10 ហេតុផល​ដែល​ធ្វើឱ្យ Richard Branson ទទួលបាន​ជោគជ័យ

មាន​ព័ត៌មាន​ថា មហាសេដ្ឋី​អ្នក​ធុរកិច្ច​លុយរាប់​ពាន់​លាន​ដុល្លារ​ជនជាតិ​អង់គ្លេស ស៊ើ​រ៍ រិ​ឆាដ ប្រ៊េ​ន​សុន (Richard Branson) បាន​ចែករំលែក​គន្លឹះល្អៗក្នុង​ការធ្វើការងារ ​ការរស់នៅ​ក្នុង​ជីវិត​បែប​គ្មាន​ដែន​កំណត់ និងផ្សេងៗទៀត​ជាច្រើន។ អ្នក​ដែល​មិន​ធ្លាប់​ស្គាល់ ប្រ៊េ​ន​សុន អាច​នឹងមាន​អារម្មណ៍​ថាធម្មតាៗគ្មានអ្វី​ប្លែក​សោះ តែបើ​អ្នកណា​ធ្លាប់បាន​អាន​ប្រវត្តិ​របស់គាត់​មកខ្លះៗហើយ​នោះ នឹង​ចង់ទៅ​អង្គុយ​ស្តាប់​មិន​ខាន ព្រោះថា បុរស​ម្នាក់នេះ​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​លំដាប់​ពិភពលោក​ម្នាក់។ ពី​ក្មេង​ដែល​រៀន​មិន​ចប់​មធ្យមសិក្សា ចាប់ផ្តើម​ធ្វើ​ជំនួញ​ពេល​អាយុ 15 ឆ្នាំ មកដល់ពេលនេះ​គាត់​ក្លាយជា​បរមគ្រូ​ផ្នែក​ខាង​ការពង្រីក​ធុរកិច្ច​ជំនួញ ជា​ម្ចាស់​អាណាចក្រ “Vergin Group” ជាង 400 ក្រុមហ៊ុន​សរុប​ទឹកប្រាក់​ជិត 6ពាន់​លាន​ដុល្លារ មិន​ថា​ចាប់ មិន​ថា​ចង់​ធ្វើ​អ្វី​ក៏ដោយ ក៏​មើលទៅ​ហាក់ដូចជា​ទទួលបាន​ជោគជ័យ​ស្ទើរតែ​ទាំងអស់។

តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ ប្រ៊េ​ន​សុន ទទួលបាន​ជោគជ័យ​បាន​ដល់​ថ្នាក់​ហ្នឹង?
សប្បាយ​ជាមួយនឹង​អ្វីដែល​ខ្លួន​កំពុង​ធ្វើ៖ ប្រ៊េ​ន​សុន តែងតែ​ប្រាប់​ជានិច្ច​ថា អ្នក​នឹងមិន​ទទួលបាន​ជោគជ័យ​ទេ បើសិន​ធ្វើ​អ្វីមួយ​ហើយ មិនមាន​អារម្មណ៍​សប្បាយ​ទៅជា​មួយ​វា​នោះ ដូចជា​រូបគាត់​ខ្លួនឯង ពេលធ្វើ​ប្រូ​ជេ​ក​អ្វី​ម្យ៉ាង លុះធ្វើៗទៅហើយ​ចាប់ផ្តើម​លែង​សប្បាយ គាត់​នឹង​ឈប់​ភ្លាម ហើយ​រក​អ្វី​ផ្សេង​មក​ធ្វើ​ជំនួស​វិញ។

សាមញ្ញ មាន​ភាពជា​គ្នាឯង ងាយស្រួល​ជួប៖ ប្រ៊េ​ន​សុន​មិនមែនជា​មនុស្ស​ប្រភេទ​អង្គុយ​បញ្ជា​នៅ​នឹង​តុ​នោះទេ គាត់​តែងតែ​ចេញទៅ​សាកសួរ​សុខទុក្ខ​អតិថិជន និង​បុគ្គលិក​ក្នុង​បណ្តាញ​ដើម្បី​ស្តាប់​ពី​គំនិត​យោបល់។ ទស្សនៈ​របស់គាត់​គឺ “គ្រប់គ្រង​ក្រុមហ៊ុន​ធំ​ក្នុង​ស្ទីល​ក្រុមហ៊ុន​តូច” ចូលដល់​មនុស្ស​គ្រប់រូប យកចិត្តទុកដាក់ និង​មាន​មិត្តភាព ធ្វើឱ្យ​បុគ្គលិក​មាន​អារម្មណ៍​ដឹង​ពី​ភាពជិតស្និទ្ធ។

ជា​អ្នកដឹកនាំ​ដ៏​សែន​វិសេស៖ ចំណុច​នេះ​បន្ត​មកពី​ចំណុច​ទី 2 ខាងលើ។ ប្រ៊េ​ន​សុន​យកចិត្តទុកដាក់​គ្រប់​សេចក្តីលម្អិត​ក្នុងការ​ដំណើរការ​កិច្ចការងារ គាត់​រៀន​យល់ដឹង​គ្រប់​ដំណាក់កាល និង​តែងតែ​ប្រឡូក​ជាមួយ​បុគ្គលិក​ដើម្បី​ទទួល​ស្តាប់​នូវ​អ្វីផ្សេងៗ ព្រោះ​បើ​មិន​ធ្វើ​បែប​នោះទេ គាត់​នឹង​គ្មាន​ផ្លូវ​ប៉ាន់ប្រមាណ​ដឹងថា តើ​នឹងមាន​អ្វិ​កើតឡើង​ចំពោះ​ក្រុមហ៊ុន​បានឡើយ។

សាង​ភាពខុសប្លែក៖ ប្រ៊េ​ន​សុន​និយាយថា ការ​នឹង​អាចឈរជើង​បាន​ក្នុង​ពិភព​ធុរកិច្ច​ជំនួញ​មានន័យថា យើង​ត្រូវតែមាន​អ្វីដែល​លេចធ្លោ មិន​ដូច​អ្នកដទៃ។ លើក​ឧទាហរណ៍ ក្រុមហ៊ុន​អាកាសចរណ៍ វើ​រ​ជីន អ៊ែត​លែ​ន​ទិ​ក ដែល​ល្បីល្បាញ​យ៉ាងខ្លាំង​លើ​រឿង​សេវាកម្ម​ដ៏​អស្ចារ្យ មាន​សេវាកម្ម​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងទៀត​គ្មាន ដូចជា ជើងហោះហើរ​ថ្នាក់​សន្សំសំចៃ​ដែលមាន​ភាព​កម្សាន្ត​ផ្ទាល់ខ្លួន មាន​សេវាកម្ម​តុបតែង​មុខ​បន្ថែម​សម្រស់​នៅក្នុង​ការហោះហើរ និង​ឆេ​ក​អ៊ី​ន​បែប Drive through ជាដើម។

មាន​ភាព​ឧស្សាហ៍​ព្យាយាម​ដ៏​អស្ចារ្យ៖ ដំណើរ​ផ្លូវ​របស់​ប្រ៊េ​ន​សុន​មិនបាន​រោយ​ដោយ​ផ្កា​កុលាប​នោះទេ គាត់​មាន​បញ្ហា​រឿង​ភាពខ្វះ​ចន្លោះ​ក្នុង​ការអាន និង​ប្រកប​អក្សរ ដែល​រាល់ថ្ងៃនេះ​ក៏​នៅតែ​ជា​បញ្ហា តែ​គាត់​ក៏​មិន​បណ្តោយឱ្យ​វា​ក្លាយជា​ឧបសគ្គ​ក្នុង​ការធ្វើការងារ​ដែរ។ សូម្បីតែ​ក្នុងអំឡុងពេល​ចាប់ផ្តើម​អាជីព​ក៏ដោយ បញ្ហា និង​ភាព​ភ្លាត់ភ្លាំង​ខុសឆ្គង​ជាច្រើន​សម្រុក​ចូលមក តែ​គាត់​គិតថា វា​ជា​មេរៀន និង​រៀន​យល់ដឹង​ដោយ​ខ្លួនឯង។

ចូលចិត្ត​ក្នុងការ​ប្រថុយ និង​យល់ព្រម​ក្នុង​ការធ្វើ​ខុសពី​ទម្លាប់៖ កន្លងមក​គាត់​ធ្លាប់ធ្វើ​ដូច​អ្នកដទៃ តែ​មិន​ទទួលបាន​ជោគជ័យ បន្ទាប់ពីនោះ​គាត់​ក៏​រៀន​យល់ដឹង​ពី​ភាព​ភ្លាត់ភ្លាំង​ខុសឆ្គង និង​ប្រើ​សញ្ជាតិញាណ​ក្នុងការ​ដឹកនាំ​ផ្លូវ។ រឿង​មួយ​ដែល​គាត់​រៀន​យល់ដឹង​គឺ និ​វា​នុ​វត្ត​ន៍ ជា​បច្ច័យ​សំខាន់​នាំ​ឆ្ពោះទៅរក​ភាពជោគជ័យ និង​ការបរាជ័យ​ជា​ប្រភព​របស់​អៃ​ឌៀល្អ។

ទទួលយក​ផ្នត់គំនិត ឬ​អៃ​ឌៀ​ថ្មី៖ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើឱ្យ វើ​រ​ជីន ហ្គ្រុ​ប មាន​ភាពសម្បូរ​បែប​ខាង​ធុរកិច្ច មាន​ក្រុមហ៊ុន​ក្នុង​បណ្តាញ​ដែល​ដំណើរការ​ធុរកិច្ច​ខុសគ្នា​ជាង 200 ក្រុមហ៊ុន។ ប្រ៊េ​ន​សុន​មិន​ប្រកាន់ខ្ជាប់​ជាមួយ​ធុរកិច្ច​ណាមួយ​នោះទេ គាត់​ត្រៀមខ្លួន​រួច​ជានិច្ច​ក្នុង​ការរៀន​យល់ដឹង និង​សាកល្បង​អ្វីដែលថ្មី។

ផ្តល់​កិ​តិ្ត​យស​ដល់​បុគ្គលិក៖ ដោយសារតែ​ប្រេ​៊​ន​សុន​បង្ហាញឱ្យឃើញថា គាត់​ផ្តល់​ភាព​សំខាន់​ចំពោះ​បុគ្គលិក ទទួល​ស្តាប់​ពួកគេ​ជានិច្ច ទើប​បុគ្គលិក​កើតមាន​មោទនភាព ស្រឡាញ់​ស្មោះស្ម័គ្រ និង​មាន​ភក្តីភាព​ចំពោះ​ចៅហ្វាយនាយ និង​ស្ថាប័ន លទ្ធផល​ដែល​តាម​មក​គឺ បុគ្គលិក​តាំងចិត្ត​ធ្វើការ មាន​សំណឹក (ការដឹង​ខ្លួន​ជាប់​ជានិច្ច)នៃ​ការធ្វើជា​ម្ចាស់​រួម ហើយ​អារម្មណ៍​ដែល​ដុះ​ឡើង​នៅក្នុង​ចិត្ត​បុគ្គលិក​នឹង​ឆ្លុះបញ្ចាំង​ចេញមក​ក្នុង​រូបភាព​នៃ​ការងារ​សេវាកម្ម​ដែល​ល្អ។

ជូន​កម្រៃ​ទៅ​សង្គម​វិញ៖ មនុស្ស​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត ពេលមកដល់​ចំណុច​នេះ​តែងតែ​ត្រូវ​ការបំពេញ​ប្រយោជន៍ និង​ជួយ​យកអាសា​មនុស្ស​ដែល​ទន់ខ្សោយ​ជាង ក្រៅពីនោះ នៅ​ជាការ​បង្ហាញឱ្យឃើញថា យើង​មិនបាន​លោភលន់ មិនបាន​ចូលមក​ដើម្បី​ប្រមូល​កើប​តែ​ម្យ៉ាង​នោះទេ តែមាន​ការជូន​កម្រៃ​ទៅ​សង្គម​វិញ​ផងដែរ។ ប្រ៊េ​ន​សុន​បង្កើត​មូលនិធិ​ពេល​គាត់​អាយុ 17 ឆ្នាំ ការងារ​ដែល​លេចធ្លោ​គឺ ការឧបត្ថម្ភ​គាំទ្រ​លើ​ការសិក្សា​ក្នុង​ទ្វីបអាហ្វ្រិក ហើយ​គាត់​ថែមទាំង​បានប្រកាស​បរិច្ចាគ​ប្រាក់ 3.000 លាន​ដុល្លារ​ដើម្បី​តតាំង​ជាមួយ​សភ​ពិភពលោក​កើន​កម្តៅ​នាពេល 10 ឆ្នាំ​ខាងមុខ​ទៀតផង។

ស្រមៃ​ឱ្យ​ឆ្ងាយ ហើយ​ទៅឱ្យ​ដល់៖ ចាប់ផ្តើម​ពី​ការធ្វើ​សារព័ត៌មាន​ក្នុង​តំបន់​តូច​មួយ ឆ្ពោះ​មករក​មហា​អាណាចក្រ​ផ្នែក​ធុរកិច្ច​ទាំង​ខាង​អាកាស និង​ខាង​សមុទ្រ រហូតមកដល់ Virgin Galactic ក្រុមហ៊ុន​ដឹកជញ្ជូន​អវកាស​បែប​ពាណិជ្ជកម្ម​ដំបូង​គេ​បំផុត​របស់​ពិភពលោក។ ជឿ​ចុះ​ថា ដរាបណា​ដែល​នៅ​មិនទាន់​អស់ខ្យល់​ដង្ហើម ប្រ៊េ​ន​សុន​ប្រហែលជា​នៅតែមាន​អៃ​ឌៀ​ធុរកិច្ច​ដែល​សែន​ចម្លែក​ខុសប្លែក​ពី​គេ​ឱ្យ​មនុស្សលោក​បាន​ភ្ញាក់ផ្អើល​ទៀត​មិន​ខាន៕

ស្រាវជ្រាវ​ដោយ តា​វ៉ែនតា

Advertisement