ឋ​មិនចាំបាច់​ចំណាយពេល​វេលា​ទៅ​បំពេញ​សំណុំបែបបទ​នៅ​ការិយាល័យ​ច្រកចេញ-ចូល​តែមួយ។ ទី2.កាត់បន្ថយ​នូវ​ការចំណាយ​ក្រៅផ្លូវការផ្សេង។ ទី3.ប្រព័ន្ធ​នេះ​ផ្តល់​ជា​គំរូ​ល្អ​សម្រាប់​ធានាបាន​នូវ​តម្លាភាព​ក្នុង​ការផ្តល់សេវា​នេះ​ឱ្យបាន​ឆាប់រហ័ស។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​នៅតាម​តំបន់​ដាច់ស្រយាល ឬ​ពលរដ្ឋ​ដែលមាន​វ័យ​ចំណាស់ មួយចំនួន ពួកគាត់​មិនចេះ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​នទំនើបៗឡើយ ធ្វើឱ្យ​មិនអាច​ចុះបញ្ជី​ស្នើសុំ លិខិត​រដ្ឋបាល​សាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​បាន។ ករណីនេះ​លោក សន ជ័យ បានស្នើ​សុំ​ដល់​រដ្ឋាភិបាល​ត្រូវធ្វើ​យ៉ាងណា​ពង្រឹង​ការងារ​ផ្តល់​សេវា​រដ្ឋបាល​សាធារណៈ​នៅ​ការិយាល័យ​ច្រកចេញ-ចូល​តែមួយ​ធ្វើយ៉ាងណា​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ប្រកបដោយ​តម្លាភាព និង​បាន​ឆាប់រហ័ស​ឆ្លើយតប​នឹង​តម្រូវ-ការដែល​ប្រជាពលរដ្ឋ​ចង់បាន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងមហាផ្ទៃ​បាន​បង្កើត និង​ដាក់ឱ្យ​ដំណើរការ​នូវ​ការិយាល័យ​ច្រកចេញ-ចូល​តែមួយ​ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន40ខេត្ត-ក្រុង ស្រុក-ខណ្ឌ​គោលដៅ​រួចហើយ។ សម្រាប់​ឆ្នាំ2017- 2018នេះ ក្រសួង​បាននិងកំពុង​ពង្រីក​តាម​ស្រុក​គោលដៅ​ចំនួន10បន្ថែមទៀត។ លើសពីនេះ​ទៀត ថ្មីៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​យន្តការ​ច្រកចេញ-ចូល​តែមួយ​សម្រាប់​ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ប្រមូលផ្តុំ​ការផ្តល់សេវា​រដ្ឋបាល​លើ​វិស័យ​នានា​នៅ​កន្លែង​តែមួយ លើកកម្ពស់​គុណភាព ប្រសិទ្ធភាព តម្លាភាព​គណនេយ្យភាព បង្កលក្ខណៈ​ងាយស្រួល និង​ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួងមហាផ្ទៃ​ក៏​បាននិងកំពុង​ពិនិត្យមើល​ជម្រើស​នានា​ដើម្បី​ធ្វើ​ការផ្តល់​សេវាកម្ម​មួយចំនួន​តាម​ប្រព័ន្ធ​ទំនើប (ផ្តល់​សេវា​ប្រព័ន្ធ Online) នៅតាម​ការិយាល័យ​ច្រកចេញ-ចូល​តែមួយ​ដើម្បី​ជំរុញ​ការផ្តល់សេវា​រដ្ឋបាល​ឱ្យ​កាន់តែ​ប្រសើរ និង​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត-ក្រុង ស្រុក-ខណ្ឌ​គោលដៅ​មួយចំនួន​ដែល​រួមមាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ​នៃ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​ខេត្តកណ្តាល ក្រុង​បាត់ដំបង និង​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង ក្នុង​គោលបំណង​ដើម្បី​រៀបចំ​ជា​ជម្រើស​នានា​នៃ​ការផ្តល់សេវា​រដ្ឋបាលរ​បស់​ការិយាល័យ​ច្រកចេញ-ចូល​តែមួយ​តាម​ប្រព័ន្ធ Online៕

Advertisement