ពុល​អាហារ៖ មូលហេតុ អាការ និង​វិធី​ព្យាបាល

ពុល​អាហារ ឬ​ទទួលទាន​អាហារ​មាន​ជាតិពុល​ចូលទៅក្នុង​ខ្លួន មានន័យ​អំពី ការ​រាករូស (បន្ទោបង់​ចេញមក​ជា​ទឹក) ដោយសារតែ​បណ្ដាលមកពី​ការបរិភោគ​អាហារ ឬ​ទទួលទានទឹក​ដែលមាន​លាយឡំ​សារធាតុពុល ដែល​អាចជា​សារធាតុពុល​កើតចេញពី​មេរោគ​ដែលមាន​ច្រើន​ប្រភេទ និង​សារ​ធាតុគីមី ឬ​រុក្ខ​ជាតិពុល ឬ​សត្វ​មាន​ជាតិពុល និង​ច្រើនតែ​សង្កេតឃើញថា ក្នុង​ក្រុម​អ្នក​ដែល​បរិភោគ​ជាមួយគ្នា នឹងមាន​អាការ​ពុលដំណាលៗគ្នាច្រើន​នាក់ និង​អាចមាន​អាការ​ខ្លាំង​ខ្សោយ​ខុសប្លែក​ពីគ្នា​អាស្រ័យ​លើ​បុគ្គល និង​បរិមាណ​ដែល​បាន​ទទួលទាន​ចូលទៅ។

មូលហេតុ​របស់​អាការ​ពុល​អាហារ

អាការ​ពុល​អាហារ​ភាគច្រើន​តែងតែ​បណ្ដាលមកពី​ការបរិភោគ​អាហារ ឬ​ទទួលទាន​ទឹក​ដែល​លាយឡំ​ដោយ​មេរោគ​បាក់តេរី ឬ​មេរោគ​វីរុស​ក្រៅពីនេះ​នៅ​អាច​ប្រទះឃើញ​មាន​ខ្លះ​ដែរ​គឺមាន​លាយឡំ​ដោយ​ពួក​សត្វ​ប៉ារ៉ាស៊ីត ដូចជា អា​មី​បា (Amoeba) ជាដើម ចំណែក​ការបរិភោគ​អាហារ​ដែលមាន​លាយឡំ​ដោយ​សារធាតុពុល​ផ្សេងទៀត​ដែល​មិនមែនជា​មេរោគ​ដែលប្រទះឃើញ​ញឹកញាប់​នោះ​គឺ ពុល​សារ​ធាតុគីមី (ដូចជា ថ្នាំ​សម្លាប់​សត្វល្អិត សារធាតុ​សំណ និង​សារធាតុ​បា​រ៉​ត​ជាដើម) រុក្ខ​ជាតិពុល ដូចជា ផ្សិត​មើម​ក្ដួច និង​សត្វ​ដែលមាន​ជាតិពុល ដូចជា គីង្គក់​ត្រី​កំពត និង​អាហារ​សមុទ្រ​ជាដើម។

អាការ​របស់​ការពុល​អាហារ

មេរោគ​ជាច្រើន​ប្រភេទ​អាច​បញ្ចេញ​ជាតិពុល (Toxin) ចេញមក​លាយឡំ​នៅក្នុង​អាហារផ្សេងៗ ហើយ​នៅពេល​មនុស្ស​បរិភោគ​អាហារ​ដែល​ប្រឡាក់ប្រឡូស​ដោយ​សារធាតុពុល​ទាំងនោះ​ចូល​ទៅនឹង​ធ្វើឱ្យ​កើត​អាការស្រដៀងៗគ្នា​គឺ ចុកពោះ​រមួល​ជាដំណាក់ៗ ក្អួត (ច្រើន​តែមាន​កម្ទេច​អាហារ​ចេញមក​ជាមួយ) និង​រាក​ញឹកញាប់។ អ្នកខ្លះ​អាចមាន​គ្រុនក្ដៅ​ខ្លួន និង​អស់កម្លាំង​ខ្លាំង​រួមជាមួយ​ផង។ អាការ​ទាំងអស់នេះ​អាច​ខ្លាំង ឬ​ខ្សោយ​អាស្រ័យ​លើ​ភាព​តិច ឬ​ច្រើន​របស់​ជាតិពុល​ដែល​ទទួលទាន​ចូលទៅ។ ជាទូទៅ​បើសិនជា​តិចតួច មិន​ធ្ងន់ធ្ងរ អាការ​ទាំងនោះ​នឹង​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល 24-48ម៉ោង។ ចំណែក​អ្នក​ដែល​ធ្ងន់ធ្ងរ អាច​នឹងមាន​អាការ​ក្អួត និង​រាករូស​ខ្លាំងក្លា​រហូតដល់​រាងកាយ​ខ្វះ​ជាតិ​ទឹក និង​សារធាតុ​រ៉ែ​យ៉ាងធ្ងន់ធ្ងរ​បាន។

វិធី​ព្យាបាល​អាការ​ពុល​អាហារ

ការព្យាបាល និង​ការមើល​ថែទាំ​ខ្លួនឯង​ជាបឋម អ្នកជំងឺ​ពុល​អាហារ​គួរ​ប្រតិបត្តិ​តាម​ការណែនាំ​ដូចខាងក្រោម​នេះ៖

  1. បើ​មាន​អាការ​ចុកពោះ​ខ្លាំងក្លា រាករូស​ធ្ងន់ធ្ងរ (បន្ទោបង់​ចេញមក​សុទ្ធតែ​ទឹកម្ដងៗច្រើន)ក្អួត​ខ្លាំង (រហូតដល់​ថ្នាក់​ទទួលទាន​ទឹក ទទួលទាន​ទឹកអំបិល​រ៉ែ ឬ​ទឹក​បបរ​លែងកើត) នៅពេលក្រោក​អង្គុយ​ហើយ​មាន​អាការ​វិលមុខ និង​មាន​សភាវ​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ (បបូរមាត់​ស្ងួត បំពង់ក​ស្ងួត ភ្នែក​រូង បត់ជើងតូច​ចេញមក​តិច និង​ជីព​ចរលោត​ញាប់) ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជំងឺទៅ​មន្ទីរពេទ្យ​ជាបន្ទាន់។
  2. បើ​មិនមាន​អាការ​ធ្ងន់ធ្ងរ​ដូចខាងលើ​ទេ ចូរ​ឱ្យ​អ្នកជំងឺ​ពុល​អាហារ​ទទួលទាន​ទឹកអំបិល​រ៉ែ ឬ​ទឹកស្អាត​ឱ្យបាន​ញឹកញាប់ ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ទៅដោយ​សារ​ការ​ក្អួត និង​រាក និង​ទទួលទាន​រហូត​ទាល់តែ​ទឹកមូត្រ​ចេញមក​ថ្លា ឬ​អាការ​រាករូស​បាន​ធូរស្រាល​ឡើងវិញ។
  3. ហាម​លេបថ្នាំ​ដើម្បី​បញ្ឈប់​ការ​រាករូស ព្រោះ​មិនមាន​ប្រយោជន៍​ក្នុងការ​ព្យាបាល​នោះទេ ហើយ​បើ​ប្រើប្រាស់​ខុស​វិធី​ផង​នោះ អាច​បង្ក​ឱ្យ​កើត​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​បាន។
  4. បើ​មាន​គ្រុនក្ដៅ​ខ្លួន ចូរ​ឱ្យ​លេបថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដើម្បី​បញ្ចុះ​កម្ដៅ៕
Advertisement