តើ​អ្វី​ជា​ឧបសគ្គ​នៃ​ការនាំ ចេញ​ផលិតផល​កម្ពុជា?

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា ឧបសគ្គ​សំខាន់​នៃ​ការនាំ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ទៅកាន់​ទីផ្សារ បណ្តាលមកពី​មធ្យោបាយ​ដឹកជញ្ជូន​ថ្លៃ​ខ្ពស់​ពេក ដោយសារ​ការចំណាយ​លើ​ការលើកដាក់​ច្រើនដង​មុន​ទៅដល់​ប្រទេស​គោលដៅ។

 

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និង​នេសាទ បាន​លើកឡើងថា កម្ពុជា​ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​ដែល​រហ័ស ព្រមទាំង​មានតម្លៃ​សមរម្យ ឆ្លើយតប​ទៅនឹង​ការចង់បាន​របស់​អ្នក​នាំចេញ និង ប្រទេស​ដែល​ត្រូវការ​ទំនិញ។ ឯកឧត្តម រដ្ឋមន្ត្រី​បាន​អះអាង​ដែរ​ថា មូលហេតុ​សំខាន់បំផុត​មួយទៀត​ក្នុងការ​នាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​បរទេស ដោយសារ​កម្ពុជា​គ្មាន​កំពង់ផែ​ទឹក​ជ្រៅ ដែល​អាច​ឲ្យ​កប៉ាល់ធំៗចូល​ចត និង​ដឹកទំនិញ​ចេញ។ ដោយសារ​ឧបសគ្គ​ចំពោះមុខ​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ក៏បាន​ប្រាប់​ពី​មូលហេតុ​ចម្បង​នេះ​ទៅកាន់ នាយករដ្ឋមន្ត្រី ដើម្បី​រក​ដំណោះស្រាយ។

ឯកឧត្តម វេ​ង សាខុន បញ្ជាក់ថា “យើង​ត្រូវ​រុញ​ល្បឿន​នៃ​ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​ឲ្យ​បាន​លឿន​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន ព្រោះ​បណ្តា​វិនិយោគិន​បាន​រាងចាល ដោយសារ​ការនាំចេញ

ព្រោះ​គេ​ត្រូវ​ផ្ទេរ​នៅ​ប្រទេស​សិង្ហ​បុរី ព្រោះ​វា​ចាំបាច់​ណាស់​រឿង​កំពង់ផែ​ទឹក​ជ្រៅ​នេះ ដោយ​ត្រូវតែ​ធ្វើ​ឲ្យ​បាន។ វិស័យ​ឯកជន​ធ្លាប់បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុងការ​នាំចេញ​ផលិត​ទៅកាន់​ទីផ្សារ​បរ​ទេស។

ឧកញ៉ា កែវ មុំ នាយិកា​ក្រុមហ៊ុន​នំ​ស្រួយ​លី​លី​ដែល​បាន​នាំ​ផលិតផល​របស់ខ្លួន​ទៅកាន់​ប្រទេស​ជាង10 សម្រាប់​សាកល្បង​ទីផ្សារ ធ្លាប់បាន​បញ្ជាក់ថា ដោយសារ​ឧបសគ្គ​នៃ​ការដឹកជញ្ជូន​នេះ ខ្លួន​បាន​សុខចិត្ត​បោះបង់​ទីផ្សារ​ខ្លះ​នៅក្នុង​តំបន់ ដូចជា​ទីផ្សារ​ប្រទេស​មី​យ៉ាន់​ម៉ា ជាដើម។ ឧកញ៉ា កែវ មុំ បញ្ជាក់ថា៖ “ខ្ញុំ​សង្កេតឃើញថា​ការដឹកជញ្ជូន​នេះ​ស្មុគស្មាញ ដោយ​ខ្ញុំ​នាំ​ផលិតផល​នំ​ស្រួយ​លី​លី​ទៅកាន់​មី​យ៉ាន់​ម៉ា យើង​ត្រូវ​ផ្ទេរ​ទំនិញ​នៅ​សិង្ហ​បុរី ព្រោះតែ​យើង​គ្មាន​ការដឹកជញ្ជូន​ត្រង់​រវាង​ប្រទេស​ទាំងពីរ។ វា​មិន​ត្រឹមតែ​ចំណាយ​ខ្ពស់​ប៉ុណ្ណោះ​ទេ​សូម្បី​ពេលវេលា​នៃ​ការដឹកជញ្ជូន​ក៏​ប្រើពេល​យូរ​ដែរ​រហូតដល់1ខែ​អី​ឯណោះ រីឯ​ចិន​ដឹក​ទៅ​មី​យ៉ាន់​ម៉ា ប្រើពេល​តែមួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​ដល់​ទៅហើយ។

កម្ពុជា​ទំនងជា​ត្រូវ​រង់ចាំ​រហូតដល់4ឬ5ឆ្នាំ​ទៀត គឹ​រហូតដល់​ឆ្នាំ2022 ដើម្បី​មាន​កំពង់ផែ​ទឹក​ជ្រៅ​សម្រាប់​បញ្ជូន​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន ដោយ​មិន​ពឹង​ផ្អែកលើ​ការផ្ទេរ​ទំនិញ​នៅ​ប្រទេសណាមួយ​ដែលមាន​កំពង់ផែ​ទឹក​ជ្រៅ និង​មាន​កប៉ាល់​ដឹកជញ្ជូន​ខ្នាត​ធំ​ចូល​ចត​ផ្ទុកទំនិញ​បាន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​កាលពី​ខែឧសភា ឆ្នាំ2016កន្លងមក​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹងមាន​កំពង់ផែ​ទឹក​ជ្រៅ នៅ​ឆ្នាំ 2022 ខាងមុខ ហើយ​គ្រោង​ចំណាយ​សរុប​ប្រមាណ 200លាន​ដុល្លារ​អាមេរិក ដោយ​រដ្ឋាភិបាល​ខ្ចីប្រាក់​ពី​អង្គការ JICA ជប៉ុន​ជាង170លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បដិភាគ​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ជាង22លាន​ដុល្លារ​អាមេរិក។

តាម​ការសិក្សា​ក្នុងពេល​កន្លងមក កំពង់ផែ​ដែល​គ្រោង​សាងសង់​នោះ មាន​ប្រវែង 250ម៉ែត្រ និង​មាន​ជម្រៅ​ទឹក 14.5ម៉ែត្រ ព្រម​ទាំ​បំពាក់​ដោយ​គ្រឿងចក្រទំនើបៗ ដើម្បី​បម្រើ​ដល់​សកម្មភាព​លើកដាក់​ទំនិញ​ប្រកបដោយ​ប្រសិទ្ធភាព និង ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ការដឹកជញ្ជូន៕

Advertisement