តារា​សម្ដែង​ក្នុង​រឿង The Maze Runner  ប្រាប់​ការពិត​រឿង​ប្រើ​ឈ្មោះ​កូរ៉េ

តាមរយៈ​សារព័ត៌មាន Mthai ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី18 ខែមករា ឆ្នាំ2018នេះ បានឱ្យដឹងថា លោក Ki Hong Lee ជា​តារា​សម្ដែង​កូរ៉េ​ដែល​បានបង្ហាញ​វត្តមាន​នៅក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ហូលីវូដ​រឿង The Maze Runner  ដែល​សម្ដែង​ជា​តួ មីន ហូ នោះ បាន​ចេញមុខ​បកស្រាយ​រឿង​ប្រើប្រាស់​ឈ្មោះ​ជា​ភាសា​កូរ៉េ ខណៈដែល​ខ្លួន​ជា​តារា​សម្ដែង​ហូលីវូដ​ដ៏​ល្បីឈ្មោះ តែ​មិន​ព្រម​ប្រើ​នាមត្រកូល​អាមេរិក។

តារា​សម្ដែង​រូបនេះ បានផ្ដល់​បទ​សម្ភាស​ជាមួយ​ស្ថានីយទូរទស្សន៍​មួយ​នៅក្នុង​កម្មវិធី  One Night of TV Entertainment ដោយ​លើក​ពី​មូល​ហេតុថា «ខ្សែភាពយន្ដ​រឿង The Maze Runner ជា​ភាពយន្ដ​ល្បី​មួយ ការលំបាក​បំផុត​រប​ស់​ខ្ញុំ​នៅក្នុង​រឿងនេះ​គឺ ការរត់​រហូត​ពេញ​មួយ​ផ្ទៃរឿង និង​មាន​ផ្នែក​ជាច្រើន​នៃ​រឿង​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទាល់តែសោះ ហើយ​ការដែល​បាន​សម្ដែង​ជា​តួ មីន ហូ គឺជា​សំណាងល្អ​បំផុត​របស់ខ្ញុំ​ហើយ»។ យ៉ាងណាមិញ លោក​បាន​បន្ដថា «ការដែល​ប្រើប្រាស់​ឈ្មោះ​ជា​ភាសា​កូរ៉េ មិនបាន​កែ​ឈ្មោះ​ដូចជា​ជនជាតិ​អាមេរិក ព្រោះ​នោះ​គឺជា​ឈ្មោះ​របស់ខ្ញុំ។ ខ្ញុំ​ជា​ជនជាតិ​កូរ៉េ ខ្ញុំ​ចង់​មាន​អត្តសញ្ញាណ​ពិត​ប្រាកដជា​ខ្លួន​ខ្ញុំ ហើយ​ខ្ញុំ​មាន​មោទនភាព​នូវ​អ្វីដែល​ខ្ញុំ​មាន​រហូតមក»។

តារា​សម្ដែង​វ័យ 31ឆ្នាំ​រូបនេះ បាន​ប្រាប់​បន្ថែមថា «ខ្ញុំ​បានកើត​នៅក្នុង​ទឹកដី​ប្រទេស​កូរ៉េ តែ​ធំ​ដឹងក្ដី​នៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក។ ប្រទេស​កូរ៉េ គឺជា​ទឹកដី​កំណើត​របស់​ម្ដាយ​ខ្ញុំ ហើយ​ពេល​ត្រឡប់​ទៅ​ថត​ខ្សែភាពយន្ដ​នៅក្នុង​ប្រទេស​កូរ៉េ​វិញ ខ្ញុំ​មាន​អារម្មណ៍​ថា ជា​សំណាងល្អ​មួយ​ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​សេចក្ដីសុខ ដែលមាន​ការទទួល​ស្វាគមន៍​ពី​សំណាក់​អ្នកគាំទ្រ​ជា​ជនជាតិ​កូរ៉េ»៕

Advertisement