បញ្ហាសំខាន់​ដែល​បុរស​ចង់បាន​ចម្លើយ និង​មូល​ហេតុដែល​ទម្ងន់​មិន​ព្រម​ស្រក ទោះ​ព្យាយាម​ហាត់ប្រាណ​ក៏ដោយ

បញ្ហា​គឺអាច​ស្ថិតនៅលើ​ខ្លួន​យើង​ក៏មានដែរ សូម​កុំទៅ​សម្លឹង​អ្វីដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ខ្លួន​យើង​ឡើយ។ បញ្ហា​សុខភាព និង​ការហាត់​ប្រាណ​ទាំងអស់នេះ​គឺជា​បញ្ហាសំខាន់​ណាស់ ដែល​បុរស​ចង់បាន​ចម្លើយ​ថា តើ​មូល​ហេតុអ្វី​គីឡូ​មិន​ព្រម​ស្រក​ទាល់តែសោះ ទាំង​ដែល​ខ្លួន​កំពុងតែ​ព្យាយាម​ហាត់ប្រាណ​យ៉ាង​នឿយហត់​ក៏ដោយ។ សម្រាប់​បុរស​ទាំងឡាយ​ដែល​កំពុងតែ​ហាត់ប្រាណ​លើក​សាច់ដុំ​និង​ព្យាយាម​ចង់បាន​សាច់ដុំកង់ៗ តើ​លោកអ្នក​មានបាន​កត់សម្គាល់​ចំណុច​ប្លែក​នៃ​រាងកាយ​របស់ខ្លួន​ដែល​អាច​នឹង​ធ្លាប់​ជួប​បញ្ហា​ទាំងនេះ​ខ្លះ​ដែរឬទេ? យ៉ាងណាមិញ​បញ្ហា​មិនមាន​ច្រើនពេក​នោះទេ។

បញ្ហា​នៃ​ការហាត់​ប្រាណ​ដែល​បាន​អនុវត្ត​ជាប្រចាំ ជួនកាល​ខ្លួន​អ្នក​ចង់​ព្យាយាម​ឱ្យ​ទម្ងន់​ស្រក​បានភ្លាមៗតាម​ក្ដី​ស្រមៃ​ពេក​ក៏​ជា​បញ្ហា​ដែល​ងាយ​នាំឱ្យ​ទម្ងន់​មិន​ស្រក​ដូចគ្នា​ផងដែរ។ ថ្ងៃនេះទស្សនា​វ​ដ្តី ឡា​រ៉ែ​ន មាន​ចម្លើយ​អំពី​បញ្ហា​មួយ​នេះ​ដែល​បាន​នាំយកមក​ប្រាប់​ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប។ ហេតុផល​ដែល​ធ្វើឱ្យ​ទម្ងន់​មិន​ស្រក​នោះ ពោលគឺ​នៅ​មិន​ឆ្ងាយ​ពី​ខ្លួន​អ្នក​ឡើយ។ គ្រប់យ៉ាង​រមែង​អាច​កើតចេញ​ខ្លួន​អ្នក​ក៏​ថា​បាន នៅពេលដែល​បាន​មើលរំលង​ពី​ចំណុចតូចៗរបស់​វា។ តើ​សុភាពបុរស​ទាំងឡាយ​ធ្លាប់បាន​សង្កេត​ពី​មូល​ហេតុដែល​បង្កដោយ​ខ្លួនឯង​ដែរឬទេ?

ដូច្នេះ​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​អាច​ប្រាប់​អ្នក​បាន​អំពី​មូលហេតុ​នៃ​ការ​សម្គាល់​ពី​ខ្លួនឯង​តាមបែបងាយ៖

1/ ក្រោយពី​ការហាត់​ប្រា​ណហើយ ទៅ​ទទួលទាន​អាហារ​ឆ្ងាញ់ច្រើនៗ

នេះហើយ!!… គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ស៊ើបអង្កេត​ស្វែងរក​ចម្លើយ​ជា​បន្ដទៀត​ទេ។ បញ្ហា​ដែល​ធ្វើឱ្យ​ទម្ងន់​អ្នក​មិន​ព្រម​ស្រក​ទាល់តែសោះ​នោះ​គឺ​ខណៈដែល​អ្នក​ទៅ​ទទួលទាន​អាហារឆ្ងាញ់ៗ ដើម្បី​បំពេញ​កម្លាំង​បន្ថែម​ឡើងវិញ​ក្នុងការ​បំបាត់​ភាព​នឿយហត់​ក្រោយ​ហាត់ប្រាណ​នេះឯង។ ក៏​ព្រោះថា​ការដែល​ទទួលទាន​អាហារឆ្ងាញ់ៗដែលមាន​ប្រូ​តេ​អី​ុ​ន និង​កាឡូរី​ច្រើន​គឺច្បាស់​ទទួលបាន​រង្វាន់​ធំ​ពី​ការឡើង​គីឡូ​យ៉ាង​លឿន​ជាក់​ជាមិនខាន​ឡើយ។ យើង​សូមបញ្ជាក់​ដោយ​ត្រង់​ទៅ​ចុះ​ថា អាហារ​ដែល​អ្នក​គួរ​ទទួលទាន ដើម្បី​បំបាត់​ភាព​នឿយហត់​ក្រោយពី​ហាត់ប្រាណ​រួច ព្រមទាំង​មិន​ធ្វើឱ្យ​ឡើង​ទម្ងន់​នោះ​គឺ ទឹកដោះគោ យ៉ា​អួរ ផ្លែឈើ​ស្រស់ ជាពិសេស​គឺ​ផ្លែ​ប៉ោម​ខៀវ។

2/ បញ្ហា​នៃ​អារម្មណ៍​តប់ប្រមល់​ខ្លាំងពេក

ភាព​តានតឹង និង​អារម្មណ៍​តប់ប្រមល់ វា​មិន​ត្រឹមតែ​ជា​បញ្ហា​ដែល​បាន​ហុច​ផល​ដល់​សុខភាព និង​សុខភាព​ផ្លូវចិត្ត​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​វា​ក៏​នៅ​ហុច​ផល​អាក្រក់​ដល់​រាងកាយរបស់​អ្នក​ថែម​ទៀតផង។ ព្រោះថា​នៅពេលណា​ដែល​រាងកាយ​របស់​អ្នក​ស្ថិតក្នុង​សភាព​អួល​អាប់​មាន​អារម្មណ៍​តានតឹង​តប់ប្រមល់​ខ្លាំងពេក​នោះ​រាងកាយ​របស់​អ្នកនឹង​បញ្ចេញ​អ័រម៉ូន Cortisolចេញមក​ច្រើនពេក ទើបបានជា​អ័រម៉ូន​នោះ​ទៅ​ជំរុញ​ភាព​ស្រែក​ឃ្លាន​អាហារ​ដល់​រាងកាយ​អ្នក​កាន់តែខ្លាំង​ឡើង។ ដូច្នេះហើយ​ទើប​អ្នក​ត្រូវ​បង្ខំ​ទទួលទាន​អាហារ​ជាច្រើន​ក្រោយពេល​ធ្វើការ​ហាត់ប្រាណ​រួច។

3/ ការ​សម្រាក​មិន​គ្រប់គ្រាន់

ការ​គេង​តិចតួច គេង​យប់​ជ្រៅ និង​ការ​សម្រាក​មិន​គ្រប់គ្រាន់​ជាដើម​នោះ គឺ​បណ្ដាលឱ្យ​បាក់កម្លាំង និង​រាងកាយ​មាន​សភាព​ល្វើយ​នឿយហត់ ជាមួយ​អារម្មណ៍​តានតឹង​មកពី​គេង​មិន​លក់​នេះ។ ចំពោះ​ការ​គេង​យប់​ជ្រៅ​អាចធ្វើឱ្យ​រាងកាយ​របស់​អ្នក​ដុត​កម្តៅ​បាន​យឺត​បំផុត ហើយ​ប្រព័ន្ធ​ដុត​កម្ដៅ Metabolism មិន​អាចធ្វើ​ប្រតិបត្តិការ​បាន​យ៉ាង​គ្រប់គ្រាន់​ឡើយ​ទើប​បណ្ដាលឱ្យ​កើត​អាការ​ឈឺក្បាល​ដោយសារ​ចុះ​ជាតិ​ស្ករ៕

Advertisement