Microsoft បញ្ជាក់ថា កម្មវិធី Office 2019 ប្រើ​បានតែ​ជាមួយ Windows 10 ប៉ុណ្ណោះ

អាមេរិក៖ ក្រុមហ៊ុន Microsoft ហាក់ដូចជា​ចាប់ផ្ដើម​ដាក់​សម្ពាធ​ដល់​អ្នកប្រើប្រាស់ ដោយថ្មីៗនេះ បានប្រកាស​ដល់​អ្នក​ដែលមាន​បំណង​ចង់​ប្រើ​កម្មវិធី Microsoft Office 2019 ឱ្យធ្វើ​ការ Update នូវ​ប្រព័ន្ធ​ដំណើរការ Windows ទៅជា Windows 10 បើ​មិន​ដូច្នេះ​ទេ​គឺ​មិនអាច​ប្រើ Microsoft Office 2019 បានឡើយ។

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន The Verge បានឱ្យដឹងថា កម្មវិធី Microsoft Office 2019 គឺអាច​ប្រើ​បានតែ​ជាមួយ Windows 10 ប៉ុណ្ណោះ សម្រាប់ Windows 7 និង Windows 8.1 គឺ​មិនអាច​ប្រើ​បានទេ។ ក្នុងនោះ Microsoft ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​អ្នកប្រើប្រាស់ Microsoft Office 2019 ជាមួយនឹង​ម៉ាស៊ីន Mac គឺ​មិន​ប៉ះពាល់​ឡើយ។

ក្រុមហ៊ុន Microsoft ក៏បាន​បញ្ជាក់​ផងដែ​ថា Microsoft Office 2019 គ្រោង​នឹង​ចេញ​ជំនាន់ Preview នៅ​ពាក់កណ្ដាល​ឆ្នាំ 2018 ហើយ​អាច​នឹងដាក់​ឱ្យប្រើ​ចេញ​លក្ខណៈ​នៅ​ចុងឆ្នាំ 2018៕

Advertisement