Apple ទំនងជាកែប្រែគំនិត ឈប់ពន្លឿនល្បឿន iPhone ម៉ូឌែលចាស់ៗ

អាមេរិក៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងការកាត់បន្ថយល្បឿន iPhone ទៅតាមអាយុកាលរបស់ថ្មនោះ ក្រុមហ៊ុន Apple បានដាក់ចេញនូវដំណោះស្រាយពីរគឺទីមួយ បញ្ចុះតម្លៃទៅលើ​ការ​ប្ដូរ​ថ្ម និងមួយទៀតគឺបញ្ចូល Software ថ្មី ដែលអាច​ឱ្យអ្នកប្រើប្រាស់មានលទ្ធភាព​ឆែកមើល​អាយុកាលនៃថ្មទូរស័ព្ទ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន Apple ហាក់ដូចជា​ចង់កែប្រែគំនិត ឈប់ធ្វើបែប​នេះ​សម្រាប់​ iPhone ជំនាន់ក្រោយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena បានឱ្យដឹងថា ក្រុមហ៊ុន Apple បានឆ្លើយតបទៅនឹងសំណួររបស់ប្រធានគណកម្មការសភាទទួលបន្ទុកផ្នែកពាណិជ្ជកម្ម វិទ្យាសាស្រ្ត និងដឹកជញ្ជូនអាមេរិក ថាតើ Apple នឹងអនុវត្តវិធានការបែបនេះលើទូរស័ព្ទ iPhone ស៊េរីថ្មីៗ និងក្រោយៗទៀតដែរឬទេ? «ចំពោះ iPhone ម៉ូឌែល 8, 8 Plus, និង X ត្រូវបានរចនាជាមួយ Hardware ទំនើបជាងម៉ូឌែលមុនៗ ដែលអនុញ្ញាតឱ្យម៉ាស៊ីនវាអាចដំណើរការបានកាន់តែមានប្រសិទ្ធភាព និងបញ្ជៀសបញ្ហារលត់ជាយថាហេតុបាន»។ នេះជាចម្លើយរបស់ Apple។

ក្រុមអ្នកវិភាគ បានសន្និដ្ឋានបានថា Apple កំពុងបង្ហាញពីការប្តូរចិត្តរបស់ខ្លួន ដោយការព្យាយាមគ្រប់គ្រងតម្រូវការថាមពលថ្មពីម៉ាស៊ីនទូរស័ព្ទ iPhone ស៊េរីក្រោយៗ ជាជាងការដាក់បញ្ចូលកម្មវិធីដើម្បីបន្ថយល្បឿនដំណើរការរបស់វា ដែលនាំឱ្យមានការស្តីបន្ទោសយ៉ាងខ្លាំងនោះ។

គួរបញ្ជាក់ផងដែរថា នៅត្រីមាសចុងឆ្នាំ 2017 ការលក់ iPhone របស់ក្រុមហ៊ុន Apple មានការធ្លាក់ចុះ ដោយក្នុងនោះមូលហេតុដែលនាំឱ្យធ្លាក់ចុះគឺដោយសារតែ iPhone X មានតម្លៃថ្លៃ និង​ពុំសូវមានតម្រូវការ រហូតដល់ Apple ចេញមុខបញ្ជាក់ថា iPhone X ទំនងជាត្រូវកាត់បន្ថយការផលិត ឬ​បញ្ឈប់ការផលិតនៅមុនពេលវត្តមាន iPhone ជំនាន់ថ្មីមកដល់៕

Advertisement