ទទួលទាន​ភេសជ្ជៈ ក្រូចឆ្មារ និង​ទឹកឃ្មុំ​ក្តៅ​ឧណ្ឌៗរាល់​ព្រឹក ល្អ​ចំពោះ​សុខភាព

ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​គឺជា​រឿង​សំខាន់ មិន​ថា​អ្នក​ស្ថិតនៅក្នុង​វ័យ​ណា​នោះទេ។ ដោយឡែក​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន ធ្លាប់បាន​ជម្រាបជូន​ពី​អត្ថប្រយោជន៍​របស់​ផ្លែក្រូច​ឆ្មារ និង​ទឹកឃ្មុំដែលមាន​គុណប្រយោជន៍​ចំពោះ​សុខភាព​ស្បែក សម្រស់ និង​សារពាង្គកាយ​ជាច្រើន​អត្ថបទ​រួចមកហើយ នៅពេលនេះ​សូម​ងាក​មក​យល់ដឹង​ពី​ភេសជ្ជៈ​ក្រូចឆ្មារ និង​ទឹកឃ្មុំ​ល្អ​ចំពោះ​សុខភាព​វិញ​ម្តង។

ឡា​រ៉ែ​ន សូម​ណែនាំ​អំពី​ការ​ទទួលទាន​ភេសជ្ជៈ ក្រូចឆ្មារ និង​ទឹកឃ្មុំ​ក្តៅឧណ្ហៗរាល់​ព្រឹក ដែល​ធ្វើឱ្យ​សុខភាព​របស់​អ្នកមាន​ភាពល្អ​ប្រសើរឡើង និង​មិន​ងាយ​មាន​ជំងឺ​ឱកាសនិយម​កើត​ឡើងលើ​រូបអ្នក​ឡើយ។

ការ​ទទួលទាន​ភេសជ្ជៈ​ក្រូចឆ្មារ និង​ទឹកឃ្មុំ​ក្តៅឧណ្ហៗរាល់​ព្រឹក ជា​ទង្វើ​ដែល​ហុច​ផល​ល្អ​ដល់​សុខភាព​ដូចជា៖

1/ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ
ក្រូចឆ្មារ និង​ទឹកឃ្មុំ អាច​ប្រមូល​ជាតិពុល​ចេញពី​ក្នុង​ក្រពះ​របស់​អ្នក​បាន​យ៉ាង​ល្អ។ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​ច្រើន​ហួស​កម្រិត​នៅពេល​យប់ ឬ​ទទួលទាន​សារជាតិ​ខ្លាញ់​ច្រើន នោះ​អ្នក​គួរតែ​ទទួលទាន​ទឹក​ក្តៅឧណ្ហៗលាយ​ជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ ព្រោះ​វា​អាចជួយ​លាង​សម្អាត​ក្រពះ​របស់​អ្នក​បាន​យ៉ាង​ល្អ និង​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក។

2/ បន្សាប​ជាតិពុល និង​បញ្ចុះ​ទឹកនោម
ការ​ពិសា​ទឹក​ក្តៅឧណ្ហៗជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ នៅពេល​ព្រឹក​គឺ​ជួយ​បន្សាប​ជាតិពុល​ចេញពី​ក្នុង​ខ្លួន ជាពិសេស វា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​អត្រា​ទឹកនោម និង​ជួយ​សម្រួល​ដល់​ទឹកនោម​ឱ្យមាន​សុខ​ភាពល្អ​ផងដែរ។

3/ ជួយ​ឱ្យ​ដកដង្ហើម​បាន​ស្រស់ថ្លា
ដូច​អ្នក​បានដឹងហើយថា ក្លិន​មាត់​វា​តែងតែ​កើតមានឡើង​នៅពេល​ក្រោកពីដំណេក​ពេលព្រឹក ប៉ុន្តែ​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ក្តៅ លាយ​ជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ វា​ជួយ​សម្រួល​ដល់​ក្លិន​មាត់​របស់​អ្នក​ធ្វើឱ្យ​ខ្យល់​ដង្ហើម​មាន​ភាពស្រស់ថ្លា។ បន្ថែម​ពីនេះ​ទៅទៀត វា​អាច​សម្លាប់​មេរោគ​ក្នុង​មាត់​បាន​ថែម​ទៀតផង។

4/ ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា
ដោយសារតែ​ទឹកឃ្មុំ និង​ក្រូចឆ្មារ មាន​សារធាតុ​បំប៉ន​ជាច្រើន ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ដូច​បំណង ព្រោះ​វា​បាន​ទៅ​ជម្រុះ​ជាតិ​ខ្លាញ់​នៅក្នុង​ស្បែក​របស់​អ្នក។ ជាពិសេស​ទៀត​នោះ វា​ជួយ​ការពារ​ការកើត​មុនធំៗ និង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ម៉ដ្ឋ​រលោង។

5/ សម្រក​ទម្ងន់
ចំពោះ​ចំណុច​នេះ មនុស្ស​មួយចំនួនធំ​តែង​គិតថា​ការទទួល​ទាន​ទឹក​ក្តៅឧណ្ហៗជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ​បែបនេះ អាចជួយ​ស្រក​ទម្ងន់​បាន ប៉ុន្តែ​មិនមាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណាមួយ​បានបញ្ជាក់​នោះទេ។ ទន្ទឹមនឹង​មិនមាន​ភស្តុតាង​វិទ្យាសាស្ត្រ​បានបង្ហាញ​ក៏ដោយ ក៏​វា​មិនបាន​ធ្វើឱ្យ​មនុស្ស​ទាំងអស់​បញ្ឈប់​នូវ​វិធី​ស្រក​ទម្ងន់​បែបនេះ​ឡើយ ពោលគឺ​ពួកគេ​នៅតែ​និយម​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ដ​ដែរ ព្រោះ​ពួកគេ​គិតថា​វា​អាចជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ​ពិតមែន។

6/ ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ
អ្នកជំនាញ​ធ្លាប់បាន​បកស្រាយ​ថា ការទទួល​ទាន​ទឹក​ក្តៅឧណ្ហៗជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ នៅពេល​ព្រឹក​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​រឹងមាំ។ ចំពោះ​ទឹកឃ្មុំ មាន​សារធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីតកម្ម ហើយ​ក្រូចឆ្មារ​សម្បូរ​ទៅដោយ​ជាតិ​វីតាមីន C ដែល​ជួយ​ប្រឆាំង​អុកស៊ីតកម្ម ថែមទាំង​ធ្វើឱ្យ​រាងកាយ​របស់​អ្នកមាន​សភាព​ស្រ​ឡូ​ន​ស្អាត​ថែម​ទៀតផង៕

Advertisement