អ៊ុន អា​លីហ្សា នៅ​មិនទាន់​ច្បាស់​ពី​គម្រោង​រៀបការ

កញ្ញា អ៊ុន អា​លីហ្សា ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​មួយ​ដួង​ដែលមាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ល្បី​គួរសម ជាពិសេស​នៅក្នុង​អំឡុង​ឆ្នាំ2010 ដែល​ស្ទើរតែ​គ្រប់​កម្មវិធី​បង្ហាញ​ម៉ូដសម្លៀកបំពាក់ ឬ​កម្មវិធី​បង្ហាញ និង​ផ្សព្វផ្សាយ​ផលិតផល​នានា​គឺ​តែងមាន​វត្តមាន​របស់​នាង​ជានិច្ច។ បន្ថែម​ពីនេះ អា​លីហ្សា ក៏​ធ្លាប់បាន​ធ្វើជា​អ្នកតំណាង​កម្ពុជា​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ជា​ញឹកញាប់​នៅលើ​វេទិការ​បង្ហាញ​ម៉ូដ​អន្តរជាតិ​ផងដែរ។

ដោយឡែក និយាយ​ពី​រឿងរ៉ាវ​នៃ​ជីវិត​ឯកជន​វិញ អ៊ុន អា​លីហ្សា ក៏​ស្ថិតនៅក្នុង​ការតាមដាន​ពី​សំណាក់​មហាជន​មិន​ចាញ់​តារា​ស្រីល្បីៗឯទៀត​នេះដែរ ពិសេស​គឺ​ជីវិត​ស្នេហា​ក្រៅ​ឆាក​របស់​នាងតែម្ដង ខណៈដែល​គេ​ដឹងថា​បុរស​ជា​គូ​កំណាន់ចិត្ត​របស់​នាង​គឺជា​អ្នកជំនួញ​ធំ​ម្នាក់ និង​មានឈ្មោះ​គួរសម​នៅក្នុង​សង្គម​ផងដែរ។ បើទោះជា​យ៉ាងណាក៏ដោយ អ៊ុន អា​លីហ្សា នៅតែ​បង្ហាញ​ពី​ការព្យាយាម​លាក់បាំង​មុខមាត់ និង​អត្តសញ្ញាណ​គូស្នេហ៍​ដដែល ជាក់ស្ដែង សូម្បីតែ​នៅក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត​របស់ខ្លួន ក៏​នាង​មិន​អនុញ្ញាតឱ្យ​បណ្ដា​មិត្ត​ក្នុង​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​បានឃើញ​មុខ​បុរស​ម្នាក់​នោះ​ច្បាស់​នោះដែរ ពោលគឺ​នាង​បាន​យក​ស្ទីក​គ័​រ​បិតមុខ​ប្រុស​ស្នេហ៍​តែម្ដង។

ជាមួយនឹង​ដំណើររឿង​ខាងលើនេះ មាន​សំណួរ​ជាច្រើន​បានកើត​ឡើង ក៏ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​ចម្ងល់​ដែល​បាន​សួរ​តាមរយៈ​បណ្តាញ Facebook នៅលើ​គណនី​របស់​នាង​ថា តើ​ហេតុអ្វីចាំបាច់​បិតបាំង​មុខ​ប្រុស​ស្នេហ៍​ដូច្នេះ? តើ​នាង​ខ្លាច​អ្វី​ឱ្យ​ប្រាកដ? ខ្លាច​ប៉ះពាល់​កិត្តិយស​របស់​ប្រុស​ស្នេហ៍ ឬ​ខ្លាច​ប្រពន្ធដើម​ប្រុស​ស្នេហ៍​ដឹង? ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ត្រូវបាន​តារា​រូបនេះ​បង្ហើប​ប្រាប់ថា មូលហេតុ​ុ​ដែល​នាង​ព្យាយាម​បិទបាំង និង​មិន​បង្ហាញ​ពី​អត្តសញ្ញាណ​ប្រុស​ស្នេហ៍ ក៏​ព្រោះតែ​នាង​នៅ​មិនទាន់​ច្បាស់​ពី​គម្រោង​អនាគត​ជាមួយ​បុរស​ម្នាក់នេះ​នៅឡើយ។

អា​លីហ្សា បាន​ប្រាប់​អ្នកព័ត៌មាន​កាលពីពេល​កន្លងទៅ​យ៉ាង​ដូច្នេះ​ថា “មិនមាន​អី​ជា​អាថ៌កំបាំង​អី​នោះទេ ហើយក៏​មិន​បារម្ភ​ខ្លាច​អ្នកណា​នោះដែរ គ្រាន់តែ​ពេលនេះ​ទំនាក់ទំនង​របស់​ពួកយើង​នៅ​មិនទាន់មាន​ការកំណត់​ច្បាស់លាស់100% អំពី​ពេលវេលា​រៀបការ​នៅឡើយ។ ម្យ៉ាងទៀត​ខ្ញុំ​គិតថា ចាំ​ដល់​ថ្ងៃ​មង្គល​ចាំ​បង្ហាញ​ពី​អត្តសញ្ញាណ​គាត់​ក៏​មិនទាន់​ហួសពេល​នោះដែរ”៕

Advertisement