គ្រឿងសម្អាងក្លែងក្លាយចំនួន 68តោនត្រូវបានរឹបអូសជាលើកដំបូងនៅកម្ពុជា!

មិនគួរឱ្យជឿ! គ្រឿងសម្អាងជាឡេលាបស្បែក ថ្នាំលាបសក់ និងសាប៊ូកក់សក់ចំនួន 68តោន ត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ចាប់បានជាបន្តបន្ទាប់ក្រោយពីផលិត និងចរាចរដាក់លក់ព្រោងព្រាតនៅលើទីផ្សារកម្ពុជា។

ឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី08 ខែឧសភា ឆ្នាំ2017បន្ទាប់ពីចាប់បានគ្រឿងសម្អាងក្លែងក្លាយនិងផលិតផលខុសច្បាប់ មានទម្ងន់សរុបប្រមាណជាង68តោន គិតជាទឹកប្រាក់ស្មើនឹងរាប់លានដុល្លារឯណោះ ដែលនេះជាប្រវត្តិសាស្រ្តនៅកម្ពុជាហើយ។

ឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី08 ខែឧសភានេះថា គ្រឿងសម្អាងក្លែងក្លាយទាំងនេះ ត្រូវចាប់បានជាបន្តបន្ទាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្នុងទឹកដីក្រុងតាខ្មៅ ខេត្តកណ្តាល ដែលផលិតផលក្លែងក្លាយទាំងនោះភាគច្រើនជាថ្នាំលាបសក់ សាប៊ូកក់សក់ និងឡេលាបស្បែក ហើយបើសិនជាប្រជាពលរដ្ឋយកទៅប្រើប្រាស់ ទោះបីជាពេលដែលលាបទៅមិនជ្រាបចូលក្នុងស្បែកក៏ដោយ ប៉ុន្តែអាចមានផលប៉ះពាល់ច្រើនដល់សុខភាពដូចជា ធ្វើឲ្យរលាកស្បែក កើតមហារីកស្បែក និងអាចធ្វើកើតជាជំងឺកមរមាស់ ឬជួនកាលធ្វើឱ្យប្រតិកម្មស្បែកព្យាបាលមិនជា និងគ្រោះថ្នាក់ដល់ជីវិតក៏មាន។

មុននឹងសម្រេចទិញផលិតផលគ្រឿងសម្អាងយកមកប្រើប្រាស់ អតិថិជនគួរត្រូវមានការប្រុងប្រយ័ត្ននឹងពិនិត្យមើលឱ្យបានច្បាស់ ទី1. សង្កេតមើលរូបរាងទំហំទម្ងន់ និងពណ៌របស់ផលិតផលដែលមានលក្ខណៈខុសពីស្តង់ដារ 2.ការវេចខ្ចប់មិនស្អាត ដោយប្រើប្រាស់វត្ថុធាតុដើម គ្មានគុណភាព និងមានគុណភាពទាប 3. ការបោះពុម្ពនៅលើស្លាកសញ្ញាមិនច្បាស់ រួមទាំងការពិពណ៌នាមិនត្រឹមត្រូវ និងការសរសេរខុស 4.ការពិពណ៌នាអំពីផលិតផលត្រូវបានបំផ្លើសការពិត ដោយពុំមានរៀបរាប់អំពីធាតុផ្សំ និងមិនមានបញ្ជាក់អាជ្ញាប័ណ្ណ អនុញ្ញាតពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច 5. មិនមានការបញ្ជាក់ពីការនាំចូល ឬការផលិត 6.ពុំមានអាសយដ្ឋានរបស់រោងចក្រច្បាស់លាស់ និង7.តម្លៃមានលក្ខណៈថោកខុសពីធម្មតា៕

Advertisement