គន្លឹះ​ទាំង5 ដើម្បី​រក្សា​សុខភាព​នៅក្នុង​រដូវរងា

រដូវរងា គឺជា​អំឡុង​ពេលវេលា​ដែល​យើង​ត្រូវ​មើលថែ​យកចិត្តទុកដាក់​បំផុត ជាពិសេស​ចំពោះ​សុខភាព​តែម្តង សូមកុំ​បណ្ដោយឱ្យ​ពេលវេលា​នៅក្នុង​រយៈពេល​នេះ រំលង​ទៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ អាកាសធាតុ​ផ្លាស់ប្តូរ​ពី​ក្ដៅ​មក​ត្រជាក់ ហើយ ធ្លាក់​ខ្យល់​ខ្លាំង សម្រាប់​អ្នក​ដែល​ចាញ់​រងា គឺ​ពិតជា​ងាយ​នឹង​ឈឺ​ញឹកញាប់។ ដូច្នេះហើយ​ត្រូវ​ងាក​មក​ត្រៀមខ្លួន​មើលថែ​ខ្លួនឯង​ឱ្យមាន​សុខភាព​ល្អ​វិញ។ ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ពាំ​នាំនូវ​គន្លឹះ​ថែទាំ​សុខភាព​នៅក្នុង​រដូវរ​ងា​ទាំង5ចំណុច​ដូចខាងក្រោម​នេះ។

1/ ស្លៀកពាក់​ខោអាវ​ជុំជិត និង​អាវ​រងា

ចៀសវាង​ការ​ស្លៀកពាក់​ខោអាវ​ស្ដើង ខោ​ចខ្លីៗ ដែល​ធ្លាប់តែ​បញ្ចេញ​ស្ទា​យល៍​នៅ​រដូវក្ដៅ​ត្រូវ​ទុក​មួយអន្លើ​សិន។ នៅ​រដូវរងា​នេះ​ត្រូវឱ្យ​ស្លៀកពាក់​បែប​រុំជិតៗ អាវធំ ដៃវែងៗ និង​ខោជើងវែង ហើយ​មាន​សាច់​ក្រណាត់ក្រាស់ៗ នោះ​ទើប​ជាការ​ប្រសើរ។ ចំពោះ​ដៃ​អាច​នឹង​ងាយ​ត្រជាក់​រងា​គ្រប់ពេលវេលា ដូច្នេះ​អ្នក​គួរតែ​ប្រើប្រាស់​ស្រោមដៃ និង​ស្រោមជើង​ដូចគ្នា។ ករណី​ដែល​រងា​ខ្លាំងពេក​អ្នក​អាច​ពាក់មួក​រងា​ឱ្យ​ជិត​ត្រចៀក ឬ​យក​ក្រណាត់ កន្សែង​បង់ក មក​រុំ​បរិវេណ​ក្បាល​ក៏បាន​ដែរ។ ការថែរក្សា​សុខភាព​បែ​បងាយៗនៅក្នុង​អំឡុងពេល​រដូវ​រងា លោកអ្នក​មិនត្រូវ​មើលរំលង​ឡើយ។

2/ ទទួលទាន​អាហារ​ដែលមាន​គុណប្រយោជន៍

វិធីសាស្ត្រ​ការពារ​មិនឱ្យ​ផ្ដាសាយ​ដែល​អ្នក​មិនគួរ​មើលរំលង​នោះ​គឺ​ការបន្ថែម​ថាមពល​ដល់​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ដោយ​ការ​ទទួលទាន​អាហារ​ដែលមាន​សារធាតុចិញ្ចឹម និង​វីតាមីន ដែល​អាចជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​ប្រយុទ្ធប្រឆាំង​ជាមួយ​មេរោគ​នៅក្នុង​រដូវរងា។ ចំពោះ​អាហារ​ដែរ​គួរតែ​ទទួលទាន​ឱ្យបាន​ច្រើន​បំផុត​នោះ​គឺ បន្លែ ផ្លែឈើ​គ្រប់មុខ​ជាជាង​សាច់​ក្រហម ព្រោះ​បន្លែ​ផ្លែឈើ​សម្បូរ​ទៅដោយ​សារធាតុ​វីតាមីន​ជាច្រើន​ប្រភេទ ថែមទាំង​មាន​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ ដែល​ជួយ​ការពារ​រាងកាយ​មិនឱ្យ​ឆ្លង​មេរោគ និង​ងាយ​ឈឺ​ថ្កាត់។

3/ ពិសា​ទឹក​ក្ដៅ ឬ​ភេសជ្ជៈក្ដៅៗ

ដើម្បី​ការពារ​សុខភាព​រាង​កា​យ​របស់​អ្នកជា​ប្រចាំថ្ងៃ នៅក្នុង​រដូវរងា​អ្នក​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ជាពិសេស​គឺ​ទឹក​ក្ដៅ ឬ​ភេសជ្ជៈ​ក្ដៅឧណ្ហៗ ក្នុងការ​បន្ថែម​កម្ដៅ​ដល់​រាងកាយ និង​ស្បែក​របស់​អ្នក ព្រោះថា នៅក្នុង​រដូវរងា​ស្បែក​របស់​អ្នក​ងាយ​នឹង​ស្ងួត ក្រៀមក្រោះ​ដោយសារ​ខ្យល់ ដូច្នេះហើយ​អ្នក​ត្រូវ​បន្ថែម​ជាតិ​ទឹក​ឱ្យ​រាងកាយ ដើម្បី​ឱ្យមាន​សំណើម​ឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ត្រជាក់​ច្រើន​នៅក្នុង​អំឡុង​អាកាសធាតុ​ត្រជាក់​បែបនេះ ក៏​មិនសូវ​ហុច​ផល​ល្អ​ចំពោះ​សុខភាព​មាត់​ធ្មេញ​ប៉ុន្មាន​ដែរ វា​ធ្វើឱ្យ​អ្នក​ងាយ​ឈឺបំពុងក  រលាក​បំពង់ក ហើយនឹង​ងាយ​ផ្ដាសាយ​ផងដែរ។

4/ ហាត់ប្រាណ​ជាប្រចាំ

អ្នក​អាច​ក្រោក​មក​ហាត់ប្រាណ​ដោយ​ការរត់ ឬ​ដើរ​ដើម្បី​ទទួល​ពន្លឺ​រស្មី​នៃ​កម្ដៅ​ព្រះអាទិត្យ ដើម្បី​ជំរុញ​រាងកាយ​ឱ្យ​សាង​ភាពកក់ក្ដៅ​នៅ​ខាងក្នុង។ ប្រសិនជា​មិនមាន​ពេលវេលា​នាពេល​ព្រឹក​ទេនោះ អ្នក​អាច​កម្ដៅ​សាច់ដុំ​នៅពេល​ល្ងាច ដើម្បី​បញ្ចេញ​ញើស និង​ជាតិពុល​ចេញ​ក៏បាន ព្រោះ​ក្រៅពី​រាងកាយ​បាន​កក់ក្ដៅ​ហើយ​នោះ វា​ក៏​អាច​បន្ថយ​ភាព​រងា​ចេញពី​រាងកាយ​អ្នក​បាន​ផងដែរ ព្រមទាំង​មាន​សុខភាព​ល្អ​ថែម​ទៀតផង។

5/ ងូតទឹក​ក្ដៅ

ដោយសារតែ​អាកាសធាតុ​ត្រជាក់​ទើប​រាងកាយ​របស់​អ្នក​ត្រូវមាន​ភាពកក់ក្តៅ​គ្រប់ពេល និង​ចៀស​ឆ្ងាយ​ពី​ជំងឺផ្សេងៗ ដូច្នេះ អ្នក​គួរតែ​ងូតទឹក​ក្តៅ​ជាជាង​ទឹក​ត្រជាក់ ដើម្បី​ជួយ​រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ឱ្យនៅ​សភាព​ដើម និង​ជួយ​កាត់បន្ថយ​ជំងឺ​ផ្តាសាយ​ផងដែរ៕

Advertisement