ក្រុមហ៊ុន​យក្ស​ចិន ត្រៀម​នាំ​រ៉ែ​សំណ​មក​ផលិត​ជា​ស័ង្កសី​នៅ​កម្ពុជា

ក្រុមហ៊ុន Yunnan Xiangyunfeilong Resources Recycling Co,Ltd ដែល​គេ​ដឹងថា​ជា​ក្រុមហ៊ុន​ផលិត​ស័ង្កសី​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន​កំពុង​គ្រោង​នាំ​វត្ថុធាតុដើម គឺ​កំហាប់​រ៉ែ​សំណ​ដើម្បី​យកមក​ផលិត​ជា​ស័ង្កសី​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ចែកចាយ​លើ​ទីផ្សារ​ក្នុង​តំបន់។

លោក Yang Xihui ប្រធាន​ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ក្រុមហ៊ុន​របស់​លោកមា​ន​បំណង​នាំចូល​វត្ថុធាតុដើម​ប្រភេទ​កំហាប់​រ៉ែ​សំណ​មក​ផលិត​ជា​ស័ង្កសី និង​របស់​ប្រើប្រាស់​ជា​លោហៈផ្សេងៗ សម្រាប់​ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា និង​នាំ​ចេញទៅ​ក្រៅប្រទេស ដោយ​ឈរលើ​បទពិសោធ​របស់​ខ្លួន​ដែល​បាន​ផលិត​នៅ​ប្រទេស​ចិន​អស់​យៈ​ពេល​ជាង 20ឆ្នាំ​កន្លងមកហើយ។

ពាក់ព័ន្ធ​ករណីនេះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម បាន​ស្វាគមន៍​ដោយបាន​លើកឡើង​ពី​គោលនយោបាយ​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​សម្រួលការ​ទាក់ទាញ​វិនិយោគ​ពី​ក្រៅប្រទេស។ ក្នុងនោះ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម 2015-2025 ជា​ត្រីវិស័យ​តម្រង់ទិស​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព។ ជាមួយគ្នា​នោះដែរ ឧស្សាហកម្ម​បៃតង​គឺជា​ជម្រើស​មួយ​ដ៏​ប្រសើរ​ដែល​កម្ពុជា​ត្រូវប្រកាន់យក​ក្នុង​កិច្ចការពារ​ផលប៉ះពាល់​ជា​អតិបរមា​ដល់​បរិស្ថាន។
ចំពោះ​គម្រោងការ​នាំចូល​វត្ថុធាតុដើម​ប្រភេទ​កំហាប់​រ៉ែ​សំណ ឯកឧត្តម​បានស្នើ​ឱ្យ​ប្រធាន​ក្រុមហ៊ុន​ធ្វើបញ្ជី​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​អំពី​សារ​ធាតុ​ទាំងឡាយ​នៅក្នុង​កំហាប់​រ៉ែ​ទាំងនោះ​ថា តើ​វា​ជា​ប្រភេទ​សារធាតុ​គីមី​ហាមឃាត់ ឬ​យ៉ាងណា? ហើយ​ក្រោយពី​ចម្រាញ់​ហើយ តើ​នៅសល់​កាកសំណល់​ប្រភេទ​ណាខ្លះ និង​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ដែរឬទេ?។

ជាមួយគ្នានេះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានស្នើ​ដល់​ក្រុមហ៊ុន​ខាងលើ​ឱ្យ​ផ្តល់​គំរូ​ផលិតផល​ក៏ដូចជា​វត្ថុធាតុដើម​ដែល​ក្រុមហ៊ុន​បាន​នាំចូល​ពី​ក្រៅប្រទេស ដូចជា​ប្រទេស​អូស្ត្រាលី​ជាដើម​មក​ផលិត​ក្នុង​ខេត្ត​យូ​ណាន ប្រទេស​ចិន រយៈពេល20ឆ្នាំ​មកនេះ​មក​កម្ពុជា​ផង ដោយ​ក្នុងនោះ​ក្រសួង​នឹង​ផ្តល់​បញ្ជី​ជូន​ក្រុមហ៊ុន​ទាក់ទង​នឹង​សារ​ធាតុគីមី​ហាមឃាត់​នៅ​កម្ពុជា​ផងដែរ។

ចំពោះ​សំណើ​ខាងលើ ភាគី​ក្រុមហ៊ុន​សន្យាថា​នឹងធ្វើ​បញ្ជី​លម្អិត និង​លក្ខខណ្ឌ​ប្រកប​នានា​នៃ​សារធាតុ​រ៉ែ​ជា​វត្ថុធាតុដើម និង​គំរូ​ផលិតផល​សម្រាប់​ដាក់ជូន​ដល់​មន្ត្រី​ជំនាញ​កម្ពុជា​ពិនិត្យ និង​វាយតម្លៃ​មុននឹង​ធ្វើការ​ផលិត​នៅ​កម្ពុជា៕

Advertisement