ចង់​ជោគជ័យ​លឿន​ពេក គឺជា​ឧបសគ្គ​សម្រាប់​យុវជន​កម្ពុជា

ចង់​ក្លាយជា​មនុស្ស​ជោគជ័យ មានឈ្មោះ​ល្បី​ក្នុងសង្គម និង​សម្ភារ​និយម គឺជា​អ្វីដែល​យុវជន​នាពេល​បច្ចុប្បន្ន​មួយចំនួន​ស្រមៃ​ចង់បាន ហើយ​ការចង់បាន​ភាព​ថ្កុំថ្កើង​មិនមែនជា​កំហុស​របស់​មនុស្ស​ជំនាន់​ថ្មី​នេះ​ទេ តែ​អ្វី​ដែលជា​បញ្ហា​នោះ​គឺ​ត្រូវបាន​គេ​រកឃើញថា យុវជន​កម្ពុជា​មួយចំនួន​ហាក់​មើល​ស្ថានការណ៍​គ្រប់យ៉ាង​ក្នុង​រូបភាព​ងាយស្រួល​ពេក។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ម៉ៅ វិបុល អគ្គនាយក​នៃ​ហាង​កាហ្វេ Brew House បាន​លើកឡើងថា យុវជន​នាពេល​បច្ចុប្បន្ន ភាគច្រើន​ស្រមៃ​ចង់​ក្លាយជា​សហគ្រិន​តាមរយៈ​ការមើលឃើញ​ពី​គំរូ​នៃ​មនុស្ស​ដែលមាន​ឈ្មោះ​ល្បី ឬ​មាន​ទ្រព្យធន​ជាច្រើន​ក្នុងសង្គម ហើយក៏​ព្យាយាម​ចង់​ធ្វើតាម ខណៈពេលដែល​គាត់​មិនទាន់បាន​ត្រៀមខ្លួន និង​ត្រៀម​ចំណេះដឹង​គ្រប់គ្រាន់​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឱ្យ​ឆ្ពោះទៅរក​ភាពជោគជ័យ​បាន​នៅឡើយ។ យុវជន​មួយចំនួន​ចាប់ផ្តើម​ចង់​ក្លាយជា​មនុស្ស​ជោគជ័យ​ដោយ​គ្រាន់តែ​ឃើញ​រឿង​ណាមួយភ្លាមៗ ដែល​កត្តា​នេះ​អាចធ្វើឱ្យ​គាត់​ងាយ​ទទួលយក និង​ងាយ​បោះបង់ចោល​ទៅវិញ​ដូចគ្នា នៅពេលដែល​គាត់​ជួប​ឧបសគ្គ។

លោក ម៉ៅ វិបុល បាន​និយាយថា ៖ “កត្តា​ជា​ឧបសគ្គ​ដែល​រាំងស្ទះ​ដល់​ភាពជោគជ័យ​របស់​យុវជន​នាពេល​បច្ចុប្បន្ន គឺ​ចង់​បង្កើត​អាជីវកម្ម​ថ្ងៃនេះ ហើយ​ចង់​ក្លាយជា​អ្នក​មាននៅ​ថ្ងៃស្អែក ខណៈដែល​ស្ថានភាព​ជាក់ស្តែង​នៃ​ការធ្វើ​អាជីវកម្ម​មិនមែន​ងាយស្រួល​ដូច​អ្វីដែល​គាត់​គិត​សោះឡើយ។

សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថា ជា​ដំណោះស្រាយ​សម្រាប់​យុវជន គឺ​យើង​គួរតែ​ព្យាយាម​ស្វែងយល់​ពី​ភាព​ពិត​ជាក់ស្តែង​ឱ្យបាន​ច្រើន​អំពី​អាជីវកម្ម និង​ស្វែងរក​ចំណេះដឹង​ជា​មូលដ្ឋាន​ជាមុនសិន មុននឹង​ចាប់ផ្តើម​អាជីវកម្ម ហើយ​ភាព​អត់ធ្មត់​ដោះស្រាយ​ឧបសគ្គ តាម​ដំណាក់កាល គឺជា​អ្វីដែល​យុវជន​ត្រូវ​បណ្តុះ​វា​ឡើង។

ស្រប​ជាមួយគ្នានេះដែរ លោក ឃ​ន ឈុន​ដា​រ៉ា​ម្ចាស់​ហាង​កាហ្វេ KOI និង Tube Café បាន​លើកឡើងថា យុវជន​មួយចំនួន​មិនទាន់​យល់ច្បាស់​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ការរស់នៅ និង​ការធ្វើ​អាជីវកម្ម​នោះទេ ព្រោះថា ពួកគាត់​ធ្លាប់តែ​សិក្សា និង​រស់នៅក្នុង​សង្គម​មួយ​ដែល​តែងតែ​លើកទឹកចិត្ត​ពួកគាត់​តាំងពី​តូច​ដល់​ធំ ដូចជា​នៅពេលដែល​គាត់​ធ្វើ​រឿង​អ្វីមួយ​ខុស គាត់​គិតថា គាត់​អាច​ទទួលបាន​ឱកាស​ជាច្រើន​ទៀត​ក្នុង​ការកែប្រែ​វា​ឡើងវិញ​ដោយ​មិន​ជះ​ផល​អវិជ្ជមាន​ដល់​គាត់ភ្លាមៗនោះទេ តែ​ចំពោះ​ស្ថានភាព​ជាក់ស្តែង​វិញ គឺ​មិន​ដូចគ្នា​នោះទេ​នៅពេលដែល​គាត់​ធ្វើ​ខុស គឺ​គាត់​ត្រូវតែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ហើយ​លទ្ធផល​អវិជ្ជមាន​នានា​នឹង​បង្ហាញ​ឱ្យ​គាត់​ឃើញភ្លាមៗ ដែល​ពេលខ្លះ​វា​អាចធ្វើឱ្យ​គាត់​ឆាប់​ចុះចាញ់​តែម្ដង។

លោក ឃន​ ឈុន​ដា​រ៉ា (រូបស្តាំ)

លោក ឃ​ន ឈុន​ដា​រ៉ា បាន​និយាយថា ៖ “ការតស៊ូ​គឺជា​រឿង​ដែល​យុវជន​បច្ចុប្បន្ន​ត្រូវតែមាន ព្រោះថា ទាំង​ការរស់នៅ ការធ្វើការងារ និង​ការធ្វើ​អាជីវកម្ម វា​តែងតែ​ជួប​ឧបសគ្គ​មិនអាច​ចៀសផុត​បានឡើយ ហេតុនេះ​ប្រសិនបើ​គាត់​ចង់​ធ្វើ​អ្វីមួយលឿនៗដោយ​មិន​ខ្វល់​ពី​ការតស៊ូ​ជម្នះ​ឧបសគ្គ​នោះ គាត់​អាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​ដ៏​ច្រើន។

លោក ឈុន​ដា​រ៉ា បានបញ្ជាក់​ផងដែរ​ថា ការ​ហាត់ពត់លត់ដំ​ខ្លួនឯង​ម្តងបន្តិចៗគឺជា​រឿង​ដែល​ល្អ​មួយ​សម្រាប់​នាំខ្លួន​ឯង​ឱ្យ​ឆ្ពោះទៅរក​ភាពជោគជ័យ ព្រោះថា នៅលើ​ផ្លូវ​ឆ្ពោះទៅកាន់​ភាពជោគជ័យ គឺ​យើង​ត្រូវ​រៀន​ពី​សកម្មភាព​ជាក់ស្តែង​ដែល​ក្នុងនោះ​គឺជា​ឱកាសល្អ​បំផុត​ក្នុង​ការរៀន​សង្កេត​ពី​បញ្ហា​នានា​ដែល​អាចធ្វើឱ្យ​យើង​ចេះ​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ល្អ។

លោក ពេជ្រ ពិសាល ជា​ស្ថាបនិក និង​ជា​អ្នកគ្រប់គ្រង​គម្រោង Daily Plus បានលើកឡើង​ថា​លោក​ធ្លាប់​ជួប​ស្ថានភាព​ជាក់ស្តែង​នៅពេលដែល​លោក​កំពុង​នៅ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ។ នៅពេលនោះ លោក​រួម​ជាមួយនឹង​មិត្ត​ភ័ក្តិ​មួយក្រុម​បានចាប់ផ្តើម​បង្កើត​គម្រោង​មួយ​ដើម្បី​ធ្វើ​ការងារ​ជាមួយ​យុវជន​តែ​អ្វីដែល​លោក​ទទួលបាន គឺ​ភាពបរាជ័យ​ព្រោះថា​ការធ្វើការងារ​ជាមួយ​មនុស្ស​ច្រើន​នាក់​ដែល​ពេលខ្លះ​យើង​នៅមាន​បទពិសោធ​តិចតួច និង​មាន​ទំនាក់ទំនង​តិច​អាចធ្វើឱ្យ​យើង​មានការ​នឿយហត់​ខ្លាំង​ខណៈពេល​មាន​បញ្ហា​កើតឡើង ហើយ​ពេលខ្លះ​ចិត្ត​ដែល​ចង់ទៅ​ដល់​គោលដៅ​របស់​ក្រុម​ត្រូវបាន​រលត់​ជាមួយនឹង​សមាជិក​រួមគ្នា​ដែលមាន​ការព្រងើយកន្តើយ។

លោក ពេជ្រ ពិសាល (រូបឆ្វេង)

លោក ពេជ្រ ពិសាល បាន​និយាយថា ៖ “ការធ្វើការងារ​ជាមួយគ្នា​ជា​ក្រុម មិនមែនជា​រឿង​ងាយ​នោះទេ ហើយ​ពេលខ្លះ នៅពេលដែល​យើង​ចង់​បង្កើត​អ្វីមួយ​ដែលមាន​ឆន្ទៈ តែ​អាច​នឹង​ឆាប់​បាត់បង់​ចំណង់​ទៅវិញ នៅពេល​សមាជិក​ក្រុម​មិន​គាំទ្រ​ហើយ​យើង​ក៏​មិន​អាចឈាន​ជើង​ទៅដល់​កន្លែង​ដែល​យើង​ចង់​ទៅនោះ​បានដែរ។ លោក ពិសាល ក៏បាន​លើកឡើង​ផងដែរ​ថា បើទោះបីជា​យុវជន​មួយចំនួន​ចង់​ទទួលបាន​ជោគជ័យ​តែ​គាត់​មិនអាច​ទៅដល់​ដោយសារតែ​ភាព​ក្មេងខ្ចី និង​ខ្វះ​បទពិសោធ​ក៏ដោយ តែ​អ្វីដែល​គាត់​អាច​ធ្វើបាន​គឺ​ព្យាយាម​ស្វែងយល់​ពី​ភាព​មិនទាន់​ដឹង​ឬ​ស្គាល់​ច្បាស់ ឬ​កំហុស​របស់ខ្លួន ហើយ​បន្ត​អភិវឌ្ឍ​ជាមួយនឹង​ភាពចាស់ទុំ​ដែល​កើតមាន​បន្ទាប់ពី​ឆ្លងកាត់​ឧបសគ្គ​នានា​រួច៕

Advertisement