ត្រី ប្លាធូ រឹតតែ​ទទួលទាន រឹតតែ​ជួយ​កាត់បន្ថយ​ការកើត​រោគ​បេះដូង

0

សម្រាប់​អ្នក​និយម​ទទួលទាន​អាហារ​បែប​ខ្មែរ​យើង ប្រហែលជា​ធ្លាប់​សាកល្បង​ភ្លក្ស​រសជាតិ “ទឹកគ្រឿង​ត្រី​ប្លាធូ” “ស្ងោ​ជ្រក់ត្រី​ប្លាធូ​ស្រស់” ឬ​សូម្បីតែ​ត្រី​ប្លាធូ​ចៀនធម្មតាៗជាមួយ​បាយក្ដៅៗហើយ​មើលទៅ។ ទាំងអស់នោះ​សុទ្ធតែជា​ម៉ឺ​នុយ​ដែលនាំឱ្យ​ស្រស់ទឹក​មាត់​គ្រប់​ពេលដែល​នឹកឃើញ ហើយ​ប្រាកដ​ណាស់ សម្រាប់​ត្រី​ប្លាធូ​ដែល ឡា​រ៉ែ​ន នឹង​លើក​យកមក​ជម្រាបជូន​នៅថ្ងៃនេះ មិនមែន​មានគុណ​សម្បត្តិ​ត្រឹមតែ​ភាព​ឈ្ងុយឆ្ងាញ់​តែ​ម្យ៉ាង​នោះទេ តែ​ត្រី​ប្លាធូ​នៅមាន​គុណសម្បត្តិ និង​ប្រយោជន៍ ព្រមទាំង​សម្បូរ​ទៅដោយ​គុណ-តម្លៃ​ខាង​ភោជនាហារ​ដែល​មនុស្ស​ជាច្រើន​មិន​ធ្លាប់​ដឹង។

ប្រយោជន៍ និង​គុណ​តម្លៃ​ខាង​អាហារ​អំពី​ត្រី​ប្លាធូ​ប្លាធូ

ជា​ត្រី​ដែលមាន​គុណប្រយោជន៍ និង​សារធាតុ​អាហារ​ដែល​គ្រប់គ្រាន់​ចំពោះ​រាងកាយ​ដោយ​យើង​សឹងតែ​មិនចាំបាច់​ទទួលទាន​អាហារបំប៉ន​ទៀតផង ព្រោះ​ការទទួល​ទាន​ត្រី​ប្លាធូ​តែមួយ​ក្បាល​នឹង​ទទួលបាន​សារធាតុ​អាហារ​យ៉ាងច្រើន​ដូចខាងក្រោម​នេះ ៖

  1. ត្រី​ប្លាធូ សម្បូរ​ដោយ EPA និង DHA ដែលជា​អាស៊ីត​ខ្លាញ់​មិន​បង្កក​ខ្លួន ដោយ​សារធាតុ​ទាំងពីរ​ប្រភេទ​នេះ​នឹង​បំពេញ​តួនាទី​កាត់បន្ថយ​ការ​ផ្ដុំ​ខ្លួន​របស់​គ្រាប់​ឈាម​ដែល​ខុស​ប្រក្រតី ទើប​នៅលើ​អ្នកខ្លះ​ធ្វើឱ្យ​កើត​សភាវ​រឹង​សរសៃឈាម ឬ​ប្រទះឃើញ​ការ​រលាក​ជាដើម។ ក្រៅពីនោះ ទាំង EPA និង DHA នេះ​នៅមាន​ចំណែក​ជួយ​ក្នុងការ​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​ប្រភេទ​ដែល​ធ្វើឱ្យ​កើត​កំណក​ឈាម ឬ​សរសៃឈាម​ណែន​ស្ទះ​ទៀតផង។
  2. ត្រី​ប្លាធូ​មាន​ប្រយោជន៍​ព្រោះ​មាន​ប្រូ​តេ​អី​ុ​ន​ខ្ពស់ ដោយ​ក្នុង​ត្រី​ប្លាធូ 1ក្បាល​នឹង​ផ្ដល់​ប្រូ​តេ​អី​ុ​ន​ខ្ពស់​ដល់​ទៅ20ក្រាម​ក្នុង​ទម្ងន់​ត្រី 100ក្រាម ហើយ​ប្រូ​តេ​អី​ុ​ន​ដែល​បាន​ពី​ត្រី​ប្លាធូ​គឺជា​ប្រូ​តេ​អី​ុ​ន​ដែល​ងាយ​រំលាយ និង​រាងកាយ​អាច​នាំយក​ទៅប្រើ​ជា​ប្រយោជន៍​បានភ្លាមៗតែម្ដង។
  3. គុណសម្បត្តិ​របស់​ត្រី​ប្លាធូ​គឺមាន​កាល់ស្យូម និង​ផូស្វ័រ ដោយ​បរិមាណ​កាល់ស្យូម​ក្នុង​ត្រី​ប្លាធូ​មាន​ច្រើន​ដល់​ទៅ 170មី​លី​ក្រាម​ក្នុង​ត្រី​ប្លាធូ​ស្រស់100ក្រាម ក្រៅពីនេះ​នៅ​សម្បូរ​ទៅដោយ​ផូស្វ័រ​ដែល​ចាំបាច់​ចំពោះ​រាងកាយ ដោយសារ​ធាតុ​អាហារ​ទាំងនេះ​នឹងមាន​ចំណែក​ជួយ​ក្នុង​ការបង្កើន​ភាពរឹងមាំ​របស់​ឆ្អឹង និង​ធ្មេញ​បាន​យ៉ាង​ល្អ ជាពិសេស​នៅលើ​កុមារ និង​មនុស្ស​ចាស់។
  4. ត្រី​ប្លាធូ​សម្បូរ​ទៅដោយ​អូ​មេ​ហ្កា3 និង6 ដែលមាន​ចំណែក​ជួយ​ក្នុងការ​ធ្វើការ​របស់​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល ហើយ​ថែមទាំង​ជា​ចំណែក​ប្រកប​របស់​សាច់​ភ្នាស​កោសិកា ជួយ​បញ្ចុះ​កូ​លេ​ស្តេ​រ៉ូ​ល បន្ថយ​ភាព​ប្រថុយ​ទាំង​ជំងឺ​បេះដូង និង​សរសៃឈាម។ ក្រៅពីនេះ​អូ​មេ​ហ្កា3 និង6 នៅក្នុង​ត្រី​ប្លាធូ​ថែមទាំង​ជា​គ្រោង​សាង​ដ៏​សំខាន់​របស់​សាច់​ភ្នាស​បរិវេណ​ផ្ទាំង​ប្រសាទ​កែវភ្នែក ឬ Retina ដែល​ជួយ​ក្នុងការ​មើលឃើញ​ទៀតផង។

ទទួលទាន​ត្រី​ប្លាធូ​រាល់ថ្ងៃ ល្អ​ចំពោះ​រាងកាយ​ឬទេ?

ដូចដែល​យើងទាំងអស់គ្នា​បានដឹងហើយថា ត្រី​ប្រភេទនីមួយៗមាន​កម្រិត​ជាតិ​ខ្លាញ់​មិន​ស្មើគ្នា​ទេ បើ​ទទួលទាន​ត្រី​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​រៀងរាល់ថ្ងៃ ច្បាស់​ជា​ហុច​ផល​អាក្រក់ ច្រើនជាង​ផល​ល្អ ដូច្នេះ​បើសិន​ចង់​បរិភោគ​ត្រី​ឱ្យ​ទទួលបាន​ប្រយោជន៍ គួរ​ជ្រើសរើស​ប្រភេទ​របស់​ត្រី​ឱ្យ​ស័ក្តិសម​ជាមួយ​រាងកាយ និង​តម្រូវការ​ក្នុង​វ័យនីមួយ។ ក្នុង​ផ្នែក​របស់​ត្រី​ប្លាធូ​វិញ យើង​នឹង​បាន​ឃើញថា ជា​ត្រី​ដែលមាន​បរិមាណ​ជាតិ​ខ្លាញ់​មិន​ខ្ពស់​ខ្លាំង​ទេ ទើប​អាច​ទទួលទាន​រាល់ថ្ងៃ​បានតែ​យ៉ាងណាក៏ដោយ ដើម្បី​ឱ្យបាន​ភោជនាហារ​ដែល​សម្បូរបែប ទើប​គួរ​ទទួលទាន​ត្រី​ប្រភេទផ្សេងៗ រួមទាំង​សាច់សត្វ​ប្រភេទផ្សេងៗរួមជាមួយ​ផង។

ទទួលទាន​ត្រី​ច្រើន​ប៉ុនណា ទើប​ហៅថា​ល្អ?

ជឿថា ហេតុផល​ក្នុងការ​ទទួលទាន​ត្រី​របស់​មនុស្ស​ជាច្រើន គឺ​មកពី​ត្រូវការ “ប្រូ​តេ​អី​ុ​ន”  ដែលមាន​នៅក្នុង​សាច់​ត្រី​ស្ទើរតែ​គ្រប់​ប្រភេទ។ ជាធម្មតា មនុស្ស​យើង​មាន​តម្រូវការ​ប្រូ​តេ​អី​ុ​នខុសៗពីគ្នា​ក្នុងអំឡុង​វ័យ​ដូចតទៅ​នេះ ៖

*ក្មេង​តូច-ក្មេង​ធំ នឹងត្រូវ​ការ​ប្រូ​តេ​អី​ុ​ន​ពី 1-1.1ក្រាម ក្នុង​ទម្ងន់​ខ្លួន 1គីឡូក្រាម។
*មនុស្ស​ធំ ត្រូវការ​ប្រមាណ 0.8ក្រាម
*ស្ត្រី​មានគភ៌ ត្រូវការ​ដល់​ទៅ 1.3ក្រាម

ឧទាហរណ៍​ដូចជា បើ​អ្នក​បរិភោគ​មាន​ទម្ងន់​ខ្លួន 60គីឡូក្រាម រាងកាយ​នឹងត្រូវ​ទទួល​ប្រូ​តេ​អី​ុ​ន​ដល់​ទៅ60ក្រាម​ឯណោះ ហើយ​ប្រូ​តេ​អី​ុ​ន​ដែល​បានមកពី​សាច់​ត្រី​ឆ្អិន​មាន​ប្រហែលជា 15-30ក្រាម​ក្នុង​ទម្ងន់​ត្រី 100ក្រាម ដូច្នេះ​បើ​ត្រូវការ​ប្រូ​តេ​អី​ុ​ន​ពី​ត្រី​តែ​ម្យ៉ាង​នោះ ត្រូវ​ទទួលទាន​ត្រី​យ៉ាងតិច3-4ក្បាល​ឯណោះ។ ដូច្នេះ អ្នក​ទទួលទាន​គួរតែ​ទទួលទាន​អាហារ​ប្រភេទ​ផ្សេងទៀត​រួមជាមួយ​ផង ដើម្បី​បន្ថែម​ប្រូ​តេ​អី​ុ​ន មិនថាតែ ស៊ុត ទឹកដោះ សណ្ដែក សាច់មាន់ ឬ​សូម្បីតែ​សាច់ជ្រូក​ដែល​មិន​ជាប់​ខ្លាញ់ ឬ​បើ​អ្នកណា​ចង់​ទទួលទាន​តែ​ត្រី​ម្យ៉ាង ហើយ​បាន​ប្រូ​តេ​អី​ុ​ន​ខ្ពស់​នោះ គួរតែ​ជ្រើសរើស​ប្រភេទ​ត្រី និង​វិធី​ចម្អិន​ឱ្យ​ល្អ ដូចជា គួរ​ជ្រើសរើស​ទទួលទាន​ត្រី​ហាល​ស្ងួត ដូចជា ត្រីប្រឡាក់ ត្រីងៀត ឬ​ទទួលទាន​បែប​ចំហុយ ដែល​នឹង​ទទួលបាន​ប្រូ​តេ​អី​ុ​ន​ច្រើនជាង​ការ​ស្ងោ អាំង ឬ​ចៀន​ជាដើម។

តាមរយៈ​ព័ត៌មាន​ដែល​យើង​បាន​នាំយកមក​ជូន​នៅថ្ងៃនេះ សង្ឃឹមថា នឹងធ្វើ​ឱ្យ​ការ​ទទួលទាន​ត្រី​ប្លាធូ​របស់លោក​អ្នក​កាន់តែ​ឆ្ងាញ់​ឡើង និង​ទទួលបាន​ប្រយោជន៍​ច្រើនឡើង បើ​មិនតិច​ក៏​ច្រើន​ដែរ។ ចុងក្រោយ​នេះ ឡា​រ៉ែ​ន ចង់ឱ្យ​មនុស្ស​ជាច្រើន​ដែល​មិនសូវ​ចូលចិត្ត​ទទួលទាន​ត្រី​ប្លាធូ​បែរមក​សាកល្បង​ភ្លក្ស​ឱ្យបាន​ម្ដង រួចហើយ​លោកអ្នក​នឹង​ដឹងថា គុណសម្បត្តិ និង​ប្រយោជន៍​របស់​ត្រី​ប្លាធូ គឺជា​កំពូល​អាហារ និង​ជា​របស់​ល្អ​ដែល​មិនគួរ​មើលរំលង​សូម្បីតែ​បន្តិច៕

ចែករំលែក