លោក Zidane មិន​បារម្ភ ខណៈ Real Madrid ត្រៀម​រួចរាល់​ក្នុងការ​ប៉ះ PSG នៅ​រាត្រី​នេះ

លោក ZinedineZidane បាន​បញ្ជាក់ថា លោក​មិន​អនុញ្ញាតឱ្យ​សម្ពាធ​ធ្លាក់​មកលើ​រូបលោក​ឡើយ ខណៈដែល​គ្រូបង្វឹក​រូបនេះ ត្រូវ​រៀបចំ​ក្រុម Real Madrid របស់លោក​សម្រាប់​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី1 ជាមួយនឹង​ក្រុម Paris Saint-Germain នា​កីឡដ្ឋាន Santiago Bernabeu នៅ​រាត្រី​នេះ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​ទីលាន​ហ្វឹកហាត់ Valdebebas របស់​ក្រុម Real លោក Zidane បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គា​រថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់ យើង​នឹង​នៅរស់​ក្នុង​ពេលវេលា​នេះ។ ខ្ញុំ​មិនមាន​អារម្មណ៍​ពី​ការទទួល​សម្ពាធ​ណាមួយ​ឡើយ»។

គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​បាន​ត្រៀមលក្ខណៈ​ដូច​ធម្មតា។ ពិតណាស់ នៅ​ថ្ងៃ​ពុធ​នេះ នឹងមាន​សម្ពាធ​ច្រើនជាង​ធម្មតា ប៉ុន្តែ ខ្ញុំ​នឹង​រីករាយ​ជាមួយនឹង​សម្ពាធ​នោះ។ អនាគត​របស់ខ្ញុំ​មិន​រំខាន​ដល់​ខ្ញុំ​នៅពេល​នេះឡើយ»។

Real កំពុងតែ​ត្រដាបត្រដួស​ក្នុង​ក្របខ័ណ្ឌ La Liga នៅ​រដូវ​កាល​នេះ ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 នៅលើ​តារាង និង​ដេញតាម​ពីក្រោយ​ក្រុម Barcelona រហូតដល់​ទៅ 17ពិន្ទុ។ សម្រាប់​ពួកគេ វា​នឹង​អាស្រ័យទៅលើ​លទ្ធផល​ដែល​ពួកគេ​អាចធ្វើ​បាន​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ក្រោយពី​ពួកគេ​បាន​ជួប​ភាពជោគជ័យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ការប្រកួត​នេះ ក៏​នឹង​នាំឱ្យ​ខ្សែប្រយុទ្ធ​ជើងចាស់ Cristiano Ronaldo ត្រូវ​ប៉ះ​ជាមួយនឹង​តារា​ឆ្នើម​ទើបតែ​រះ Neymar ក្នុងការ​ប្រកួត​មួយ​រវាង​ក្រុម​យក្ស​ទាំងពីរ​ប្រចាំ​ទ្វីបអឺរ៉ុប​ផងដែរ។ Ronaldo ទើបតែ​រកបាន 3គ្រាប់​កាលពី​ចុង​សប្តាហ៍​មុននេះ ក្នុងពេល​ក្រុម​ខ្លួន​យកឈ្នះ​លើ​ក្រុម Real Sociedad 5-2។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

ប្រភពពី៖ Sport24

Advertisement