ផ្លែ​ឪឡឹក​សម្បក​លឿង​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ

ឪឡឹក​លឿង គឺជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​ដែលមាន​សម្បក​ខាងក្រៅ​ពណ៌​លឿង និង​សាច់​ខាងក្នុង​ពណ៌​ក្រហម និង​មាន​សាច់​ហាប់​ណែន​ផ្អែម​ឆ្ងាញ់ ឃើញ​ហើយ​គួរឱ្យ​ចង់​ទទួលទាន ដោយសារ​វា​ត្រូវបាន​គេ​ដាំ​តាម​បច្ចេកទេស​ធម្មជាតិ​សុទ្ធសាធ​ដែល​គ្មាន​ប្រើ​សារធាតុ​គីមី​ឡើយ។

លោក ផែង វណ្ណៈ ម្ចាស់​កសិដ្ឋាន​សម្តេច​យស​ដំណាក់​ក្រាញ់ មាន​ទីតាំងនៅ​ភូមិ​អ​ន្សា​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ពូជ​ឪឡឹក​ប្រភេទ​ថ្មី​នេះ​ត្រូវបាន​នាំចូល​មកពី​ប្រទេស​តៃវ៉ាន់ តាំងពី​ឆ្នាំ2010មក ហើយ​បានធ្វើការ​សាកល្បង​ដាំ​ដុះ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ដោយសារ​មើលឃើញថា កម្ពុជា និង​ចិន​មាន​អាកាសធាតុ​ត្រជាក់-ក្តៅ​ប្រហាក់ប្រហែលគ្នា​ដែល​អាច​អំណោយផល​ក្នុង​ការដាំដុះ​ដំណាំ​កសិកម្ម​មួយ​នេះ​បាន។

លោក​បន្តទៀតថា ក្រោយពី​ការសាកល្បង​ដាំ និង​ថែទាំ​ដោយ​យកចិត្តទុកដាក់​រួចមក ឪឡឹក​លឿង​ក៏​ទទួលបាន​ផល​ដូច​ការគ្រោងទុក​ពិតមែន ដោយ​ប្រើ​បច្ចេកទេស​ដាំ​ដុះ​តាមរបៀប​ធម្មជាតិ និង​ប្រើតែ​ជី​លាមក​សត្វ និង​ជីកំប៉ុស​ប៉ុណ្ណោះ ធ្វើឱ្យ​ឪឡឹក​មាន​ផ្លែ​ធំ និង​មាន​សាច់​ផ្អែម​ឆ្ងាញ់ និង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ ពិសេស​ទីផ្សារ​បន្លែ​ធម្មជាតិ ដូចជា​សួន​បន្លែ​ធម្មជាតិ(Natural Garden) ផ្សារ​សេ​ដាក់​កសិដ្ឋាន​ខ្មែរ និង​ផ្សារ​អាល្លឺម៉ង់​នៅ​ម្តុំ​ទួល​ទំពូង​ជាដើម។ល។ ចំណែក​តម្លៃ​របស់​វា​ក៏​ថ្លៃ​ជាង​ឪឡឹក​ដែល​ដាំ​តាម​បច្ចេកទេស​គីមី​ដែល​គេ​ដាក់លក់​នៅលើ​ទីផ្សារ​នានា​ដែរ។

ចំពោះ​វិធីសាស្ត្រ​ដាំ​ដុះ​វិញ មិនមាន​លក្ខណៈ​ស្មុគស្មាញ ឬ​ខុសគ្នា​ច្រើន​ពី​ការដាំ​ឪឡឹក​ក្នុងស្រុក​យើង​នោះទេ ពោលគឺ​មុននឹង​ដាំ គេ​ត្រូវ​បណ្តុះ​កូន​ចោល​នៅក្នុង​កន្ទោង ឬ​ក្នុង​ថង់​រយៈពេល 7ថ្ងៃ ទៅ10ថ្ងៃ​ជាមុនសិន។ ក្នុងអំឡុងពេល​បណ្តុះ​កូន កសិករ​ត្រូវ​ភ្ជួរ​ដី​ហាល​ឱ្យ​ស្ងួត​ល្អ​រួច​យក​ជីលា​មក​គោ ឬ​ជីកំប៉ុស​ដែល​ផ្សំ​ឡើង​ពី​រុក្ខជាតិផ្សេងៗទៅ​បាច​ពីលើ​ដី​ឱ្យ​សព្វ​ហើយ​ហាល​ចោល​ឱ្យ​ស្ងួត​ល្អ​ដើម្បី​សម្លាប់​មេរោគ រួចហើយ​ទើប​ភ្ជួរ​ត្រឡប់​លុប​ជី​នោះ និង​ភ្ជួរ​លើក​ជា​រង​ដោយ​ទុកចន្លោះ​ពីគ្នា​ប្រមាណ​ជា 3ម៉ែត្រ។

ក្រោយពី​លើក​ជា​រង​រួច គេ​ចាប់ផ្តើម​យក​កូន​ឪឡឹក​ទៅ​បង្កាត់​ពូជ ឬ​បំបៅ​ជាមុនសិន ទើប​យកទៅដាក់​ដាំ​ដោយ​ទុក​ចម្ងាយ​ពីមួយ​គុម្ព​ទៅមួយ​គុម្ព​ចំនួន​មួយ​ម៉ែត្រ និង​ដាក់​ដាំ​ក្នុង​មួយ​គុម្ព​តែមួយ​ដើម​ប៉ុណ្ណោះ។ អំឡុងពេល​ដាំ​នោះ កសិករ​ត្រូវ​ស្រោច​ទឹកជា​រៀងរាល់ថ្ងៃ ស្រោច​តិច ឬ​ច្រើន គឺ​អាស្រ័យ​លើ​កត្តា​អាកាសធាតុ​ក្តៅ ឬ​ត្រជាក់។ ក្រោយពី​ចាប់ផ្តើម​ដាក់​ដាំ​រួចហើយ ពេល​ឪឡឹក​មាន​អាយុ​កន្លះ​ខែ​ត្រូវដាក់​ជី​នៅតាម​គុម្ព​ម្តងទៀត និង​ថែទាំ​បាញ់ថ្នាំ​ផ្សំ​ពី​ធម្មជាតិ​ដើម្បី​ការពារ​សត្វល្អិត​ជាប្រចាំ កុំឱ្យ​សត្វល្អិត​មក​យាយី​ធ្វើឱ្យ​មិនសូវ​ទទួលបាន​ផល​ល្អ។ លោក​បាន​បញ្ជាក់ថា “បើ​ដាំ​តាម​ធម្មជាតិ​ឪឡឹក​មិនបាន​ផ្លែ​ធំ​ទេ គឺមាន​ទម្ងន់​ប្រហែលជា 1គីឡូក្រាម​ទៅ 1.5គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ចេះ​បំបៅ​បង្កាត់​ពូជ​វិញ ឪឡឹក​នឹងមាន​ទម្ងន់​ចន្លោះ​ពី4 ទៅ7គីឡូក្រាម​ឯណោះ​ក្នុង​មួយ​ផ្លែ។

ក្រោយពី​ដាក់​ដាំ​បាន​ត្រឹម​រយៈពេល​តែមួយ​ខែ ឪឡឹក​នឹង​ចាប់ផ្តើម​ចេញ​ផ្កា និង​ផ្លែ រហូតដល់​អាយុ​មួយខែ​កន្លះ​ទើប​ផ្លែ​ឪឡឹក​ទុំ​អាច​បេះ​លក់បាន ដោយ​ក្នុង1ហិកតា​ដែលមាន​ប្រមាណ​ជា 3,600គុម្ព​នោះ គេ​អាច​ប្រមូល​ផល​បាន​ប្រមាណ​ជា 40តោន​ដោយ​លក់​បោះ​ដុំ​ក្នុង​មួយ​គីឡូក្រាម​បាន​តម្លៃ 2,000 – 2,500រៀល ឬ​មានតម្លៃ​ប្រហាក់ប្រហែល 8,000រៀល ទៅ10,000រៀល​ក្នុង​មួយ​ផ្លែ។ បន្ទាប់ពី​ប្រមូល​ផល​បាន​ប្រហែលជា 10ថ្ងៃ ឪឡឹក​នឹងត្រូវ​ងាប់​ដើម​អស់ តែ​គេ​នៅ​អាច​រក្សាទុក​ផ្លែ​ឪឡឹក​ប្រភេទ​នេះ​បាន​រហូត 2 ទៅ3សប្តាហ៍។

ម្ចាស់​កសិដ្ឋាន​ខាងលើ​បាន​អះអាងថា ឪឡឹក​ប្រភេទ​នេះ​នៅ​ស្រុក​យើង​គឺ ដាំ​បាន​គ្រប់​រដូវ​កាល​មិនមែន​សម្រាប់តែ​រដូវក្តៅ ឬ​ត្រជាក់​នោះទេ ហើយ​ទទួលបាន​ផល​ល្អ​ដូចគ្នា ប៉ុន្តែ​ត្រូវមាន​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់ ពិសេស​គឺ​ត្រូវ​បូមទឹក​ដាក់ និង​ការពារ​សត្វល្អិត​ចង្រៃ​ជាប្រចាំ។ ប៉ុន្តែ​សម្រាប់​កសិដ្ឋាន​ខាងលើ​វិញ​គឺ ដាំ​តែ​ពីរ​រដូវ​ប៉ុណ្ណោះ ដោយ​អាច​បេះ​លក់បាន​ចំពេល​រដូវចូលឆ្នាំ​ចិន និង​ចូលឆ្នាំ​ខ្មែរ​តែម្ដង ព្រោះ​ជា​ខែ​ដែលមាន​តម្រូវការ​ក្នុងការ​សែនព្រេន​ដូនតា ដែល​លក់ដាច់​ខ្លាំង និង​មានតម្លៃ​ខ្ពស់​ទៀតផង៕

Advertisement