កញ្ញា ផៃ ច័ន្ទ​រ៉ានូ ជោគជ័យ​លើ​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ

គ្រាន់តែ​បាត់​មុខ​ពី​វិស័យ​សិល្បៈ​ក្នុង​ចង្កោម​តារា​បង្ហាញ​ម៉ូដ​ដ៏​ស្រស់ស្អាត​មួយរយៈ​តូច​តែប៉ុណ្ណោះ  ពេលនេះ កញ្ញា ផៃ ច័ន្ទ​រ៉ានូ បានបង្ហាញ​មុខ​យ៉ាង​រីករាយ​ជាមួយនឹង​ការទទួលបាន​ជំនាញ​ផ្នែក​រដ្ឋបាល​សាធារណៈ​ថ្នាក់អនុបណ្ឌិត​យ៉ាង​ពេញមុខ​នៅ​សាកលវិទ្យាល័យ CUS ខណៈដែល​បច្ចុប្បន្ន​ក៏​កំពុងតែ​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​ក្របខណ្ឌ​មួយរូប​នៅក្នុង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ផងដែរ​នោះ។ យ៉ាងណាក៏ដោយ បើទោះបីជា​ពេលនេះ​កញ្ញា​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ក៏ដោយ ប៉ុន្តែ​ចំពោះ​ការងារ​ជា​អ្នកសិល្បៈ​នេះ​គឺ​នៅតែ​ព្យាយាម​ថែរក្សា​ដដែល រហូត​អស់​ពេល​ចូលប្រឡូក​ទើប​សម្រេចចិត្ត​សាជាថ្មី។

ជាទូទៅ សម្រាប់​វត្តមាន​របស់​កញ្ញា ផៃ ច័ន្ទ​រ៉ានូ​មិនសូវ​បានបង្ហាញ​មុខមាត់​ជា​សាធារណៈ​ឱ្យ​ទូលាយ និង​ញឹកញាប់​ដូច​បណ្តា​អ្នកសិល្បៈ​ដទៃទៀត​នោះទេ ដ្បិតអី​កញ្ញា​មិនមាន​ចំណូលចិត្ត​ទៅលើ​ការសម្ដែង និង​ចម្រៀង​នោះទេ ម្យ៉ាង​ក៏​មិនមាន​ការពេញចិត្ត​ពី​សំណាក់​សមាជិកគ្រួសារ​ជាពិសេស​ឪពុកម្តាយ​តែម្ដង។ ប៉ុន្តែ​បើ​ចំពោះ​ការដើរ​បង្ហាញ​ម៉ូដ​វិញ រ៉ានូ ពិតជា​ឧស្សាហ៍​ឡើង​បង្ហាញ​សមត្ថភាព និង​រូប​សម្រស់​នៅលើ​ឆាកធំៗទាំង​កម្មវិធី​ថ្នាក់ជាតិ ក៏ដូចជា​អន្តរជាតិ ដែល​ចេញទៅ​បង្ហាញ​ម៉ូដ​ជា​ក្រុម ដើម្បី​ជាការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​របស់​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​នានា​តាមរយៈ​ការគាំទ្រ និង​ជំរុញ​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ ដូចជា ក្រសួងទេសចរណ៍ និង​ក្រសួងពាណិជ្ជកម្ម​ជាដើម។

ស្រី​ស្រស់ ច័ន្ទ​រ៉ានូ បាន​បង្ហើប​ថា តាម​ការពិតទៅ​សមាជិក​ក្នុង​គ្រួសារ ក៏ដូចជា​សែស្រឡាយ​ក្នុង​វង្ស​ត្រកូល​ទាំងអស់​មិនមាន​អ្នកណាម្នាក់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការងារ​ជា​អ្នកសិល្បៈ​នោះទេ ហើយ​សម្រាប់​សមាជិក​ក្នុងផ្ទះ​ក៏​មិនសូវមាន​អ្នកមាន​ចំណូលចិត្ត​ផ្នែក​ខាង​ហ្នឹង​ដែរ ពោលគឺ​មានតែ​កញ្ញា​ម្នាក់​ប៉ុណ្ណោះ ដែល​ស្នេហា​វិស័យនេះ។ កញ្ញា​បាន​បញ្ជាក់ថា “ដំបូង​ឡើង​នៅពេលដែល​អ្នកផ្ទះ​បាន​ឮថា​ខ្ញុំ​ចង់​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ គឺ​គ្មាន​អ្នកគាំទ្រ​នោះទេ ប៉ុន្តែក្រោយៗមក​ខ្ញុំ​ចេះតែ​ព្យាយាម​ជម្នះ​រហូត​ពួកគាត់​ទន់​ចិត្ត​ព្រម​តាម​សំណើរ​របស់ខ្ញុំ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​មិន​ព្រមឱ្យ​ខ្ញុំ​ចូលប្រឡូក​ឱ្យ​កប់​ជ្រៅ​ខ្លាំង​នោះដែរ ពោលគឺ​អនុញ្ញាត​ត្រឹមតែ​ជា​អ្នក​បង្ហាញ​ម៉ូដ​នៅ​ក្រុម Cambodia Super Model ដែលមាន​អ្នកនាង ឌួង ហ្សូ​រី​ដា ជា​ប្រធាន​ក្រុម។

ជាការ​ពិតណាស់ រហូតមកដល់​ពេលនេះ កញ្ញា ផៃ ច័ន្ទ​រ៉ានូ ទើបតែ​មាន​អាយុ​ត្រឹម26ឆ្នាំ​តែប៉ុណ្ណោះ ហើយ​ក្រៅពី​មាន​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ​ដ៏​ស្រស់ស្អាត និង​វ័យក្មេង​នោះ កញ្ញា​ក៏​ជា​មន្ត្រីរាជការ​មួយរូប​ផងដែរ ខណៈដែល​សមាជិក​ក្នុង​គ្រួសារ ដែល​រួមមាន​បងប្អូន3នាក់ រួមជាមួយ​ឪពុកម្តាយ សុទ្ធតែជា​អ្នកបម្រើ​ការងារ​ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ទាំងអស់។ សម្រាប់​គោលបំណង​ទៅ​ថ្ងៃ​អនាគត ក្រៅពី​ចង់​បម្រើ​ការងារ​នៅក្នុងនាម​ជា​មន្ត្រីរាជការ​ដែលមាន​ស្នាដៃ ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នោះ កញ្ញា​ក៏​ចង់​មានមុខ​ជំនួញ​ផ្ទាល់ខ្លួន​ដែលមាន​ទំហំ​មធ្យម​មួយ ដើម្បី​ជា​ចំណូល​បន្ទាប់បន្សំ​សម្រាប់​ផ្គត់ផ្គង់​កម្រិតជីវភាព​ឱ្យ​ល្អប្រសើរ​នៅក្នុង​សង្គម​ផងដែរ៕

Advertisement