ប្រភពព័ត៌មាន៖ Barcelona ចំណាយ​ប្រាក់​ច្រើនជាង 200លាន​អឺរ៉ូ ដើម្បី​ទិញ Neymar

ក្លិប FC Barcelona បាន​ជះ​ទឹកប្រាក់​ច្រើនជាង 200លាន​អឺរ៉ូ (ស្មើនឹង245លាន​ដុល្លារ​អាមេរិក) សម្រាប់ Neymar ក្នុងនោះ​រាប់បញ្ចូល​ទាំង​ប្រាក់ខែ​របស់គេ និង​លក្ខខណ្ឌ​លាក់បាំង​តម្លៃ​ខ្លួន​នៃ​ការផ្ទេរ​មួយ​នេះ​ផងដែរ។ នេះ​បើ​យោងទៅតាម​ការចេញផ្សាយ​របស់​កាសែត El Mundo របស់​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ប្រសិនបើ​ពិត​ដូច​ការលើកឡើង​ខាងលើ​មែន​នោះ វា​នឹងមាន​ចំនួន​ច្រើនជាង​ទឹកប្រាក់57.1លាន​អឺរ៉ូ ដែល​ក្លិប Barcelona បាន​អះអាងថា ខ្លួន​បាន​ចំណាយ​សម្រាប់​ការផ្ទេរ​របស់ Neymar កាលពី​ឆ្នាំ2013 និង​ច្រើនជាង83.3លាន​អឺរ៉ូ ដែល​ត្រូវបាន​ព្យាករ​ដោយ​អាជ្ញាធរ​អេ​ស្ប៉ា​ញ ដែល​នឹង​ស៊ើបអង្កេត​លើ​ភាពមិនប្រក្រតី​ទៅលើ​ការផ្ទេរ​នេះ។

ខ្សែប្រយុទ្ធ​វ័យ25ឆ្នាំ​រូបនេះ និង​ឪពុកម្តាយ​របស់គេ ត្រូវបាន​បញ្ជា​ឲ្យ​រក្សា​ការសម្ងាត់​ចំពោះ​ការផ្ទេរ​នេះ ក៏ដូចជា​លោក Josep Maria Bartomeu ប្រធាន​ក្លិប Barcelona និង​លោក Sandro Rosell អតីត​ប្រធាន​ក្លិប ផងដែរ។

កាសែត El Mundo បាន​ផ្អែកលើ​ព័ត៌មាន​របស់ខ្លួន និង​ឯកសារផ្សេងៗដែល​ត្រូវ​បានប្រគល់​ទៅឱ្យ​រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ ដោយ​ក្រុម​អាជ្ញាធរ​ប្រេ​ស៊ី​ល ដែល​ក៏​កំពុងតែ​ស៊ើបអង្កេត​លើ​តារាបាល់ទាត់​រូបនេះ​ផងដែរ​ចំពោះ​ការរំលោភ​ការបង់ពន្ធ។ ប្រភព​មួយ​នៅឯ​តុលាការ ដែល​បាន​បដិសេធ​ក្នុងការ​បញ្ចេញ​ឈ្មោះ បាន​អះអាងថា រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ ពិតជា​បានទទួល​ឯកសារ​ទាំងនោះ​ប្រាកដ​មែន ប៉ុន្តែ មិនបាន​បញ្ជាក់​ពី​តួលេខ​នៃ​តម្លៃ​ខ្លួន​ឡើយ៕

ប្រភពពី៖ AFP

Advertisement