អ្នកវិនិយោគ​ជប៉ុន​គ្រោង​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​វិស័យ​សេវាកម្ម​នៅ​កម្ពុជា

ក្រុមមន្ត្រី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន ឈ្មោះថា JETRO បាន​អះអាងថា វិនិយោគិន​របស់ខ្លួន​ជាច្រើន​នាក់​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ស្វែងយល់​ពី​វិស័យ​សេវាកម្ម​មុននឹង​បោះទុន​វិនិយោគ។

លោក ម៉ាសា​ហ្ស៊ី កូ​ណូ (Masashi Kono) ដែល​ដឹកនាំ​ក្រុម​គណប្រតិភូ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ម្សិលមិញ​បានលើកឡើង​ថា នៅ​សប្ដាហ៍​ក្រោយ​អង្គការ JETRO នឹង​ដឹកនាំ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​មួយក្រុម​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​សិក្សា​ស្វែងយល់​អំពី​វិស័យ​សេវាកម្ម​នៅ​កម្ពុជា ដែល​រួមមាន​ភោជនីយដ្ឋាន បដិសណ្ឋារកិច្ច និង​ទេសចរណ៍។

ជំនួប​ដ៏​កម្រ​នោះ ក៏មាន​ការពិភាក្សា​លើ​ការងារ​មួយចំនួន​ដែល JETRO កំពុងតែ​អនុវត្ត ជាពិសេស​ការសម្របសម្រួល និង​ជំរុញ​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​ក្នុង​គោលដៅ​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើនឡើង និង​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ផងដែរ។

ជាការ​ឆ្លើយតប ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​សម្ដែង​ការស្វាគមន៍​ដល់​ក្រុមហ៊ុន​ជប៉ុន​ដែល​តែងតែ​នាំនូវ​ស្ដង់ដារល្អៗមក​កម្ពុជា។ ឯកឧត្តម​បាន​កត់សម្គាល់ថា ការរីកដុះដាល​របស់​ភោជនីយដ្ឋាន​ជប៉ុន ជាពិសេស​ដែល​បាន​ចូលរួម​ក្នុងការ​លើកកម្ពស់​សុវត្ថិ​ភាព​ចំណីអាហារ​នៅ​កម្ពុជា​ផងដែរ៕

Advertisement