ប្រវត្តិ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន

ជា​រៀងរាល់ឆ្នាំ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​ជាប់សែស្រឡាយ​ជា​កូន​ចិន​នៅ​កម្ពុជា តែងតែ​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​តាម​ប្រពៃណី​ចិន​មិន​ដែរ​ខាន​ឡើយ ប៉ុន្តែ​អ្នកខ្លះ​ធ្វើ​ទៅតាម​ទម្លាប់​ដែលដូនតា​កុងម៉ា​ធ្វើតៗគ្នា ដោយ​មិនសូវ​យល់​ពី​អត្ថន័យ​នៃ​បុណ្យចូលឆ្នាំ​ចិន​នេះ​ប៉ុន្មាន​ឡើយ។

បុណ្យចូលឆ្នាំ​ចិន​ឬ​ហៅ​ម្យ៉ាង​ទៀតថា «បុណ្យ​នា​និ​ទាឃ​រដូវ» គឺជា​ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់បំផុត​សម្រាប់​ជនជាតិ​ចិន។ មាន​ប្រជាជន​មួយចំនួន ជាពិសេស​ជនជាតិ​ចិន​នៅក្រៅ​ប្រទេស បាន​ហៅ​ពិធីបុណ្យ​នេះ​ថា បុណ្យចូលឆ្នាំ​ចន្ទគតិ​ថ្មី។ តាម​ប្រពៃណី ពិធីបុណ្យ​នេះ​ចាប់ផ្ដើម​នៅ​ថ្ងៃទី1 នៃ​ខែ​ទី1តាម​ចន្ទគតិ ក្នុង​ប្រតិទិន​ចិន ហើយ​បញ្ចប់​ទៅវិញ នៅ​ថ្ងៃទី15 ដែល​គេ​ហៅ​ថ្ងៃនេះ​ថា ពិធីបុណ្យ​បង្ហោះគោម។ ពេល​ល្ងាច នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​គេ​ឱ្យ​ឈ្មោះថា ជូ​ស៊ី។ ពាក្យ​នេះ​មានន័យថា ពេល​ល្ងាច​ឆ្លង​ឆ្នាំ។

ប្រតិទិន​ចិន​តាម​ចន្ទគតិ និង​សុរិយគតិ គឺជា​គោល​មួយ​សម្រាប់​កំណត់​កាលបរិច្ឆេទ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន។ ប្រតិទិន​នេះ ក៏ត្រូវ​បាន​ប្រើ​នៅក្នុង​ប្រទេស​ដែល​យល់ព្រម​ទទួល ឬក៏​បានទទួល​ឥទ្ធិពល​ពី​វប្បធម៌​នៃ​ជនជាតិ​ហាន (ជាពិសេស​ប្រជាជន​តៃវ៉ាន់, ជនជាតិ​កូរ៉េ, ជនជាតិ​ជប៉ុន និង​ជនជាតិ​យួន)។

យោងទៅតាម​រឿងនិទាន និង​រឿងព្រេង ការចាប់ផ្ដើម​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន បាន​ផ្ដើមឡើង​ជាមួយ​ការ​វាយ​ប្រយុទ្ធប្រឆាំង​ជាមួយ​សត្វ​ក្នុង​ទេវ​កថា ដែលមាន​ឈ្មោះថា នៀ​ន មានន័យថា “ឆ្នាំ” ជា​ភាសា​ចិន។ នៅ​ថ្ងៃទី1 ក្នុង​ឆ្នាំ​ថ្មី នៀ​ន បានមក​កាប់សម្លាប់​ពួក​បសុសត្វ សូម្បីតែ​អ្នកភូមិ​ក៏ដោយ ជាពិសេស​គឺពួកក្មេង។ ដើម្បី​ការពារ​ខ្លួន ពួក​អ្នកភូមិ​បានដាក់​ចំណីអាហារ​នៅមុខ​ផ្ទះរបស់​ពួកគេ​ជា​រៀងរាល់​ដើមឆ្នាំ។ គេ​មានជំនឿថា បន្ទាប់ពី នៀ​ន បាន​ស៊ី​ចំណីអាហារ ដែល​ពួកគេ​ដាក់ឱ្យ​រួចហើយ វា​នឹងមិន​ធ្វើបាប ឬ​កាប់សម្លាប់​ប្រជាជន​ទៀត​ទេ។ គ្រាមួយ អ្នកភូមិ​បានឃើញ នៀ​ន មាន​ភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែល​ស្លៀកពាក់​ពណ៌​ក្រហម រួចហើយ​អ្នកភូមិ​ក៏​នាំគ្នា​យល់ថា នៀ​ន ខ្លាច​ពណ៌​ក្រហម។ ហេតុនេះហើយ នៅពេលដែល​ឆ្នាំ​ថ្មី​មកដល់ អ្នកភូមិ​នាំគ្នា​បំពាក់​គោម​ពណ៌​ក្រហម និង​បិត​ក្រដាស​ពណ៌​ក្រហម​នៅតាម​ទ្វារ និង​បង្អួច​ផ្ទះរៀងៗខ្លួន។

អ្នកភូមិ​ក៏បាន​ប្រើ​ផាវ ដើម្បី​បណ្ដេញ នៀ​ន ឱ្យទៅ​ឆ្ងាយ​ពី​ភូមិ​របស់​ពួកគេ​ផងដែរ។ បន្ទាប់ពី​ពេលនោះ​មក នៀ​ន ពុំ​បានមក​ក្នុងភូមិ​ម្ដង​ទៀតឡើយ។នៅ​ចុងក្រោយ ហុង​ជុន​ឡាវ​ស៊ូ ជា​ព្រះសង្ឃ​សាសនា​តាវ​បុរាណ​ម្នាក់ បាន​ចាប់​សត្វ នៀ​ន នោះ។ សត្វ នៀ​ន ក៏​ខ្លាច​ទៅជា​យានជំនិះ របស់​ព្រះសង្ឃ​ហុង​ជុន​ឡាវ​ស៊ូ ទៅ។

អំពី​ជំនឿផ្សេងៗរបស់​បងប្អូន​ជនជាតិ​ចិន​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន

ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ចិន ឬក៏​ពី​ធីផ្សេងៗជា​ជំនឿ​របស់​បងប្អូន​ជាប់សែស្រឡាយ​ចិន មានការ​គោរព​ប្រ​ណិ​ប័ត​នូវ​ជំនឿផ្សេងៗជាច្រើន​ក្នុងនោះ​មាន​ការបិទ​យ័ន្ត​នៅមុខ​ផ្ទះ ក្នុងផ្ទះ មានការដុត​ផាវ មានការ​លោត​ម៉ុង​សាយ មានការ​សែនព្រេន មាន​ការដុត​ក្រដាស ដុត​ធូប​នៅ​ព្រះវិហារ ការនាំយក​អំពៅខ្មៅ និង​ស្លឹក​មៀន និង​ការតាំង​ផ្កា​អង្គាសីល​ក្នុងផ្ទះ​ជាដើម ។ល។

ជំនឿ និង​តំណម​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន

តាម​ប្រវត្តិសាស្ត្រ​ចិន មាន​ជំនឿ​លើ​ការគោរព​បុណ្យចូលឆ្នាំថ្មី​នេះ​យ៉ាងខ្លាំង។ គេ​មាន​តំណម​ជាច្រើន​នៅក្នុង​អំឡុង​ចូលឆ្នាំ3ថ្ងៃនេះ ជាពិសេស​ថ្ងៃទី1 ឫ​ហៅថា ថ្ងៃ​ឈឺ​អុ​ិ​ច។ ក្នុង​រយ:ពេល3ថ្ងៃនេះ គេ​ចាត់ទុកជា​ថ្ងៃ​ពិសេស​បំផុត​ដែល​មិនត្រូវ​ធ្វើ​អ្វី​ល្អក់កក​នាំឱ្យ​ប៉ះពាល់​ដល់​មង្គល ឬ​ដល់​ឆ្នាំ​ថ្មី​ឡើយ។ គេ​ត្រូវ​ធ្វើឱ្យ​សប្បាយ​នាំ​សិរី​សួស្តី​ចូលខ្លួន និង​ក្រុមគ្រួសារ។

តំណម​យំ

ក្នុងអំឡុង​បុណ្យចូលឆ្នាំថ្មី​ជនជាតិ​ចិន​មាន​តំណម​មិនឱ្យ​កើតរឿង​យំសោក​សៅ​នោះទេ ពីព្រោះ​វា​អាច​នាំមក​នូវ​រឿង​អពមង្គល​ដល់​ឆ្នាំ​ថ្មី​រហូត​ពេញ​មួយឆ្នាំ។ តំណម​នេះ​សូម្បីតែ​កូនចៅដែល​រឹងរូស​ក៏​ឪពុកម្តាយ ឬ​មនុស្ស​ចាស់​មិន​វាយ​ប្រៀនប្រដៅ​ដែរ គឺ​អត់ទ្រាំ​រហូត​ចប់​បុណ្យចូលឆ្នាំថ្មី​សិន។

តែងខ្លួនស្អាតៗតែ​មិនគួរ​កក់សក់

ការ​ស្លៀកពាក់​ខោអាវ​ថ្មី និង​តែងខ្លួន​ស្អាតបាទ​ជា​រឿង​សំខាន់បំផុត​សម្រាប់​មនុស្ស​គ្រប់រូប​ក្នុង​ថ្ងៃ​ទទួល​ឆ្នាំ​ថ្មី។ ទោះបីយ៉ាងណា​ក្នុងអំឡុង​ពេលនេះ គេ​មាន​តំណម​មួយ​គឺ​ហាម​កក់សក់ ប៉ុន្តែ​កន្លែងដទៃៗទៀត​អាចធ្វើ​ការសម្អាត​បាន​ធម្មតា ពីព្រោះថា ការ​កក់សក់​គេ​មានជំនឿថា​ហាក់បីដូចជា​ការលាង​ជម្រះ​ជោគ​សំណាង​ចេញពី​ខ្លួន​ដូច្នោះ​ដែរ។ ចំពោះ​សម្លៀកបំពាក់ពណ៌​ក្រហម​ជាទី​ពេញនិយម​បំផុត ដែល​គេ​ប្រើ​សម្រាប់​ស្លៀកពាក់​ក្នុងអំឡុង​ចូលឆ្នាំ​ចិន។ ពណ៌​នេះ​គេ​ចាត់ទុកជា​ពណ៌​ងូវ​ហេង​នាំ​ជោគ​លាភ និង​សិរី​សួស្តី។ សម្រាប់ក្មេងៗ ឬ​មនុស្ស​នៅ​លីវ គេ​តែង​ឱ្យ​អាំង​ប៉ាវ ដែលជា​កញ្ចប់​លុយ​ពណ៌​ក្រហម ព្រមទាំង​ក្រដាសប្រាក់ថ្មីៗ ដើម្បី​ទទួល​ជោគ​លាភ​សម្រាប់​ឆ្នាំ​ថ្មី​ផងដែរ។

ហាម​ចូល​បន្ទប់​របស់​អ្នកដទៃ

ការចូល​ទៅរក​នរណា​ម្នាក់​ក្នុង​បន្ទប់ដេក​របស់គេ​ក្នុង​ថ្ងែ​បុណ្យចូលឆ្នាំ​ចិន ចាត់ទុកថា​ជា​ជោគ​សំណាងអាក្រក់។ ដូច្នេះ​ទោះបី​អ្នកមាន​រោគ​ជំងឺ​ដែល​ត្រូវ​ចូលទៅ​សួរសុខទុក្ខ ក៏​ចាំបាច់​ត្រូវ​ចេញមក​អង្គុយ​ក្នុង​បន្ទប់ទទួលភ្ញៀវ​ដែរ។ មិនគួរ​ប្រើ​កាំបិត ឬ​កន្ត្រៃ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នោះទេ ព្រោះ​គេ​មានជំនឿថា នេះ​ជាការ​កាត់​ជោគ​លាភ ហើយ​បើ​មាន​មុត​ដៃជើង​ផង គឺ​កាន់តែជួប​រឿង​អាក្រក់​ថែមទៀត។

មិនឱ្យ​បែក​ចាន ឬ​កែវ

ក្នុងថ្ងៃនេះ​គេ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​កាន់​ចាន ឬ​កែវ​ខ្លាំងណាស់ ព្រោះ​បើ​មាន​បង្ក​ឱ្យ​ប្រេះស្រាំ ឬ​ធ្លាក់ បែក​ជាការ​នាំឱ្យ​បាត់បង់​ជោគ​លាភ ហើយ​ជីវិត​ក្នុង​ឆ្នាំ​នោះ​នឹង​ជួបតែ​រឿងប្រេះឆា​ពុំ​សូវ​មាន​សេចក្តីសុខ​ឡើយ៕

Advertisement