10 រូបមន្ត​ចងចិត្ត​ស្វាមី ពី​ភរិយា​មហាសេដ្ឋី ជែក ម៉ា ជូន​ចំពោះ​ស្ត្រី​ទូទាំង​ពិភពលោក

0

តើ​មិត្ត​អ្នកអាន​ជឿ​ឬទេ​ថា នៅ​ពីក្រោយ​ភាពជោគជ័យ​ដ៏​ធំធេង​របស់ Jack Ma (ជែក ម៉ា) មហាសេដ្ឋី​លំដាប់​លេខ1របស់​ចិន និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​លក់ទំនិញ​តាម​អន​ឡាញ​យក្ស Alibaba មាន​ភរិយា​ដ៏​ស្រស់ស្អាត “ចាង យី​ង” ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ជួយ​គាំទ្រ​ផ្នែក​កម្លាំងចិត្ត និង​នៅក្បែរ​រូបគាត់​ក្នុង​គ្រប់​ស្ថានការណ៍ ធ្វើឱ្យ​គាត់​ទទួលបាន​ភាពជោគជ័យ​ក្នុង​អាជីព និង​ក្លាយ​ជាទី​ទទួលស្គាល់​របស់​មនុស្ស​ទូទាំង​ពិភពលោក​ដូច​សព្វថ្ងៃនេះ។

ទាំង​គូ​ជា​មិត្តភក្តិ​សម័យ​រៀន​មហាវិទ្យាល័យ​ជាមួយគ្នា ហើយ​រៀបការ​នឹង​គ្នា​ភ្លាម​តែម្ដង​នៅពេល​បញ្ចប់​ការសិក្សា ដោយ ចាង យី​ង បាន​បង្ហើប​ឱ្យដឹងថា “ជែក ម៉ា មិនមែនជា​មនុស្សរូប​សង្ហា​សោះឡើយ ហើយ​ថែមទាំង​ដូចជា​រាង​អាក្រក់​បន្តិច​ទៀតផង តែ​រឿង​ដែល​ខ្ញុំ​ពេញចិត្ត​ចំពោះ​ខ្លួន​គាត់​នោះ​គឺ គាត់​អាចធ្វើ​អ្វី​បានជា​ច្រើន​ខណៈដែល​បុរស​រូប​សង្ហា​ទាំងឡាយ​មិន​ចាប់អារម្មណ៍​នឹងធ្វើ។ ខ្ញុំ​មិនបាន​សម្រេចចិត្ត​ខុស​ឡើយ ធុរកិច្ច​អា​លី​បា​បា​របស់គាត់​ក្លាយជា​វត្ថុ​ដ៏​មហស្ចារ្យ​ក្នុង​ពិភព​ធុរកិច្ច​អន​ឡាញ អ្នកណាៗក៏​ហៅ​គាត់​ថា “មហា​មនុស្ស​នៃ​ការបង្កើត​មុខជំនួញ” ដែរ ដែល​វា​បាន​សាង​នូវ​មោទនភាព​ចំពោះ​ខ្ញុំ​ខ្លាំងណាស់។

ខាងក្រោម​នេះ​គឺ 10ចំណុច​ដាស់តឿន​ចិត្ត​របស់​ឧ​ត្ត​ម​ភរិយា​របស់ ជែក ម៉ា ដែល​ត្រូវការ​ប្រាប់​ដល់​ស្ត្រី​ទូទាំង​ពិភពលោក​ដូចខាងក្រោម​នេះ៖

1/ ក្រោយពេល​រៀបការ អ្នកនឹង​ប្ដូរ​ឋានៈ​ទៅជា​ឧត្ដម​ភរិយា និង​ជា​ម្ដាយ​របស់​កូន។ ចូរ​កុំ​គិតតែ​ពី​ចិត្ត​ខ្លួនឯង​ដូច​កាលពី​សម័យមុន​រៀបការ មើលថែទាំ​ស្វាមី ថែទាំ​កូន ជួយ​ជា​កម្លាំង​គាំទ្រ​ដល់​ស្វាមី។

2/ បើ​ស្រឡាញ់​ស្វាមី ត្រូវ​ស្រឡាញ់​ឪពុកម្ដាយ​របស់​ស្វាមី​ជាមុន ព្រោះ​បើ​គ្មាន​ឪពុកម្ដាយ​គាត់ ក៏​គ្មាន​រូបគាត់​មកឱ្យ​យើង​ស្រឡាញ់​ដែរ ហើយ​កុំ​យក​ទស្សន​គតិ ឬ​ទង្វើ​របស់​ឪពុកម្ដាយ​របស់​ស្វាមី​ដែល​ធ្វើ​ចំពោះ​យើង​ទៅ​ប្រៀបធៀប​ជាមួយនឹង​អ្វីដែល​យើង​បានទទួល​ពី​ឪពុកម្ដាយ​បង្កើត​របស់​យើង​ជាដាច់ខាត។

3/ រួម​កាយ រួមចិត្ត កុំ​សួរដេញដោល​គ្រប់​រឿង​គ្រប់​រ៉ាវ រឿង​ខ្លះ​ជាគោលការណ៍ ឬ​ជា​វិធី​ការ​ផ្ទាល់ខ្លួន​ក្នុង​ការធ្វើការងារ​រប​ស់គា​ត់ ដែល​មិនចាំបាច់​ត្រូវ​អធិប្បាយ​ឱ្យ​យើង​ដឹង​គ្រប់​រឿង​នោះទេ។ នៅចាំ​ផ្ដល់​កម្លាំងចិត្ត និង​នៅចាំ​ជួយផ្ដល់​ការជួយ​យកអាសា ក៏​គ្រប់គ្រាន់​ហើយ។

4/ ស្វាមី​ដែល​ត្រូវបាន​ត្រួតត្រា ចុះចាញ់​អ្នក​តែ​មាត់ តែ​ស្វាមី​ដែល​ត្រូវបាន​ស្រឡាញ់ ចុះចាញ់​អ្នក​ដោយ​ដួងចិត្ត។ ស្រឡាញ់​គេ​ទៅ កុំ​គិតតែ​ពី​ចង់​គ្រប់គ្រង​គេ​ឱ្យ​ជាប់​អី។ រឹតតែ​នៅ​ចំពោះមុខ​ក្រុម​មិត្តភក្តិស្រីៗដូចគ្នា​ផង​នោះ ភរិយា​ដែល​ល្អ​នឹងមិន​និយាយដើម​ប្ដី​ឱ្យ​អ្នកដទៃ​ស្ដាប់​ជាដាច់ខាត។

5/ កុំ​គិត​ចង់​ផ្លាស់ប្ដូរ​គាត់ តែ​អាច​សាង​កម្លាំង​ជំរុញ​ចិត្ត​ដល់​គាត់ ព្រោះ​ជាទូទៅបុរសៗច្រើនតែ​ខ្ជិល មិនសូវ​ជា​ស្រឡាញ់​ភាព​ស្អាតបាត​ប៉ុន្មាន​ទេ។ ការងារ​តូចតាច​នៅ​ក្នុងផ្ទះ​មិនចាំបាច់​បង្ខំ​តឿន​ឱ្យ​គាត់​ធ្វើ​ទេ ទុកឱ្យ​គាត់​ប្រើ​សមត្ថភាព​ក្នុង​រឿង​ធ្វើ​ការរកស៊ី​ឱ្យបាន​ពេញទំហឹង​វិញ​ប្រសើរ​ជាង។

6/ ពេល​ស្វាមី​ត្រឡប់មកផ្ទះ ភរិយា​គួរ​នៅផ្ទះ។ ស្វាមី​ត្រឡប់មកផ្ទះ​ប្រហែលជា​ចង់ឃើញ​មុខ​ភរិយា ចង់​ឮ​សំឡេង​ភរិយា​ចង់​ជជែក​គ្នា​ដោយ​ក្ដី​យល់ចិត្ត​យល់​ថ្លើម តែ​មិនមែន​បានឮ​តែ​សំឡេង​រអ៊ូរទាំ​របស់​ភរិយា​នោះទេ។

7/ កុំ​យកក្ដី​សង្ស័យ​របស់​ខ្លួនឯង​ធ្វើជា​ចំណុច​សម្រេច​លើ​រឿង​អ្វីមួយ។ កុំ​គិតតែ​ម្នាក់ឯង រួច​អុ​ឺ​អើ​តែម្នាក់ឯង​ជាដាច់ខាត កុំ​យកក្ដី​សង្ស័យ​មក​គិត​ធ្វើជា​រឿង​ពិត​ឱ្យសោះ ព្រោះវា​នឹង​ក្លាយជា​រឿង​ប៉ះពាល់​ដែល​មិនល្អ​ដល់​ស្វាមី ហើយ​រូប​អ្នកនឹង​ក្លាយជា​ភរិយា​ដែល​គ្មាន​ភាពជឿជាក់​លើ​ខ្លួនឯង។

8/ កុំ​ធ្វើខ្លួន​ជា​សត្វ​កាំប្រមា។ បើ​ធ្វើខ្លួន​ជា​សត្វ​កាំប្រមា​ដែល​ចាំតែ​ចាក់​ដោត​ស្វាមី​គ្មាន​ស្វាមី​ណា​ចង់​នៅ​ជិត​អ្នក​ទេ ប្រៀប​ដូច​ភ្លើង និង​ចំបើង​ស្ងួត នៅ​ជាមួយគ្នា​មិន​បានទេ។

9/ កុំ​ព្យាយាម​ប្រកែក​តវ៉ា​នឹង​ស្វាមី​ខ្លួនឯង និង​ហាម​ជេរប្រមាថ​ស្វាមី​ជាដាច់ខាត រឹតតែ​ប្រកែក​តវ៉ា​ស្វាមី​ច្រើន​ប៉ុនណា ក៏​រឹតតែ​សាង​នូវ​ក្ដី​មិន​ពេញចិត្ត​ឱ្យ​ខ្លួនឯង​កាន់តែច្រើន​ប៉ុន​នោះដែរ ហើយ​ការជេរប្រមាថ​ស្វាមី មិន​ថា​ត្រូវ ឬ​ខុស​ក៏ដោយ នឹងមាន​ផល​អាក្រក់​ជះ​ត្រឡប់​ទៅរក​ខ្លួន​អ្នក​វិញ​យ៉ាង​ប្រាកដ។

10/ សេចក្ដីស្រឡាញ់​ប្រៀបដូចជា​គ្រាប់​ខ្សាច់ ចាប់​កាន់​បាន តែ​ចងភ្ជាប់​មិនបាន។ កុំ​គិតតែ​ព័ទ្ធចាប់​ស្វាមី ព្រោះ​ព័ទ្ធចាប់​អាច​បានតែ​ខ្លួន​គាត់ ដូច្នេះ​ស៊ូ​បាន​ដួងចិត្ត​គាត់​មក​គ្រប់គ្រង​វិញ​នឹង​ប្រាកដច្បាស់​ជាង។ បង្រៀន​កូន​នៅមុខ​អ្នកដទៃ​បានតែ​ពេលស្ងាត់ៗចូរ​ប្រឹក្សា​ជាមួយ​ស្វាមី។ ហាម​បំបាក់មុខ​ស្វាមី​នៅ​ចំពោះមុខ​អ្នកដទៃ​ជាដាច់ខាត។

បុរស​ដែលជា​អ្នកធ្វើ​ការរកស៊ី​នៅក្នុង​សង្គម​រឿង​ដែល​សំខាន់បំផុត​នោះ​គឺ មុខមាត់ និង​កិត្តិយស​របស់គាត់  ហើយ​បុរស​គ្រប់រូប​ក៏​ហួងហែង និង​ថែរក្សា​រឿង​ទាំងអស់នេះ​ខ្លាំងណាស់។ ភរិយាដែល​ចេះ​រៀបចំ​ដាក់ខ្លួន​បានល្អ ជីវិត​នឹងមាន​សេចក្ដីសុខ តែ​ភរិយា​ដែល​មានតែ​ក្ដី​មិន​ពេញចិត្ត​រក​សេចក្ដី​ស្ងប់​សុខ​ក្នុង​ជីវិត​មិនបាន​ឡើយ៕

ចែករំលែក