បច្ចេកវិទ្យាថ្មី ដាំបន្លែលើទឹកទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ

កសិករខ្មែរតែងទម្លាប់ដាំដំណាំនៅលើដី ហើយពេលខ្លះត្រូវប្រើជីគីមី ទើបទទួលបានផលល្អសម្រាប់លក់នៅលើទីផ្សារ ប៉ុន្តែស្របពេលដែលបច្ចេកវិទ្យាមានការរីកចម្រើន កសិករសម័យថ្មី បានសាកល្បងដាំបន្លែនៅលើទឹកវិញម្តង ហើយទទួលបានផលល្អប្រសើរ និងមានការគាំទ្រខ្លាំងនៅលើទីផ្សារទៀតផង។


លោក ម៉ាន់ សុផល កសិករសម័យថ្មីដែលបានរៀបចំបច្ចេកវិទ្យាដាំបន្លែលើទឹក ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅមានប្រសាសន៍ថា ការដាំបន្លែលើទឹកពិតជាទទួលបានការគាំទ្រច្រើននៅលើទីផ្សារមែន និងមិនហ៊ានទទួលការបញ្ជាទិញ ពីម៉ូយកុម្ម៉ង់ទិញមួយចំនួនទៀតផងព្រោះខ្លាចផ្គត់ផ្គង់មិនគ្រប់គ្រាន់។

លោកប្រាប់ពីមូលហេតុដែលនាំឱ្យមានការគាំទ្រដូច្នេះថា « បន្លែលើទឹកនេះ យើងមិនប្រើថ្នាំគីមីដើម្បីសម្លាប់សត្វល្អិត មិនចាំបាច់ដាក់ជីគីមីដូចបន្លែលើដីផ្ទាល់ ដែលនាំឱ្យប៉ះពាល់សុខភាពទាំងអ្នកដាំ និងអ្នកទទួលទានឡើយ មិនតែប៉ុណ្ណោះវាបានជួយសម្អាតបរិស្ថាន ជុំវិញកន្លែងរស់នៅរបស់យើងទៀតផង ដោយសារបន្លែលើទឹកមិនមានសត្វល្អិតឬដង្កូវមកយាយីដូចបន្លែលើដីនោះទេ»។

ឈរបង្ហាញបន្លែបណ្តើរនិយាយបណ្តើរ លោក សុផល បន្តថា សម្រាប់វិធីដាំបន្លែតាមរបៀបបច្ចេកវិទ្យាថ្មីនេះ ពិតជាចំណេញទាំងកម្លាំងទាំងពេលវេលា មិនចាំបាច់ត្រូវការដីធំទូលាយមិនចាំបាច់ត្រូវការធ្វើដី មិនបាច់ហត់នឿយបោចស្មៅ និងប្រើរយៈពេលខ្លីទៀតផង «ប្រសិនបើបន្លែសាលាដដែលជាពូជមកពីបរទេសវិញនោះ គឺប្រើរយៈពេលចាប់តាំងពីបណ្តុះ រហូតដល់ពេលប្រមូលផលតែពី 40ទៅ45ថ្ងៃ តែបើពូជបន្លែក្នុងស្រុក មានដូចជាស្ពៃគ្រប់ប្រភេទ និងខាត់ណាវិញនោះ ប្រើពេលវេលាចន្លោះពី 20ទៅ25ថ្ងៃប៉ុណ្ណោះអាចប្រមូលផលបានហើយ»។

ចំពោះការបណ្តុះកូន គេត្រូវយកគ្រាប់ពូជមកបណ្តុះជាមួយអេប៉ុងរយៈពេល 2យប់2ថ្ងៃ ឬក៏3យប់3ថ្ងៃ ទើបយកវាដាក់ឱ្យត្រូវពន្លឺថ្ងៃ តែបើថ្ងៃក្តៅខ្លាំងត្រូវយកចូលម្លប់វិញ រយៈពេលមួយសប្តាហ៍ទើបយកទៅដាក់ដាំ ក្នុងប្រព័ន្ធទុយោដែលយើងបានរៀបចំទុកជាស្រេច។ ដែលក្នុងប្រព័ន្ធទុយោនោះ យើងបានដាក់បញ្ជូលទឹកដែលមានដាក់លាយជីប្រភេទAB ហើយធ្វើឱ្យប្រពន្ធទឹកក្នុងទុយោរត់វិលចុះឡើងជានិច្ច ដើម្បីកុំឱ្យពេលថ្ងៃក្តៅខ្លាំង ទឹកនឹងឡើងកម្តៅដែលធ្វើឱ្យបន្លែលូតលាស់យឺត។

លោកបានបន្តថា ប្រសិនបើយើងដាំបន្លែតាមរបៀបបុរាណវិញនោះ ក្នុងផ្ទៃដីមួយហិកតាយ៉ាងហោចណាស់ ក៏ត្រូវការអ្នកស្រោចទឹកមើលថែពី 4ទៅ 5នាក់ដែរ តែបើដាំតាមបែបសម័យបច្ចេកវិទ្យាលើផ្ទៃទឹកនេះវិញ មិនចាំបាច់ប្រើកម្លាំងមនុស្សច្រើនដូច្នោះទេ តែម្នាក់ឯងគឺគ្រប់គ្រាន់ណាស់ទៅហើយ។ ហើយបន្លែដែលដាំនៅលើទឹកនេះ ធានាបាននូវគុណភាពល្អគ្មានការឆ្លងរោគពីដី គ្មានសត្វល្អិតបំផ្លាញ គ្មានដង្កូវស៊ី មិនបាច់ប្រើថ្នាំគីមី មានសុខភាពល្អទាំងអ្នកដាំទាំងអ្នកបរិភោគ កាត់បន្ថយសារធាតុគីមីពុល ដែលកើតចេញពីការប្រើថ្នាំសម្លាប់សត្វល្អិត ជួយឱ្យបរិស្ថានល្អប្រកបដោយភាពស្រស់ស្រាយ ហើយអ្វីដែលជាចំណុចល្អមួយទៀតនោះ មិនបាច់ចំណាយប្រាក់ទៅទិញជីដើម្បីកែប្រែដី មិនបាច់ទិញថ្នាំមកបាញ់លើបន្លែដើម្បីសម្លាប់សត្វល្អិតនោះទេ ហើយដាំបានរហូតមិនរើសរដូវកាល ដូចដាំតាមវិធីចាស់នៅលើដីនោះឡើយ។

លោក ម៉ាន់ សុផល បានធ្វើការប្រៀបធៀបផងដែរថា សព្វថ្ងៃនេះដោយសារលោកមានដីតូចចង្អៀត ដាំនៅតែក្នុងបរិវេណផ្ទះវីឡារបស់លោកបានតែ 4ថ្នាលប៉ុណ្ណោះ ដែលរោងថ្នាលមួយត្រូវសង់ជា2ជាន់ ហើយដាំតែបន្លែប្រភេទសាលាដដែលជាពូជដែលជនបរទេសចូលចិត្ត ដើម្បីផ្គត់ផ្គង់ដល់ភោជនីយដ្ឋានតែប៉ុណ្ណោះ ដែលក្នុងរយៈពេលមួយខែ អាចទទួលបានទិន្នផលគិតជាមធ្យម ជាង100គីឡូក្រាម និងមួយគីឡូក្រាមក្នុងតម្លៃ 3 ដុល្លារ។

ក្នុងការដាំបន្លែលើទឹកនេះ កសិករត្រូវចំណាយដើមទុនច្រើនបន្តិចសម្រាប់ទិញទុយោធ្វើថ្នាល និងទិញសំណាញ់ ឬដែកធ្វើរោង ប៉ុន្តែកសិករចំណាយតែម្តងប្រើបានច្រើនឆ្នាំ ហើយក្នុងរោងបន្លែមួយភ្ជាប់ទាំងឧបករណ៍រួចជាស្រេច ដែលមានទំហំទទឹង1,2ម៉ែត្រ និងបណ្តោយ4ម៉ែត្រមានតម្លៃជាង500ដុល្លារ ដែលដាំមួយសាអាចទទួលបានផលន្លោះពី 15ទៅ 20គីឡូក្រាម ហើយអាចប្រើប្រាស់បានរហូតដល់ទៅ 5 ឬ 10ឆ្នាំឯណោះ ហើយបើធ្វើការគណនាទៅនោះគឺមិនថ្លៃទេ។ ម្ចាស់កសិដ្ឋានដដែលបានប្រាប់ឱ្យដឹងទៀតដែរថា សព្វថ្ងៃនេះបណ្តាអង្គការនានាមានការចាប់អារម្មណ៍ខ្លាំងណាស់ ក្នុងនោះប្រជាពលរដ្ឋ ក៏បានមកកុម៉្មង់ទិញថ្នាលបន្លែនេះច្រើនដែរ ពិសេសទិញជាលក្ខណៈគ្រួសារ ព្រោះតែគេមិនចង់បានបន្លែដែលទិញពីផ្សារដែលពោរពេញទៅដោយសារធាតុគីមីប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយអតិថិជនមួយចំនួន និយាយថាការទទួលទានបន្លែលើទឹក ពិតជាមិនមានសារធាតុគីមីប៉ះពាល់សុខភាពក៏ពិតមែន ប៉ុន្តែវាហាក់មិនសូវមានរសជាតិឆ្ងាញ់ដូចបន្លែសរីរាង្គ(គ្មានជាតិគីមី)ដែលគេដាំលើដីផ្ទាល់នោះទេ តែយ៉ាងណាក៏ដោយ ក៏វាប្រសើរជាងការទិញបន្លែតាមទីផ្សារដែលនាំចូលពីប្រទេសជិតខាងនោះដែរ៕

Advertisement