សិស្ស​ថ្នាក់​ទី12ចាប់ផ្តើម​មានឱកាស​សិ​ក្សា​ផ្នែក​អក្ខរកម្ម​មេ​ឌៀ និង​ព័ត៌មាន

មុខវិជ្ជា​អក្ខរកម្ម​មេ​ឌៀ និង​ព័ត៌មាន (MIL) ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយនឹង​អង្គការ DW Akademie សហការគ្នា​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​សម្រាប់​សិស្ស​ថ្នាក់​ទី12 ដើម្បី​ផ្តល់​ជា​បំ​ណិ​ន​ជីវិត​ដល់​ពួកគេ​ឱ្យបាន​យល់ដឹង​អំពី​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម។ មុខវិជ្ជា​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវបាន​គេ​ដាក់បញ្ចូល​ទៅក្នុង​ម៉ោង​សិក្សា​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​សារ​ទូរគមនាគមន៍ (ICT) ដែល​ក្រសួង​បានដាក់​ចេញរួច​មកហើយ។

យោងតាម​ការបង្ហាញ​នៅលើ​គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ឃើញថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមាន​ប្រជាជន​វ័យក្មេង​ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ភាគច្រើន​នៃ​ប្រជាជន​វ័យក្មេង​ទាំងនេះ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​អី​ុ​ន​ធើ​ណិ​ត។ ការទំនាក់ទំនង គ្នា​តាមរយៈ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កំពុងមាន​ការពេញនិយម ខណៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Facebook បាន​ក្លាយជា​ជម្រើស​យ៉ាងសំខាន់​សម្រាប់​ពួកគេ។ ស្របតាម​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុងការ​ទំនាក់ទំនង​នៅ​កម្ពុជា​យើង​ឃើញថា មាន

បញ្ហា​ជាច្រើន​ដែល​ត្រូវការ​ស្វែងយល់​អំពី​ភាពស្មុគស្មាញ និង​ផលប៉ះពាល់​របស់​វា​មកលើ​យុវជន​កម្ពុជា។ កម្មវិធី​អក្ខរកម្ម​មេ​ឌៀ និង​ព័ត៌មាន (MIL) ផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស​កម្ពុជា​អាច​សិក្សា​ពី​របៀប​ប្រើប្រាស់​មេ​ឌៀ​គ្រប់​ទម្រង់​ដូចជា វិទ្យុ ទូរទស្សន៍ ឯកសារ​បោះពុម្ព ប្រព័ន្ធ​អី​ុ​ន​ធើ​ណិ​ត និង​បច្ចេកវិទ្យា​ឌីជីថលថ្មីៗជាច្រើន​ទៀត។

យោងតាម​ឯកសារ​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់​អង្គការ DW Akedemie បានឱ្យដឹងថា តាមរយៈ​ការសហការ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ DW Akedemie បាន​បង្កើត និង​អភិវឌ្ឍ​សៀវភៅពុម្ព​សម្រាប់​វិស័យ​បច្ចេកវិទ្យា និង​ទំនាក់ទំនង​ព័ត៌មាន (ICT) សម្រាប់​សិស្ស​ថ្នាក់​ទី12 ដែល​ក្នុងនោះ​មាន​សិស្ស​ដែល​កំពុង​សិក្សា​ផ្នែក​នេះ​ចំនួន 94,500នាក់​នៅ​កម្ពុជា។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​សុខ ថា បាន​លើកឡើងថា “ចាប់តាំងពី​សារ​នៃ​មេ​ឌៀ និង​បច្ចេកវិទ្យា​ថ្មី​នៃ​ការទំនាក់ទំនង​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ការរស់នៅ​របស់​យុវជន​កម្ពុជា វា​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ពួកគេ​ក្នុងការ​ជម្នះ​នូវ​ឧបសគ្គ និង​ចាប់យក​ឱកាស​មាន​ប្រយោជន៍​ជាច្រើន​សម្រាប់​ពួកគេ។

លោក សុខ ថា បានលើកឡើង​ផងដែរ​ថា សិស្ស​ត្រូវការ​ការយល់​ដឹង​ពី​ផលប៉ះពាល់​នៃ​អី​ុ​ន​ធើ​ណិ​ត​និង​វិធីសាស្ត្រ​ដើម្បី​ការពារ​ខ្លួន​ចេញពី​ឧក្រិដ្ឋកម្ម​អន​ឡាញ។ លោក​ទទួលស្គាល់​ផងដែរ​ថា សារៈសំខាន់​នៃ​បច្ចេកវិទ្យា​អី​ុ​ន​ធើ​ណិ​ត និង​គេហទំព័រ​ដែល​ផ្តល់​ការអប់រំ​សម្រាប់​សិក្សា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​កត្តា​ទាំងអស់នេះ​នឹង​ក្លាយជា​ចំណុចខ្លាំង​របស់​សង្គម​ខណៈ​សិស្ស​អាច​អភិវឌ្ឍ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន (ICT) និង​មេ​ឌៀ (MIL) ដើម្បី​ប្រើ​វា​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម។

យោងតាម​ទិន្នន័យ​ចុងក្រោយ​បំផុត​របស់​ស្ថាប័ន​ទូរគមនាគមន៍​របស់​រដ្ឋ​បានបង្ហាញ​ឱ្យឃើញថា ជិត​ពាក់កណ្តាល​នៃ​ប្រជាជន​កម្ពុជា​ប្រមាណ 15.9លាន​នាក់​ទទួលបាន​សេវា​អី​ុ​ន​ធើ​ណិ​ត​ប្រើប្រាស់ ខណៈពេលដែល​អ្នកប្រើប្រាស់ Facebook មាន​ចំនួន​ប្រមាណ 3.4លាន​នាក់ (កើនឡើង 1.1លាន​នាក់​កាលពី2ឆ្នាំមុន)។

លោកស្រី Ute Schaeffer ប្រធាន​ផ្នែក​អភិវឌ្ឍន៍​មេ​ឌៀ​នៃ​អង្គការ DW Akademie បាន​លើកឡើងថា ដើម្បី​ដឹង​ពី​ប្រភពព័ត៌មាន​យ៉ាង​សម្បូរបែប​នៅលើ​ពិភពលោក ប្រជាជន​ទាំងអស់​ចាំបាច់​ត្រូវតែមាន​ជំនាញ​ក្នុងការ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា។ ម្យ៉ាងវិញទៀត ប្រជាជន​ក៏ត្រូវ​តែ​ដឹង​ពី​វិធី​និង​កន្លែង​ដែល​អាច​ស្វែងរក​ប្រភពព័ត៌មាន​ដែល​ច្បាស់ការ និង​វិធីសាស្ត្រ​ក្នុងការ​ទំនាក់ទំនង​ដោយ​សុវត្ថិភាព និង​ដោយ​សេរី​ផងដែរ។ លោកស្រី Ute Shaeffer បាន​និយាយថា៖ “ពួកគេ​ត្រូវតែ​ជា​អក្ខរជន​ផ្នែក​មេ​ឌៀ”៕

Advertisement