ម៉ៃ​យ៉ា កាន់តែ​ល្បី កាន់​មមាញឹក កាន់​តែមាន​បុរស​ចោម​ស្រឡាញ់

ជា​តារា​សម្តែង​ស្រី និង​ជា​ពិធី​ការិនី​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍ CNC ដែល​ទើប​តែមាន​វ័យ20ឆ្នាំ កញ្ញា ម៉ែ​យ៉ា ត្រូវបាន​ទស្សនិកជន​ទូទៅ​ទទួលស្គាល់ថា តារា​ស្រី​វ័យក្មេង​មាន​រូបឆោម​ល្អ សាច់​សខ្ចី មាន​ទម្រង់​មុខ​ស្អាត​ជា​កូនកាត់​ខ្មែរ-អាល្លឺម៉ង់​នោះ កំពុងតែ​កាក់កប​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ ទាំង​ការងារ​ផ្នែក​ថត​ស្ប៉ត ការងារ​សម្ដែង ក៏ដូចជា​មានកម្ម​វិធី​កាន់កាប់​នៅក្នុង​ដៃ​ច្រើន​គួរសម បើ​ប្រៀបធៀប​ជាមួយ​តារា​រួម​ជំនាន់​ជាមួយគ្នា​នោះ។ ជាមួយគ្នានេះ ម៉ៃ​យ៉ា ក៏មាន​ការលេចឮ​ផងដែរ​ថា នាង​កំពុង​តែមាន​បុរស​ជាច្រើន​កំពុងតែ​លង់​ស្នេហ៍​លើ​រូបនាង។

ភ្ជាប់​ទៅនឹង​ការលើកឡើង​ខាងលើ​ដែល​និយាយថា ពេលនេះ ម៉ៃ​យ៉ាង មាន​បុរស​ជាច្រើន​កំពុង​ចោម​ស្នេហ៍​ដែល​ក្នុងនោះ​ក៏មាន​អ្នក​សម្បូរ​ធនធាន និង​ជា​អ្នកជំនួញ​ធំ​គួរសម​ផងដែរ​នោះ កញ្ញា ម៉ៃ​យ៉ា ហាក់ដូចជា​បាន​ឆ្លើយ​បែប​មិនមាន​ភាពជឿជាក់​លើ​ខ្លួនឯង និង​មាន​ភាព​អៀនប្រៀន​ផងដែរ​ថា “ខ្ញុំ​មិនទាន់​ច្បាស់​ពី​រឿងនេះ​នៅឡើយ​ទេ។ និយាយ​ទៅ​នាង​ខ្ញុំ​មិនទាន់​ចង់​គិតគូរ​អី​ទេ ព្រោះថា​នៅ​ពុំទាន់​ត្រូវចិត្ត​ឡើយ​ចង់​ផ្តោត​សំខាន់​លើ​ការងារ​សិល្បៈ​បន្ត​ឱ្យ​បានយូរ​ក្រែល​បន្តិច​សិន​ចាំ​គិត​ក៏​មិនទាន់​ហួសពេល​ដែរ​បង!។

យ៉ាងណាក៏ដោយ​តារា​ស្រី​កូនកាត់ ដែលមាន​ឪពុក​ជា​ជនជាតិ​អាល្លឺម៉ង់ ម្តាយ​ជា​ជនជាតិខ្មែរ​រូបនេះ​បាន​ទទួលស្គាល់ថា ហាក់​មាន​រាសី​ឡើង​ខ្លាំង​ខុសពី​ឆ្នាំមុន ពោលគឺ​មួយរយៈ​ចុងក្រោយ​នេះ កញ្ញា​មានឱកាស​ចាប់យក​ឱកាស​ថតកុន​ទាំង​រឿង​ដុំ និង​រឿង​ភាគច្រើន​គួរសម សឹងតែ​គ្មាន​ពេលទំនេរ​ទេ ហើយ​ក្នុងនោះ​គឺ​ទទួលបាន​តំណែង​ជា​តួឯក​ស្រី​រហូត ដូចជា​រឿង “ហង្ស​បាក់​ស្លាប” ឱ្យ​ទូរទស្សន៍ប៉ុស្តិ៍​លេខ5 ស្របពេល​នេះ​នាង​ក៏បាន​តំណែង​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍ CNC នៃ​កម្មវិធី​កំពូល​តន្ត្រី​ប៉ូ​ការី​ស្វេត​ផងដែរ។ ក្រៅពីនេះ​នាង​ច្រើន​លេចមុខ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ស្ទើរតែ​គ្រប់ផ្នែក ជាពិសេស រឿង​ភាគ​ចុងក្រោយ​ដែល​ជិត​ចាក់​បញ្ចាំង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​នៅ​ប៉ុស្តិ៍​លេខ5 គឺ​រឿង “កូនក្រមុំ​ថៅកែ​ត្បូង​ពេជ្រ។ ជាមួយគ្នានេះ តារា​ស្រី​កូនកាត់​សាសន៍​អាស៊ី​អឺរ៉ុប កញ្ញា ម៉ៃ​យ៉ា ក៏បាន​បង្ហើប​ឱ្យដឹងពី​ភាព​មមាញឹក​ក្នុង​ការថត​ខ្សែភាពយន្ត​ផងដែរ បើ​ទោះ​នាង​ជាតា​រា​ស្រី​រលក​ក្រោយ​រះ​លើ​វិថី​សិល្បៈ​បាន​តិច​ក៏ពិតមែន ប៉ុន្តែ​នាង​ស្ទើរតែ​គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់​ផង។

គួរកត់សម្គាល់​ផងដែរ​ថា កញ្ញា ម៉ៃ​យ៉ា ដែលមាន​ឈ្មោះ​ពិត​ប្រាកដថា ខា​ហ្គឺ​ម៉ៃ​យ៉ា សូ​រ៉ៃ​យ៉ាម៉ា​ថា ទើបតែ​បាន​ចូលប្រឡូក​នៅក្នុង​វិស័យ​សម្ដែង​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​នាង​ត្រូវបាន​សាយភាយ​ល្បី​រន្ទឺ និង​សុះសាយ​ខ្លាំង បន្ទាប់ពី​បានបង្ហាញ​រូបរាង​នៅក្នុង​ស្ប៉ត​ផ្សព្វផ្សាយ​ទឹក​ផ្លែឈើ​ជំនួយ​សម្រស់ ដែលមាន​តារា​ប្រុស លោក ខាត់ វៃ​ហាំង ជា​ដៃគូ​សម្ដែង។ បន្ទាប់

ពី​នោះ នៅមាន​ខ្សែភាពយន្ត​មួយចំនួនទៀត​ដូចជា រឿង “អម្ពិលផ្អែម” របស់​ស្ថានីយទូរទស្សន៍ PNN និង​រឿង​ភាគ​មួយទៀត គឺ​រឿង “ភូមិ​ខ្ញុំ​ក្រមុំ​ឆ្នាស” ថត​ឱ្យ​ខាង​ផលិតកម្ម​ទូរទស្សន៍​បាយ័ន និង​រឿង​ដុំ​មួយចំនួនទៀត​ដែល​បាន​ចាក់​បញ្ចាំង​តាម​រោងកុន​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពីពេល​កន្លង​ទៅនោះ៕

Advertisement