មហោស្រព STEM ឆ្នាំនេះ​នឹង​នាំ​សិស្ស-និស្សិត​កម្ពុជា​ឱ្យ​ស្គាល់​ពិភព​វិទ្យាសាស្ត្រ​កាន់តែច្រើន

ជា​រៀងរាល់ឆ្នាំ​មហោស្រព វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដោយមាន​កិច្ច​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថាប័នឯកជន​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​ចង់​ជំរុញ​ប្រជាជន​កម្ពុជា​ឱ្យ​ជ្រើសរើស​ជំនាញ STEM នេះ​សម្រាប់​ធ្វើជា​អាជីព​នៅ​ថ្ងៃ​អនាគត។

នៅ​ឆ្នាំនេះ មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា លើក​ទី4 នឹង​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី1 ដល់​ថ្ងៃទី3 ខែ​មិនា ឆ្នាំ2018 ក្នុង​គោលបំណង​ជំរុញ​សិស្សានុសិស្ស យុវជន សាធារណជន អ្នក​អប់រំ និង​ស្ថាប័ន​អប់រំ​ទាំងអស់​ឱ្យ​ចាប់អារម្មណ៍​កាន់តែខ្លាំង​លើ​ការអប់រំ ការបណ្តុះបណ្តាល​ការងារ អាជីព​វិជ្ជាជីវៈ ការប្រកួតប្រជែង ការស្រាវជ្រាវ និង​ការរកឃើញថ្មីៗ (នវានុវត្តន៍) លើ​មុខជំនាញ​ដែល​ទាក់ទង​នឹង​វិស្វកម្ម បច្ចេកវិទ្យា និង​គណិតវិទ្យា។ មុខវិជ្ជា​ទាំងអស់នេះ ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ឬ​ជា​ចំណែក​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈ​ឧស្សាហកម្ម ក​សិ-ឧស្សាហកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

នៅក្នុង​មហា​ស្រព STEM នៅថ្ងៃនោះ នឹងមាន​សកម្មភាពសំខាន់ៗមួយចំនួន ដូចជា​ការតាំងពិព័រណ៍​ផលិតផល​វិទ្យាសាស្ត្រ ការប្រកួត​រ៉ូ​បូត​ថ្នាក់ជាតិ​លើក​ទី1 នៅ​កម្ពុជា ការបង្ហាញ​គម្រោង STEM ដែល​ផ្តល់ឱកាស​សម្រាប់​ពិសោធ​ដោយផ្ទាល់​សម្រាប់​អ្នកចូលរួម​សិក្ខាសាលា និង​វេទិកា STEM ការប្រកួត​ជើងឯក STEM ការប្រកួត​គណិតវិទ្យា ដោយ​ប្រើ​បច្ចេកវិទ្យា និង​ការប្រគុំ​តន្ត្រី​ខ្នាត​ធំ “STEM ដើម្បី​អនាគត​ខ្ញុំ” ជាដើម។ល៕

Advertisement