Di Maria រកបាន 3គ្រាប់ ខណៈ  Marseille រកបាន​ដល់​ទៅ  9គ្រាប់

ខ្សែបម្រើ​អន្តរជាតិ​អា​ហ្ស​ង់​ទីន Angel Di Maria បាន​ស៊ុត​បាល់​បញ្ចូល​ទី 3គ្រាប់ ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Paris Saint-Germain បាន​ផ្តួល​ក្រុម​ស្ថិតក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី2 Sochaux ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​អង្គារ ដើម្បី​ឈានទៅ​វគ្គ 8ក្រុម​ក្រោយ​នៃ​ពាន French Cup។

ស្របពេល​ជាមួយគ្នានេះ ក្រុម Marseille បាន​ផ្តួល​ក្រុម​ស្ថិតក្នុង​ក្របខ័ណ្ឌ Ligue 2 មួយ​ផ្សេងទៀត​គឺ Bourg-en-Bresse យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 9-។ ខ្សែបម្រើ​ស្លាប Di Maria បាន​ជួយ​ឱ្យ PSG ដែល​លេង​ដោយ​គ្មាន​ខ្សែប្រយុទ្ធ​ឆ្នើម Neymar មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​ទី1 នា​កីឡដ្ឋាន Stade Bonal នៅ​ភាគ​កើត​នៃ​ប្រទេស​បារាំង ប៉ុន្តែ អតីត​ម្ចាស់​ជើងឯក 2សម័យកាល Sochaux បាន​តាម​ស្មើ​វិញ​តាមរយៈ​កីឡាករ Florian Martin មុន​ឈានដល់​នាទី​ទី15។

ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ Edinson Cavani បាន​រក្សា​ការនាំ​មុខ​របស់​ក្រុម​លោក Unai Emery នៅ​នាទី​ទី27 នៅពេលដែល​រូបគេ​បានទទួល​បាល់​ពី​ការបញ្ជូន​ឱ្យ​របស់​កីឡាករ Layvin Kurzawa មុននឹង​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ។

Di Maria បាន​បន្ថែម​គ្រាប់​បាល់​ទី3 មុនពេល​ឈានដល់​នាទី​ទី60 តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ហើយ​រូបគេ​បាន​បណ្តើរ​បាល់​ទម្លុះ​តំបន់​ការពារ​របស់​ក្រុម​ម្ចាស់ផ្ទះ ក្រោយពី​ការបញ្ជូន​បាល់​ឱ្យ​ពី​សំណាក់​ខ្សែបម្រើ​អ៊ីតាលី Marco Verratti។ កីឡាករ​រូបនេះ​បាន​បំពេញ​ការរក​គ្រាប់​បាល់​ទី3 របស់គេ ក្នុង​រយៈពេល 3នាទី​ក្រោយមក តាមរយៈ​ការបង្ខំ​ឱ្យ​បាល់​ផ្លាត​ចូល​ទី ក្រោយពី​អ្នកចាំទី Lawrence Ati Zigi របស់​ក្រុម Sochaux បាន​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​យ៉ាងខ្លាំង​របស់ Cavani រួចមក៕

ប្រភពពី៖ Worldsoccertalk

Advertisement