15នាទី​សំខាន់ ជួយ​មនុស្ស​គាំងបេះដូង

មាន​ជា​ច្រើនដង​ណាស់​ដែល​យើង​តែង​បានឮ​ពី​ព័ត៌មាន​មនុស្ស​ដែល​ស្ថិតក្នុង​វ័យ​កំលោះ​ក្រមុំ​ត្រូវស្លាប់​បាត់បង់​ជីវិត​មុន​វ័យ​ដោយ​អាការ​គាំងបេះដូង ដែល​កាលពី​ពេលមុន​យើង​ធ្លាប់តែ​នាំគ្នាជឿថា អាការ​នេះ​កើត​នៅលើ​តែ​មនុស្ស​ដែលមាន​អាយុ​ច្រើន​ប៉ុណ្ណោះ តែ​ក្នុងពេល​បច្ចុប្បន្ន ស្ថានភាព​សង្គម​ដែល​ផ្លាស់ប្ដូរ វិធី​ការហូបចុក ការ​សម្រាក​របស់​មនុស្ស​ទីក្រុង​បាន​ផ្លាស់ប្ដូរ​ខុសពី​អតីតកាល​យ៉ាង​ស្រឡះ។

ខណៈដែល​មនុស្ស​ជាច្រើនលើក​បន្ទុក​ក្នុងការ​ព្យាបាល​ទៅឱ្យ​គ្រូពេទ្យ​ទាំង​ក្នុង​ការពិត​វិញ​នោះ គ្រូពេទ្យ និង​បុគ្គលិក​ខាង​វេជ្ជសាស្ត្រ​គឺជា​ចុង​ផ្លូវ​នៃ​ការរក្សា​ជីវិត ព្រោះ​ដើមផ្លូវ​នៃ​ការរក្សាជីវិត​ឱ្យ​រស់​នៅបាន​យ៉ាង​ល្អ​តាម​អាយុ​ខ័យ​នោះ​ត្រូវ​ចាប់ផ្ដើម​ពី​យើង​ខ្លួនឯង ដូច្នេះ​យើង​នាំគ្នា​មក​ស្គាល់ រៀន​យល់ដឹង និង​ការពារ រួមទាំង​ការជួយ​សង្គ្រោះ​អ្នក​ដែល​ត្រូវ​ប្រឈម​នឹង​ជំងឺ​បេះដូងឬ​អាការ​គាំងបេះដូង​ទាន់ហន់​នៅក្នុង​បន្ទាត់​ខាងក្រោម​នេះ។

អាការ​គាំងបេះដូង

គាំងបេះដូង” មានន័យ​ពី​សរសៃឈាម​បេះដូង​ត្រូវ​ស្ទះ​ទាំងអស់ បន្ទាប់ពីនោះ​សាច់ដុំ​បេះដូង​នឹង​ចាប់ផ្ដើម​ឈប់​ធ្វើការ អាការ​អាច​នឹង​យូរ​ជាង15នាទី និង​មិន​ធូរស្រាល​ដោយសារ​កោសិកា​សាច់ដុំ​បេះដូង​ដែល​ខ្វះ​ឈាម​មក​ចិញ្ចឹម​នោះ​នឹង​ចាប់ផ្ដើម​ស្លាប់​ក្នុង​រយៈពេល​មិន​ប៉ុន្មាន​នាទី​ក្នុង​ម៉ោង​ដំបូង​ដែល​កើត​អា​ការឈឺ​ចុក​ក្នុង​បេះដូង។ អា​ការដែល​បង្ហាញឱ្យឃើញ​គឺ ឈឺ​ចុក​ដើមទ្រូង រាល​មក​បំពង់ក ដៃ និង​ធ្គា​ម​នឹងមាន​ញើស​ចេញមក​ច្រើន​រហូត​មាន​អារម្មណ៍​ថា​រងា​មួយ​កំណាត់​ខ្លួន​ខាងលើ អាចមាន​អាការ​វិលមុខ ដកដង្ហើម​មិន​ពេញ​រួមជាមួយ​ទៀតផង។

វិធី​ជួយសង្គ្រោះ​នៅពេល​ជួប​មនុស្ស​ដែលមាន​អាការ​គាំងបេះដូង

ការជួយ​ជីវិត​បែប​ដែល​ហៅថា CARDIO PULMONARY RESUSCITATION (CPR) មានន័យថា ការជំរុញ​បេះដូង ឬ​ផ្លុំ​ខ្យល់​បញ្ចូល​សួត​ដើម្បីឱ្យ​ជនរងគ្រោះ​មានជីវិត​ឡើងវិញ។ អា​ចរាប់ថា ជាការ​សង្គ្រោះ​ជីវិត​ដែល​សំខាន់​ណាស់ ជាពិសេស​ក្នុងអំឡុងពេល 15នាទី​ដំបូង​ដែល​អ្នក​បាន​ជួប​មនុស្ស​ដែលមាន​អាការ​គាំងបេះដូង អ្នកមាន​ឱកាស​ជួយ​ឱ្យគេ​រស់​ឡើងវិញ​បាន។

ចាប់ផ្ដើម​ដំបូង ត្រូវ​ព្យាយាម​ប្រាប់​ឱ្យ​មនុស្ស​ដែល​មក​ចោមរោម​មើល​ជនរងគ្រោះ​ចេញ​ឱ្យ​ឆ្ងាយ​សិន បន្ទាប់មក​ពិនិត្យ​មើលថា ជនរងគ្រោះ​នៅ​ដកដង្ហើម​ដែរឬទេ? ចូរ​ដោះ​ខ្សែក្រវាត់ និងឡេវអាវ​ដើម្បីឱ្យ​ជនរងគ្រោះ​បាត់​ភាព​ថប់​តានតឹង​ឱ្យបាន​ច្រើន​បំផុត បន្ទាប់ពីនោះ​ធ្វើការ​ម៉ាស្សា​បេះដូង ដោយ​ប្រើ​បាតដៃ​ដាក់​ពីលើ​គ្នា​សង្កត់​ទៅលើ​ឆ្អឹង​សន្ទះ​ទ្រូង ខាងលើ​ចុងដង្ហើម​បន្តិចសង្កត់​ហើយ​លែង​ជា​ចង្វាក់​មិនតិចជាង100ដង​ក្នុង​មួយ​នាទី ដើម្បី​ជាការ​ធ្វើ​ម៉ាស្សា​បេះដូង​ឱ្យធ្វើ​ការឡើង​វិញ និង​ត្រូវ​ប្រញាប់​ហៅ​ឡានពេទ្យភ្លាមៗនៅពេល​ឃើញ​មនុស្ស​កើត​អាការ​គាំងបេះដូង។

បើ​មាន​ភាព​ប្រថុយប្រថាន​ក្នុងការ​គាំងបេះដូង និង​នៅតែ​ម្នាក់ឯង គួរ​ធ្វើយ៉ាងណា?

បើ​លោក​អ្នកជា​មនុស្ស​ដែលមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​គាំងបេះដូង​ទាន់ហន់ ដែល​មានន័យថា អ្នកមាន​អាការ​របស់​ជំងឺ​ទឹកនោមផ្អែម លើសឈាម ធាត់​ជ្រុល ឬ​ធ្លាប់មាន​អាការនេះ​ពីមុនមក​នោះ ការរៀន​យល់ដឹង​ក្នុងការ​ដោះខ្លួន​ឱ្យ​រស់​ពេលដែល​នៅតែ​ម្នាក់ឯង​នោះ​គឺជា​រឿង​សំខាន់។ ការណែនាំ​ដំបូង បើសិន​មាន​អារម្មណ៍​ថា ចុក​ណែន​ដើមទ្រូង និង​មាន​អាការស្រដៀង​នឹង​បេះដូង​ចង់​គាំង​នោះ ចូរ​ចាប់ផ្ដើម​ក្អក​បែប​ដែល​ហៅថា Cough CPR ភ្លាម ដោយ​ដក​ដង្ហើមចូល​ឱ្យ​វែង​គ្រប់​ពេលមុន​ការ​ក្អក និង​ក្អក​ឱ្យ​ដូច​មាន​ស្លេស្ម៍​ក្នុង​បំពង់ក។

ការដកដង្ហើម​ចូលវែងៗ និង​ការ​ក្អក​ត្រូវ​ធ្វើជា​បន្តបន្ទាប់​រៀងរាល់2វិនាទី និង​ក្អកជារឿយៗអាចជួយ​សម្រាល​អាការ​ធ្ងន់ធ្ងរ​បាន និង​ធ្វើ​បែប​ហ្នឹង​រហូត​ទាល់​តែមាន​អ្នក​មកជួយ ឬក៏​បេះដូងដំណើរការ​ជា​ប្រក្រតី​ឡើងវិញ ហើយ​ក្រោយពី​នោះ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម​កុំ​បង្អង់​យូរ។

បើ​មាន​ថ្នាំ អាស្ពីរីន នៅក្នុង​ផ្ទះ នៅពេល​ចាប់ផ្ដើម​មាន​អាការ​មិន​ស្រួល ការ​លេបថ្នាំ​អាស្ពីរីន​អាចជួយ​ឱ្យ​ចរន្តឈាម​រត់​ហូរ​វិល​បានល្អ មិន​ផ្ដុំគ្នា​ជា​ដុំ តែ​ទាំងអស់នេះ វា​ត្រឹមតែ​ជាការ​ណែនាំក្នុងករណី​ដែល​លោកអ្នក​នៅតែ​ម្នាក់ឯង​ប៉ុណ្ណោះ​ឯ​វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​ព្យាយាម​កុំឱ្យ​ខ្លួនឯង​ស្ថិតក្នុង​សភាវ​ប្រថុយប្រថាន​អី​ប្រសើរ​ជាង៕

Advertisement