ប្រធាន FIFA នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ

លោក Gianni Infantino ប្រធាន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រធាន​ប្រតិបត្តិ​របស់ FIFA ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​មន្ត្រី​ម្នាក់​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។

FIFA President Gianni Infantino addresses a news conference after a FIFA Council in Zurich, Switzerland, January 10, 2017. REUTERS/Arnd Wiegmann

លោក Infantino ដែល​ត្រូវបាន​បោះឆ្នោតឱ្យ​ជាប់​ជា​ប្រធាន FIFA ជំនួស​លោក Sepp Blatter កាលពី​ឆ្នាំ2016នោះ នឹងត្រូវ​ចូលរួម​ដោយ​ប្រធាន​របស់​សហព័ន្ធ​ជា​សមាជិក​របស់ FIFA ចំនួន 20រូប​ផ្សេងទៀត។ តែ​ទោះបីជា​យ៉ាងណា សេចក្តីលម្អិត​នៃ​កិច្ចប្រជុំ​នេះ មិន​ត្រូវបាន​ប្រាប់ឱ្យដឹង​ដោយ FIFA ឡើយ ហើយ​ប្រសិនបើ​លោក​ពិតជា​បង្ហាញខ្លួន​មែន​នោះ វា​នឹង​ក្លាយជា​លើក​ទី1ហើយ​ដែល​ប្រធាន​ម្នាក់​របស់ FIFA មក​ទស្សនកិច្ច​នៅ​កម្ពុជា​នោះ។

បើ​យោងតាម​កម្មវិធី​នៃ​កិច្ចប្រជុំ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ការប្រជុំ​នឹងត្រូវ​ចាប់ផ្តើម​នៅ​ចន្លោះ​ម៉ោង 9ព្រឹក រហូតដល់5:30ល្ងាច ហើយ​បន្ទាប់ពី​នោះមក​នឹងមាន​ការសម្ភាស​ជាមួយនឹង​ក្រុមអ្នកកាសែត​កីឡា​របស់​កម្ពុជា៕

Advertisement