Sane ត្រៀម​ចូល​លេង​វិញ ពេល Man City ទៅ​ជួប Basel រាត្រី​នេះ

ខ្សែបម្រើ​ស្លាប​ដ៏​ឆ្នើម Leroy Sane កំពុង​តែមាន​ភាពរឹងមាំ​គ្រប់គ្រាន់​ក្នុង​ការចូល​លេង​ក្នុង​ជម្រើស​ដំបូង​សម្រាប់​ក្រុម Manchester City នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Basel ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី 1 នៅ​រាត្រី​នេះ។

ការ​ជាសះស្បើយ​យ៉ាង​ឆាប់រហ័ស​នេះ មានន័យថា វា​លឿន​ជាង​រយៈពេល​នៃ​ការរំពឹងទុក​ដល់ 5សប្តាហ៍ ខណៈដែល​លោក Pep Guardiola ក៏បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​ផងដែរ ចំពោះ​ការ​ជាសះស្បើយ​ពីរ​បួស​កជើង​របស់​តារា​ឆ្នើម​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ។

Man City នឹងត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ក្រុម Basel របស់​ស្វ៊ី​ស នា​កីឡដ្ឋាន St Jakob-Park នៅ​ថ្ងៃ​អង្គារ​នេះ ខណៈដែល Sane អាច​នឹង​ចូល​លេង ក្រោយពី​បាន​វិល​ទៅ​ហ្វឹកហាត់​ជាមួយនឹង​ក្រុម​របស់ខ្លួន​វិញ​កាលពី​ថ្ងៃ​ចន្ទ ជា​លើក​ទី1 ចាប់តាំងពី​រូបគេ​ត្រូវរបួស​កជើង​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Cardiff City កាលពី​ថ្ងៃទី28 ខែមករា កន្លងទៅ។ ដំបូង​ឡើយ មានការ​ព្រួយបារម្ភ​ថា Sane អាច​នឹងត្រូវ​អវត្តមាន​ដល់​ទៅ 11ប្រកួត ដែល​មានន័យថា កីឡាករ​វ័យ 22ឆ្នាំ​រូបនេះ​នឹងមិន​អាច​វិល​មក​ចូល​លេង​បានឡើយ​រហូតដល់​ចុងខែ​មីនា។

នៅពេលដែល​ត្រូវបាន​ចោទសួរ​ពី​ការវិលត្រឡប់​របស់​ខ្សែបម្រើ​ស្លាប​រូបនេះ លោក Guardiola បានឱ្យដឹងថា៖ «ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ដែល​រូបគេ​ឆាប់​ជាសះស្បើយ​បែបនេះ។ រូបគេ​ធ្វើការ​ហ្វឹកហាត់​ជាច្រើន រូបគេ​នៅ​ក្មេង ប៉ុន្តែ​ខ្ញុំ​មិនបាន​រំពឹងទុក​ថា រូបគេ​មាន​ភាពជា​កីឡាករ​អាជីព​បែបនេះ​សោះ»។ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​បន្ថែមទៀតថា៖ «រូបគេ​មិនទាន់​រឹងមាំ​ល្អឥតខ្ចោះ100ភាគរយ​នៅឡើយ ប៉ុន្តែ​រូបគេ​បានជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស ហើយ​គេច​ង់​ជួយ​ដល់​ពួកយើង។ គេ​នឹង​ស្ថិតនៅ​ជាមួយនឹង​យើង ហើយ​នោះ​គឺជា​ព័ត៌មាន​ដ៏​ល្អ​មួយ»។

ក្រុម Man City នឹង​ឈានទៅ​កាន់ការ​ប្រកួត​នៅ​រាត្រី​នេះ ប្រកបដោយ​ភាពជឿជាក់ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Leicester City ក្នុង​លទ្ធផល 5-1 កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល​ខ្សែប្រយុទ្ធ Sergio Agueroបាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 4គ្រាប់។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

ប្រភពពី៖ The Guardian

Advertisement