តើ​ត្រូវ​ទទួលទាន​យ៉ាងណា​ឱ្យ “ថ្លើម” រឹងប៉ឹង?

មិត្ត​អ្នកអាន​ដឹង​ឬទេ​ថា “ថ្លើម” គឺជា​អវយវៈ​មួយ​ក្នុង​រាងកាយ​ដែល​ត្រូវបាន​បំផ្លាញ​ខ្លាំង​បំផុត។ តាមរយៈ​ការរស់នៅ​ដែល​មិនសូវ​ជា​សមរម្យ​របស់​មនុស្ស​យើង ទើប​ធ្វើឱ្យ​អត្រា​ផ្នែក​នៃ​ការកើត​ជំងឺដែល​ពាក់ព័ន្ធ​នឹង​ថ្លើម​កើនឡើង​ខ្ពស់ជារឿយៗ ទាំង​ជំងឺ​ក្រិន​ថ្លើម ខ្លាញ់​រុំ​ថ្លើម មហារីក​ថ្លើម ជាពិសេស​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​តែង​ជួបប្រទះ​នៅលើ​ប្រជាជន​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​កាន់តែ​ច្រើនឡើងជារឿយៗរៀងរាល់ឆ្នាំ។ មូលហេតុ​មួយ គឺ​បណ្ដាលមកពី​កា​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ដែល​អាចធ្វើឱ្យ​កើតការ​រលាក ហើយ​អាច​នាំ​ឆ្ពោះទៅរក​ជំងឺ​ក្រិន​ថ្លើម ឬ​ថ្លើម​ធ្វើ​ការខុស​ប្រក្រតី ដែល​បើ​មិន​ប្រញាប់​ចូលទៅ​ទទួល​ការព្យាបាល​ទេនោះ អាចមាន​ផលប៉ះពាល់​ដល់​អាយុជីវិត​បាន។

អាហារ​បំផ្លាញ​ថ្លើម ដែល​គួរ​ចៀសវាង

ចម្បងៗមុនគេ​គឺ អាល់កុល អាហារ​ជ្រក់​ត្រាំ​ដែល​នឹងមាន​សារធាតុ​ក្នុង​ក្រុម​ណៃ​ត្រេ​ត និងផ្សេងៗទៀត​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម រួមទាំង​អាហារ​ស្ទើរ​ឆៅ ស្ទើរ​ឆ្អិន ដូចជា ប្រហុក និង​សាច់​ត្រី​ឆៅ​ជាដើម ដែល​សុទ្ធតែជា​មូលហេតុ​របស់​ជំងឺ​សត្វល្អិត​នៅក្នុង​ថ្លើម ដែល​អាច​នាំ​ឆ្ពោះទៅរក​ការ​កើតរោគ​មហារីក​ថ្លើម និង​រលាក​ថ្លើម​បាន​ដូចគ្នា​ទាំងអស់។

ក្រៅពីនេះ​នៅមាន​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់  អាហារ​ដែលមាន​ខ្លាញ់​ច្រើន និង​អាហារ​ចៀន​បំពង ដែល​នឹង​ធ្វើឱ្យ​កើតការ​ប្រមូល​សន្សំ​រប​ស់​ជាតិ​ខ្លាញ់ រួមទាំង​អាហារ​ដែលមាន​ការ​ប្រឡាក់ប្រឡូស​មេរោគ​ផ្សិត ដូចជា Aflatoxin ជា​មេរោគ​ផ្សិត​នៅក្នុង​សណ្ដែក​ដែល​នឹងធ្វើ​ឱ្យ​កើត​មហារីក​ថ្លើម​បាន។

អាហារ​បំប៉ន​ថ្លើម ដែល​អ្នក​គួរ​ទទួលទាន

អាហារ​ដែល​អ្នក​គួរ​ទទួលទាន​គឺ អង្ករសំរូប ព្រោះ​នៅក្នុង​អង្ករសំរូប​នឹងមាន​សារធាតុ​អាហារ​ច្រើនជាង​អង្ក​រស​ធម្មតា ជាពិសេស​កាក​សរសៃអាហារ អាស៊ីត​ហ្វូ​លិ​ក វីតាមីនផ្សេងៗ ដូចជា Gamma, Orissanol (សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ពី​គ្រាប់​ធញ្ញជាតិ) វីតាមីន E រួមទាំង​សារធាតុ Gaba ដែល​សុទ្ធ​ជា​សារធាតុ​ដែលមានប្រយោជន៍​ដល់​រាងកាយ​ទាំងអស់។

ក្រៅពីនេះ​ថែមទាំង​គួរ​ទទួលទាន​រុក្ខជាតិ​បន្លែ​ផ្លែឈើ ដូចជា ស្ពៃក្ដោប មើម​ការ៉ុត ផ្លែ​ឪឡឹក ទំពាំង​បារាំង-ល- ព្រោះ​បន្លែ និង​ផ្លែឈើ​នឹងមាន​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ខ្ពស់ ជួយ​កាត់បន្ថយ​ការ​រលាក​ដែល​អាច​បណ្ដាលមកពី​បំផ្លាញ​របស់​អនុ​មូល​ឥស្សរៈ ហើយ​នៅមាន​កាក​សរសៃ​អាហារ​ច្រើន​ដែល​ជួយ​កាត់បន្ថយ​ការកើត​ជាតិពុល​ចំពោះ​ថ្លើម​បាន។

ទទួលទាន​ថ្លើម​សត្វ ជួយ​បំប៉ន​ថ្លើម​មនុស្ស​ឬ?

ថ្លើម​ជា​ប្រភព​ប្រមូល​សន្សំ​របស់​វីតាមីន A និង​មាន​សារធាតុ​ដែក​ទៀតផង។ សារធាតុ​ទាំងនេះ​មាន​ប្រយោជន៍​ចំពោះ​រាងកាយ​ស្រាប់​ទៅហើយ តែ​ថ្លើម​ក៏មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ដែរ ដូច្នេះ​ការទទួល​ទាន​ថ្លើម​សត្វ​ដើម្បី​សង្ឃឹម​លទ្ធផល​ក្នុងការ​បំប៉ន​ថ្លើម​មនុស្ស​យើង​ជាប់​ជាប្រចាំ​នោះ អាចមាន​ផល​មិនល្អ​ក្នុង​រឿង​ជាតិ​ខ្លាញ់​ដែល​នឹង​វិល​ចូលមកក្នុង​រាងកាយ ឬ​ចូលទៅ​រុំ​ថ្លើម​វិញ ដូច្នេះត្រូវ​ទទួលទាន​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត។

ទទួលទាន​ភេសជ្ជៈផ្អែមៗ អាចជួយ​ព្យាបាល​ថ្លើម​ឬ?

អ្នក​ដែល​កើតរោគ​ថ្លើម មានន័យថា ការធ្វើការងារ​របស់​ថ្លើម​នឹង​ខុស​ប្រក្រតី ធ្វើឱ្យ​ថ្លើម​មិនអាច​ប្រមូល​រក្សា​ជាតិ​គ្លុយ​ខូ​ស (ជាតិ​ស្ករ)ទុក​និង​នាំយកទៅ​រំលាយ​ឱ្យ​ក្លាយជា​កម្លាំង​ថាមពលបានទេ ទើប​ធ្វើឱ្យ​អ្នកមាន​ជំងឺថ្លើម​អាច​កើត​អាការ​ទន់​ល្វើយ​គ្មាន​កម្លាំង និង​ចង់តែ​ទទួលទាន​អាហារផ្អែមៗ ដូច្នេះ​នៅពេល​ទទួលទាន​អាហារផ្អែមៗចូលទៅ ក៏​នឹងមាន​អារម្មណ៍​ថា​ធូរស្រាលឡើង តែ​គ្រាន់តែ​ជា​អា​ការល្អ​ប្រសើរឡើង​បណ្ដោះអាសន្ន​ប៉ុណ្ណោះ មិនមែនជា​ការព្យាបាល​ដែល​ត្រឹមត្រូវ​នោះទេ។ ក្រៅពីនេះ​ការទទួល​ទាន​ភេសជ្ជៈផ្អែមៗជាប្រចាំ អាចធ្វើឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​តាម​ក្រោយ ឬ​ជំងឺផ្សេងៗជាច្រើន​ទៀតផង៕

Advertisement