ផលប៉ះពាល់​ចំពោះ​កុមា​រលើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ច្រើន​ហួស​កម្រិត

មនុស្ស​ម្នាក់​ក្នុងចំណោម​បីនាក់​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​លើ​ពិភពលោក​ត្រូវបាន​គេ​រកឃើញថា​ជា​កុមារ នេះ​បើតាម​ការបង្ហាញ​របស់​អង្គការ UNICEF។ ទន្ទឹមនឹង​ចំនួន​នេះ​គេ​ក៏បាន​រកឃើញ​ផងដែរ​នូវ​គុណសម្បត្តិ និង​គុណវិបត្តិ​ចំពោះ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​តរបស់​កុមារ​នៅលើ​ពិភពលោក។

កញ្ញា សៀក ឡេង អ្នកសម្របសម្រួល​កម្ម​វិធី Techno Innovation Challenge និង​ជា​អ្នកធ្វើការងារ​នៅ​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ E-learning Center នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​លើកឡើងថា បច្ចេកវិទ្យា​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​កុមារ​ដែល​អាណាព្យាបាល​គួរ​យកចិត្តទុកដាក់។ ជា​គុណសម្បត្តិ បច្ចេកវិទ្យា​អាចធ្វើឱ្យ​កុមារ​កើន​ចំណេះដឹង​ច្រើនជាង​ការដែល​សិក្សា​តាមបែប​ធម្មតា ព្រោះថា តាមរយៈ​បច្ចេកវិទ្យា​ពួកគេ​អាច​ទទួលបាន​ព័ត៌មាន​ជាច្រើន និង​ប្រភព​ចំណេះដឹង​ដ៏​ច្រើន​បាន​យ៉ាង​ងាយស្រួល ដែល​ប្រភពព័ត៌មានល្អៗខ្លះ​ត្រូវបាន​គេ​រចនា​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ឡើង​សម្រាប់​កុមារ។

កញ្ញា សៀក ឡេង បាន​និយាយថា ៖ “ក្រៅពី​ការជួយ​ផ្នែក​អប់រំ​ហើយ បច្ចេកវិទ្យា​ក៏​ជួយ​ដល់​កុមារ​ឱ្យ​បង្កើន​ការសប្បាយរីករាយ​ដែល​កាត់បន្ថយ​គ្រោះថ្នាក់​របួសស្នាម​លើ​រាងកាយ និង​ការគូសវាសផ្សេងៗដែល​អាច​រំខាន​ដល់​មនុស្ស​ធំ។

អ្នកជំនាញ​បច្ចេកវិទ្យា​ខាងលើ​បានលើកឡើង​ផងដែរ​ថា កុមារ​ជា​វ័យ​ដែល ចូលចិត្ត​លេង ហេតុនេះ​ការដែល​គាត់​លេង ឬ​កម្សាន្ត​តាម​បច្ចេកវិទ្យា គឺ​នឹង​ជួយ​ឱ្យ​គាត់​រីករាយ​ជាមួយនឹង​ល្បែង​ជាច្រើន​ដែល​គាត់​មិនចាំបាច់​ទៅលេង​ដោយផ្ទាល់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​នោះទេ។ តាមរយៈ​បណ្តាញ​បច្ចេកវិទ្យា​អ្នកជំនាញ​ជាច្រើន​ក៏បាន​បង្កើត​កម្មវិធី​ដើម្បី​ធ្វើឱ្យ​កុមារ​មានការ​រីកចម្រើន​ផ្នែក​បញ្ញា មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​មាន​ភាពឈ្លាសវៃ​ផងដែរ។ លើសពីនេះទៅទៀត បច្ចេកវិទ្យា​ក៏​អាចជួយ​ឱ្យ​កុមារ​ងាយ​សម្រប​ខ្លួន​ក្នុងសង្គម ព្រោះថា នៅក្នុង​សង្គម​បច្ចុប្បន្ន និង​អនាគត គឺ​គេ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់​ទីកន្លែង។

ផ្ទុយ​មកវិញ​កញ្ញា សៀក ឡេង ក៏បាន​លើកឡើង​ផងដែរ​ថា ទោះបីជា​យ៉ាងនេះ​ក្តី ចំណុច​នេះ​ក៏បាន​ជះ​ផលប៉ះពាល់​មកវិញ​ដែរ ប្រសិនបើ​កុមារ​លេង​តែ​អ៊ី​ន​ធើ​ណិ​ត​សុទ្ធសាធ ដោយ​មិនមាន​សកម្មភាព​ជាក់ស្តែង​អ្វី​សោះ​នោះ។ អ្វីដែល​អាណាព្យាបាល​ត្រូវ​យកចិត្តទុកដាក់​ជាង​គេ​នោះ គឺ​កុមារ​អាច​នឹងរង​ផលប៉ះពាល់​ជាច្រើន​ប្រសិនបើ​ពួកគេ​ប្រើ​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​មិន​ត្រឹមត្រូវ។

កញ្ញា សៀក ឡេង និយាយថា ៖ “នៅពេលដែល​កុមារ​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​ច្រើន​ជ្រុល ពួកគេ​អាច​នឹង​បាត់បង់​ជំនាញ​ទំនាក់ទំនង​ក្នុងសង្គម​ដូច​ជាការ​រាប់អាន​មិត្ត​ខាងក្រៅ មិនសូវ​ចេះ​និយាយស្តី​ទៅកាន់​មនុស្ស ដែល​អាចធ្វើឱ្យ​ពួកគេ​បាត់បង់​ការគោរព​ចំពោះ​មនុស្ស​ដទៃ។ ម្យ៉ាងវិញទៀត​ពួកគេ​អាច​នឹងមិន​សូវ​យល់​ពី​អារម្មណ៍​នៃ​ដៃគូ​សន្ទនា ឬ​ការប្រើប្រាស់​ក្រសែភ្នែក​ជាដើម ដែល​ធ្វើឱ្យ​កុមារ​ទាំងអស់នោះ​នឹង​ក្លាយជា​មនុស្ស​ដែលមាន​ទំនាក់ទំនង​មិនសូវ​ល្អ។

ចំពោះ​ការលេង​កីឡា​ជាក់ស្តែង​វិញ ដោយសារតែ​កុមារ​ចំណាយពេល​លើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ច្រើនពេក ពួកគេ​នឹងមិន​សូវ​ចូលចិត្ត​លេង​កីឡា ធ្វើ​ពលកម្ម ឬ​សកម្មភាពផ្សេងៗទៀត ដែល​រឿងនេះ​វា​អាច​រាំងស្ទះ​ដល់​ភាពស្វាហាប់ ភាព​សកម្ម និង​សុខភាព​របស់​ពួកគេ។ កត្តា​ទាំងអស់នេះ​អាចធ្វើឱ្យ​កុមារ​រង​ផលប៉ះពាល់​ដល់​សុខភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ដូចជា​បញ្ហា​នៃ​ការរីកលូតលាស់​ផ្នែក​រាងកាយ និង​សតិ​ស្មារតី​ជាដើម ព្រោះថា​ពួកគេ​ចំណាយពេល​ច្រើនពេក​លើ​ការ​វិលវល់​ជាមួយនឹង​ពិភព​ស្រមើស្រមៃ​ច្រើនពេក៕

Advertisement