ស៊ុន ចាន់ថុល៖ “រដ្ឋ​ខាតបង់​ដោយសារ​ការរំលោភ​ដី​ចំណីផ្លូវ”

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាងថា លោក​នឹង​សហការ​ជាមួយ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង-ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​រៀបចំ​បង្កើត​អនុក្រឹត្យ​មួយ​ដើម្បី​គ្រប់គ្រង​ដី​ចំណីផ្លូវ ខណៈដែល​ដី​ចំណីផ្លូវ​ត្រូវបាន​គេ​រំលោភបំពាន និង​យក​ធ្វើ​អា​ជី​កម្ម​ដោយ​ចាត់ទុកជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា បច្ចុប្បន្ននេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​រៀបចំ​អនុក្រឹត្យ​គ្រប់គ្រង​ដី​ចំណីផ្លូវ​សាធារណៈ​ដើម្បី​បើកផ្លូវ​ឱ្យមាន​ការអភិវឌ្ឍ​សេវាសាធារណៈ​ឱ្យបាន​ល្អប្រសើរ និង​បញ្ចៀស​ការបង្ក​ជា​ឧបសគ្គ​ដល់​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ៖ “យើង​កំពុង​រៀបចំ​អនុក្រឹត្យ ទាក់ទង​នឹង​ការការពារ​ដី​ចំណីផ្លូវ​របស់​យើង។ យើង​ត្រូវតែ​ធ្វើឱ្យបាន ដោយសារ​យើង​មានការ​លំបាក​ណាស់​ពេលណា​យើង​ធ្វើ​ផ្លូវម្តងៗ រាជរដ្ឋាភិបាល​យើង​ចំណាយ​ច្រើនណាស់ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់ ជាពិសេស​ប្រជាជន​ខ្លះ​រស់នៅ​លើដី​ចំណីផ្លូវ​តែម្តង គាត់​រស់នៅ​ខុសច្បាប់​រួចទៅហើយ ប៉ុន្តែ​ដល់ពេល​យើង​ឱ្យ​គាត់​រើចេញ រដ្ឋ​ត្រូវ​សង​គាត់​ទៀត។

ឯកឧត្តម បាន​បន្ថែមថា៖ “យើង​ត្រូវ​រៀបចំ​អនុក្រឹត្យ​ឱ្យបាន​ត្រឹមត្រូវ ដោយមាន​ការចូលរួម​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថា្នក់​ដើម្បី​ធ្វើយ៉ាងណា​គ្រប់គ្រង​ឱ្យបាន​ល្អ ដើម្បី​គ្រប់គ្រង​ដី​ចំណីផ្លូវ​ឱ្យបាន​ល្អ ចៀសវាង​គាត់​យក​ដី​ដំ​ណី​ផ្លូវ​ទៅធ្វើជា​កន្លែង​លក់ដូរ កន្លែង​ចាក់សំរាម​ដែលនាំឱ្យ​ស្ទះ​ទាំង​ផ្លូវ និង​ស្ទះ​ទាំង​លូ”៕

Advertisement