ឆ្នាំនេះ​ក្រសួង​អប់រំ​នៅតែ​ចេញ​វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ក្នុង​ថ្ងៃ 14កុម្ភៈ

ជា​រៀងរាល់ឆ្នាំ ក្រសួង​អប់រំ យុវជន និង​កីឡា តែង​ចេញ​សេចក្តីប្រកាស​ទប់ស្កាត់​ភាពមិនប្រក្រតី​នៅ​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រឡាញ់ (Valentine Day)ដែល​ត្រូវបាន​គេ​មើលឃើញថា មាន​ភាពមិនប្រក្រតី​មួយចំនួន​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សណ្តា​ប់​ធ្នាប់​សង្គម និង​ប្រពៃណី​ខ្មែរ ដែល​បង្កឡើង​ដោយ​យុវវ័យ​កម្ពុជា​នៅក្នុង​ទិវា​នោះ។

នៅ​ឆ្នាំនេះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​ជាថ្មី​ដើម្បី​ទប់ស្កាត់​បញ្ហា​អវិជ្ជមាន​ទាំងអស់នោះ ដោយ​ក្នុង​សេចក្តីណែនាំ​នោះបាន​បញ្ជាក់ថា កន្លងមក​ក្រសួង​អប់រំ បាន​សង្កេតឃើញថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី14 កុម្ភៈ ដែលជា​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រឡាញ់ បាន​ក្លាយជា​ឱកាស​មួយ​ដែល​ធ្វើឱ្យ​សិស្ស​មួយចំនួន​ច្រឡំ​ថា ទិវា​នេះ​ជា​ទិវា​នៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​ទៅវិញ។

នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទិវា​មួយ​នេះ​បានធ្វើឱ្យ​យុវវ័យ​ខ្លះ​ភ្លើតភ្លើន​ភ្លេច​ការសិក្សា បាត់បង់​កិត្តិយស ភាព​ស្អាតស្អំ និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន និង​ក្រុមគ្រួសារ ដោយ​ប្រាសចាក​ពី​វប្បធម៌​ដ៏​ល្អ និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិខ្មែរ។ ដើម្បី​ការពារ​ថែរក្សា​នូវ​វប្បធម៌ និង​ប្រពៃណី​ដ៏​ថ្លៃថ្លា​របស់​ជាតិ ក្រសួង​អប់រំ​បានចេញ​សេចក្តីណែនាំ​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្ស​តាម​គ្រប់​មធ្យោបាយ ដូចជា​តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ កុំ​ឱ្យមាន​ការយល់​ខុសពី​អត្ថន័យ​របស់​ទិវា​នៃ​សេចក្តីស្រឡាញ់​នេះ។

ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឱ្យបាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​ការតាមដាន​វត្តមានរ​បស់​សិស្សានុសិស្ស​ជាប្រចាំ។ ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា​ដោយ​អនុវត្ត​សកម្មភាព “មិត្ត​អប់រំ​មិត្ត” និង​ត្រូវធ្វើ​ការទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អាណាព្យាបាល ឬ​សហគមន៍ ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្ស​ដើម្បី​សហការគ្នា​ទប់ស្កាត់ និង​កែលម្អ៕

Advertisement