Man Utd នឹងធ្វើ​ឱ្យ Sanchez ក្លាយជា​កីឡាករ​មាន​ចំណូល​ខ្ពស់បំផុត​ក្នុង Premier League

ក្លិប​បិសាច​ក្រហម Manchester United នឹង​នាំយក​តារា​ឆ្នើម Alexis Sanchez ពី​ក្លិប Arsenal តាមរយៈ​ការធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​រកបាន​ចំណូល​ខ្ពស់​ជាងគេ​បំផុត​របស់​ក្របខ័ណ្ឌ Premier League។ នេះ​បើ​យោងទៅតាម​បណ្តាញសារព័ត៌មាន​ជាច្រើន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី​រូបនេះ នឹង​ទទួលបាន​ចំណូល​ក្នុង​ចន្លោះ​ពី 40ម៉ឺន ទៅ 50ម៉ឺន​ផោន (ស្មើនឹង 55.5ម៉ឺន​ដុល្លារ និង 69ម៉ឺន​ដុល្លារ) ក្នុង​មួយ​សប្តាហ៍​មុនពេល​កាត់​ពន្ធ​តាមរយៈ​ការផ្ទេរ​ទៅកាន់​កីឡដ្ឋាន Old Trafford។ នេះ​បើ​យោងទៅតាម​ការចេញផ្សាយ​របស់​កាសែត The Sun, Daily Telegraph និង​កាសែត​ជាច្រើន​ផ្សេងទៀត។

ការទាមទារ​ប្រាក់បៀវត្ស​រ៍​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ បានធ្វើ​ឲ្យ​ក្លិប Manchester City និង Chelsea បោះបង់​ការ​ប្រជែង​ទិញ ដែល​នាំ​ឲ្យ​ក្លិប Man Utd ក្លាយជា​បេក្ខភាព​តែម្នាក់ឯង។ កាសែត Daily Telegraph បានចេញ​ផ្សាយ​ថា Man United បានផ្តល់​កុងត្រា​រយៈពេល4ឆ្នាំកន្លះ ហើយ​រូបគេ​នឹង​ផ្ទេរ​ក្នុងតម្លៃ​ខ្លួន30លាន​ផោន (ស្មើនឹង41.6លាន​ដុល្លារ​អាមេរិក) ដែលជា​តម្លៃ​ខ្លួន​ទាប​មួយ ដោយសារតែ​រូបគេ​នឹងត្រូវ​ចាកចេញ​ពី Arsenal ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ចុងរដូវ​កាល​នេះ។

ការផ្ទេរ​របស់​អតីត​កីឡាករ​របស់​ក្លិប Barcelona រូបនេះ​ក៏​ទាក់ទិន​នឹង​ទឹកប្រាក់​សម្រាប់​ការចុះ​កុងត្រា​ចំនួន 20លាន​ផោន និង​សេវា​ភ្នាក់ងារ​ចំនួន 10លាន​ផោន​ផងដែរ។ ជាមួយគ្នានេះ លោក Arsene Wenger គ្រូបង្វឹក​របស់ Arsenal បាន​បញ្ជាក់ថា Sanchez នឹងត្រូវ​ចូលរួម​ជាមួយ​Man United ក្នុង​រយៈពេល 24ម៉ោង ឬ 48ម៉ោង​ខាងមុខ​ទៀត៕

ប្រភពពី៖ The Guardian

Advertisement