ប្រតិកម្ម 9យ៉ាង​របស់​រាងកាយ ដែល​អ្នក​គិតថា​ជា​រឿង​ប្រក្រតី… តែ​មិន​ប្រក្រតី​ទេ

ទំព័រ​សុខភាព​លេខ​នេះ ឡា​រ៉ែ​ន មាន​ខ្លឹមសារល្អៗ ពាក់ព័ន្ធ​នឹង​សុខភាព​រាងកាយ​ដែល​មិត្ត​អ្នកអាន​អាច​នឹងមិន​ធ្លាប់​បានដឹង​ពីមុនមក​ជម្រាបជូន។

ជា​ប្រក្រតី​រាងកាយ​របស់​មនុស្ស​យើង​មានប្រតិកម្ម​ជាច្រើន​ដែល​មនុស្ស​ភាគច្រើន​គិតថា វា​ជា​រឿង​ប្រក្រតី​ធម្មតា​ដែល​កើតឡើង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​តាម​ធម្មជាតិ ដូចជា ការ​ស្ងាប និងការ​កណ្ដាស់​ជាដើម ទាំងអស់នេះ​វា​ជា​រឿង​អស្ចារ្យ​ម្យ៉ាង​របស់​រាងកាយ​មនុស្ស​យើង តែ​ការពិត​វា​ជា​យន្តការ​មួយ​ក្នុងការ​ការពារ​ខ្លួន​របស់​រាងកាយ​អ្នក​ហ្នឹងឯង ទើប​ថ្ងៃនេះ ឡា​រ៉ែ​ន សូមនាំ​ប្រតិកម្ម9យ៉ាង​របស់​រាងកាយ​ម​នុស្ស​យើង​មក​ជម្រាបជូន​មិត្ត​អ្នកអាន​ទាំងអស់គ្នា​បានដឹង។

1/ កណ្ដាស់៖ ជា​ប្រក្រតី​អ្នកនឹង​កណ្ដាស់​នៅពេល​ច្រមុះ​របស់​អ្នកមាន​សារធាតុ​បង្ក​ប្រតិកម្ម​ចាញ់​អ្វី​ម្យ៉ាង ដូចជា ធូលី​ដី​ក្លិន​ឆួល ឬអ្វី​ម្យ៉ាង​ដែល​ប៉ះពាល់​សាច់​ភ្នាស​ច្រមុះ​ខ្លាំង​ជ្រុល​ពេក ដូច្នេះ​ទើប​ការ​កណ្ដាស់​ប្រៀបដូចជា​ការ​កម្ចាត់​សំរាម​ចេញពី​រាងកាយ​ដែរ។

2/ ស្ងាប៖ ជា​ប្រតិកម្ម​ម្យ៉ាង​ដែល​រាងកាយ​ធ្វើឡើង​ដើម្បីឱ្យ​ខួរក្បាល​ត្រជាក់​ចុះ បន្ទាប់ពី​ខួរក្បាល​បានទទួល​កម្ដៅ​ខ្លាំង​ជ្រុល​ពេក។

3/ ព្រឺ​សម្បុរ (ព្រឺរោម)៖ វា​ជាការ​បន្ថយ​បរិមាណ​កម្ដៅ​នៅក្នុង​រាងកាយ​តាមរយៈ​រន្ធ​រោម ដើម្បី​ជាការ​ផ្ដល់​ភាពកក់ក្ដៅ​ចំពោះ​រាងកាយ​ក្នុង​សភាព​អាកាសធាតុ​មិន​អំណោយផល។

4/ ភ្ញាក់​កន្ត្រាក់​ពេល​គេង​លក់៖ ជា​អា​ការដែល​ពេល​អ្នក​កំពុង​គេង​លក់​ទៅហើយនោះ សុខៗស្រាប់តែ​កើត​អាការ​ភ្ញាក់​កន្ត្រាក់​ភ្លាម​ឡើង​តែម្ដង។ ជាការ​កន្ត្រាក់​របស់​សាច់ដុំ ដែល​ជួនកាល​វា​អាច​កន្ត្រាក់​ខ្លាំង​រហូតដល់​អ្នកខ្លះ​សឹងតែ​ធ្លាក់​ពីលើ​គ្រែ​ផង​ក៏មាន។ វា​ជា​លទ្ធផល​មកពី​ក្រោយពេល​រាងកាយ​លង់លក់​ទៅ ចង្វាក់​នៃ​ការដកដង្ហើម​នឹង​ធ្លាក់ចុះ​ទាបភ្លាមៗ ហើយ​ខណៈពេល​ជាមួយគ្នា ជីពចរ​ក៏​នឹង​លោត​យឺត​ដែរ រួមទាំង​សាច់ដុំ​ក៏​បន្ធូរ​ខ្លួន​ដែរ​ផង​នោះ ដូច្នេះ​ទើប​ខួរក្បាល​ត្រូវ​ធ្វើឱ្យ​រាងកាយ​ស្វាហាប់​ឡើងវិញ ដើម្បី​មិនឱ្យ​ប្រព័ន្ធផ្សេងៗធ្វើការ​យឺត​រហូតដល់​ឈប់​ធ្វើការ ទើប​ខួរក្បាលបញ្ជូន​ការងារ​ធ្វើឱ្យ​រាងកាយ​អង្រួន​ឡើង​ហ្នឹងឯង។ អាច​និយាយបានថា នេះ​ជា​ភាព​អស្ចារ្យ​មួយ​របស់​ខួ​ក្បាលមនុស្ស​យើង។

5/ ទឹកភ្នែក៖ ក្រៅពី​ការបំពេញ​តួនាទី​ការពារ​មិនឱ្យ​វត្ថុ​ចម្លែកផ្សេងៗចូលមកក្នុង​កែវភ្នែក​ហើយ​នោះ ទឹកភ្នែក​ថែមទាំង​ជា​ឧបករណ៍​ការពារ​ខាង​អារម្មណ៍​ទៀតផង ដោយ​អ្នកវិទ្យាសាស្ត្រ​ជឿថា ក្នុង​ស្ថានការណ៍​ដែល​តានតឹង រាងកាយ​នឹង​សាង​ចំណាប់អារម្មណ៍​ទៅ​កន្លែង​ផ្សេង ទើប​ធ្វើឱ្យ​កែវភ្នែក​ក្រហាយ និង​យំ​ស្រក់​ទឹកភ្នែក​ចេញមក។

6/ ស្បែក​ឡើង​ផុយ៖ ក្រោយពី​រាងកាយ ឬ​ស្បែក​មនុស្ស​យើង​ត្រូវ​ទឹក ឬ​ត្រាំ​ក្នុង​ទឹក​អស់​រយៈពេល​យូរ គេ​សង្កេតឃើញថា ស្បែក​ឡើង​ជ្រួញ​ផុយ ជាពិសេស​នៅលើ​ដៃ​និង​ជើង។ វា​ជា​រឿង​ដែល​កើតឡើង​បាន បើសិនជា​រាងកាយ​បានទទួល​ភាព​ទទឹក​សើម​ក្នុង​បរិមាណ​ខ្ពស់ ដូច្នេះ​ស្បែក​នឹង​ចាប់ផ្ដើម​សម្រួល​ខ្លួន​ភ្លាម ដើម្បីឱ្យ​អាច​ចាប់​កាន់​វត្ថុ​រាបស្មើរលោងៗបាន​យ៉ាង​ងាយ។

7/ ការបាត់បង់​ការចង​ចាំ៖ ច្រើនតែ​កើតឡើង​ក្រោយពី​បាន​ជួប​ហេតុការណ៍​អាក្រក់​បំផុត ដូច្នេះ​ទើប​ខួរក្បាល​ធ្វើការ​លុប​ការចងចាំ​នោះ​ចោល។

8/ ត្អើក៖ ការទទួល​ទាន​អាហារ​យ៉ាង​រហ័ស​លេប​អាហារ​ដុំធំៗ ឬ​ទទួលទាន​ច្រើន​ជ្រុល​ពេក នឹង​ហុច​ផល​រំខាន​ប្រព័ន្ធ​ប្រសាទ Pneumogastric បន្ទាប់ពីនោះ​ប្រព័ន្ធ​ប្រសាទ​នឹង​ត​ភ្ជាប់​មករក​ក្រពៈ និង​ក្បាំង​ខ្យល់​របស់​អ្នក​ធ្វើឱ្យ​កើតការ​ត្អើក​ឡើង។

9/ ការ​ពន្យឺត ឬ​ពត់​ខ្លួន៖ តាម​សញ្ជាតិញាណ​អ្នក​តែងតែ​ពន្យឺត ឬ​ពត់​ខ្លួន​ដើម្បី​ត្រៀម​ភាព​ប្រុងប្រៀប​សម្រាប់​រាងកាយ តែ​ក្នុងខណៈពេល​ជាមួយគ្នា​នោះ ការ​ពន្យឺត​សាច់ដុំ​ក៏​ជួយ​ស្ដារ​ចរន្តឈាម​រត់ និង​ជួយ​បង្កើន​អារម្មណ៍​ឱ្យ​រាងកាយ​មាន​ភាពស្វាហាប់​ផងដែរ៕

Advertisement