តារា​ឆ្នើម Sanchez របស់ Man United ទទួលយក​កាត់ទោស​សម្រាប់​ការបន្លំ​ការបង់ពន្ធ

ខ្សែប្រយុទ្ធ Alexis Sanchez របស់​ក្លិប Manchester United បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​ជាមួយនឹង​អាជ្ញាធរ​របស់​អេ​ស្ប៉ា​ញ ក្នុងការ​ទទួលយក​ការកាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល 16ខែ ប៉ុន្តែ​ត្រូវ​ព្យួរ​ទាំងអស់ សម្រាប់​ការបន្លំ​ការបង់ពន្ធ និង​ការ​គេចវេះ​ពី​សវនាការ។

Sanchez ដែល​បាន​ចូលរួម​ជាមួយនឹង Man United ដោយ​ចេញពី​ក្លិប Arsenal កាលពី​ខែ​មុន​នោះ បាន​ប្រឈមមុខ​នឹង​ការកាត់ទោស​ជុំវិញ​ការបន្លំ​លើ​ការបង់ពន្ធ​ក្នុង​ទឹកប្រាក់ 98.3ម៉ឺន​អឺរ៉ូ (ស្មើនឹង 1.21លាន​ដុល្លារ​អាមេរិក) ទាក់ទង​នឹង​សិទ្ធិ​លក់​រូបភាព អំឡុងពេល​រូបគេ​លេង​ឱ្យ​ក្លិប Barcelona។ នេះ​បើ​យោងតាម​សេចក្តីលម្អិត​នៃ​ការព្រមព្រៀង​គ្នា​នេះ។

មន្ត្រី​រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ បាន​បញ្ជាក់ថា ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី​វ័យ 29ឆ្នាំ​រូបនេះ មិនបាន​ធ្វើការ​ប្រកាស​ពី​ដំណើរការ​ផ្នែក​ច្បាប់​របស់ខ្លួន​ទាក់ទង​នឹង​ការលក់​សិទ្ធ​ប្រើប្រាស់​រូបភាព​របស់គេ កាលពី​ឆ្នាំ2012 និង​ឆ្នាំ2013 ហើយក៏​មិនបាន​ប្រកាស​ផងដែរ​ថា រូបគេ​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ដែល​ត្រូវបាន​បង្កើត​ក្នុងប្រទេស​ម៉ា​ល​តិ៍ ដែលមាន​ឈ្មោះថា Numidia Trading Limited ដែលជា​ម្ចាស់​កម្មសិទ្ធិ​លើ​រូបភាព​ទាំងនោះ។

នៅពេល​បង្ហាញខ្លួន​ក្នុង​រូបភាព​វីដេអូ​មួយ​ពី​ទីក្រុង​ឡុង​ដ៍ Sanchez បាន​ទទួលស្គាល់ថា រូបគេ​បានធ្វើការ​បង់ពន្ធ​ដែល​មិនមាន​ភាពត្រឹមត្រូវ ហើយ​ថា រូបគេ​បាន​ដោះស្រាយ​បញ្ហា​នេះ ជាមួយនឹង​អាជ្ញាធរ​ពន្ធ​រួចរាល់​ហើយ។ កីឡាករ​រូបនេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ដែលជា​ការព្យួរទោស​ចំនួន 8ខែ 2លើកជាប់ៗគ្នា បើទោះបី​រដ្ឋអាជ្ញា​បាន​បញ្ជាក់ថា ទោស​នេះ​នឹងត្រូវ​លើកលែង​វិញ ក្រោយ​រយៈពេល 2ឆ្នាំ ប្រសិនបើ​រូបគេ​មិនបាន​ធ្វើ​ខុស​ម្តងទៀត​ក៏ដោយ៕

ប្រភពពី៖ Metro

Advertisement