ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​ខ្មែរ​ចាប់ផ្តើម​មាន​ទីផ្សារ​ក្រៅប្រទេស​ឡើងវិញ​ហើយ

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​គ្រប់គ្រង​ច័ន្ទ​ន៍ក្រឹ​ស្នា​រវាង​ក្រុមហ៊ុន​កម្ពុជា-ថៃ ​/ កម្មករកំពុងថែទាំដើមច័ន្ទន៍ក្រឹស្នា

ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​ត្រូវបាន​ដាំ​ដុះ​តាំងពី​សម័យបុរាណ​កាល​មក ប៉ុន្តែ​ត្រូវបាន​គេបោះបង់​ចោល អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​ហើយដោយ-សារ​កង្វះ​ទីផ្សារ​នាំចេញ។ ដោយ​មើលឃើញ​ពី​គុណប្រយោជន៍​ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​នេះ ក្រុមហ៊ុន​ថៃ​មួយ​បាន​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់100លាន​ដុល្លារ ដើម្បី​កែច្នៃ​ដើមឈើ​ក្រអូប​ខាងលើ​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​នានា​នៅលើ​ពិភពលោក។

លោកស្រី នួន ប៊ុន​ណា ម្ចាស់​ចម្ការ​ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​កម្ពុជា​មានប្រសាសន៍ថា ក្នុង​រយៈពេល10ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​ដាំ​ដុះ​ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​ក្រអូប​ជាច្រើន​លាន​ដើម ប៉ុន្តែ​ពុំមាន​បច្ចេកទេសកែច្នៃ​ជា​ផលិតផលផ្សេងៗសម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​នោះទេ​ដោយសារ​កង្វះ​ធនធានមនុស្ស​សម្រាប់​ការងារ​កែច្នៃ​ដើមឈើ​ក្រអូប​នេះ និង​ដោយសារ​ការលូតលាស់រ​បស់​ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​ត្រូវ​ប្រើពេល​យូរ និង​មិនសូវមាន​គុណភាព ហើយ​លទ្ធផល​ទទួលបាន​មាន​កម្រិត​ទាប​ដែល​មិនអាច​ផ្តល់​និរន្តរភាព​ក្នុងការ​ផ្គត់ផ្គង់​ទីផ្សារ​ផង​នោះបាន​ធ្វើឱ្យ​អ្នក​ដាំ​មួយចំនួន​បាក់​ទឹកចិត្ត។

ប៉ុន្តែ​ដោយសារ​អត្ថប្រយោជន៍​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​វា លោកស្រី​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ​ឈ្មោះថា First Capital Global Co Ltd ដើម្បី​កែច្នៃ​នាំចេញ​ទៅកាន់​ប្រទេស​ថៃ និង​លក់​បន្តទៅ​ប្រទេស​អ៊ឺរ៉ុប និង​អាស៊ី ជាពិសេស​ប្រទេស​ចិន។ លោកស្រី​ជឿជាក់ថា គម្រោង​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ឧស្សាហកម្ម​ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​នៅ​កម្ពុជា​ដើម្បី​បង្កើន​គុណភាពឱ្យ​ស្របតាម​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ ហើយ​គម្រោង​នេះ​នឹង​ជួយ​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ​ដែល​ដាំ​ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​ក៏ដូចជា​រួមចំណែក​លើក​កម្ពស់​សេដ្ឋកិច្ចជាតិ​កម្ពុជា​ដែរ។ “ខ្ញុំ​សង្ឃឹមថា តាមរយៈ​គម្រោង​បង្កើន​គុណភាព​នេះ នឹង​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​នាំចេញ​ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​មួយ​ក្នុងចំណោម​ប្រទេស​ដទៃទៀត នា​ថ្ងៃ​អនាគត និង​ជួយ​បង្កើត​ម៉ាក​យីហោ​របស់​កម្ពុជា​ផងដែរ។

ចំណែក​លោកស្រី កែវ សុគន្ធា នាយិកា​ក្រុមហ៊ុន​ធូប​ច័ន្ទ​ន៍​ក្រឹ​ស្នា​ខ្មែរ​មានប្រសាសន៍ថា ក្រុមហ៊ុន​លោកស្រី និង​ក្រុមហ៊ុន First Capital Group Co Ltd នឹង​សហការ​បង្កើត​គម្រោង​រួមគ្នា​មួយ​បង្កើត​រោងចក្រ​ដែលមាន​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា​ចំនួន 1,000,000ដើម កែច្នៃ​ទៅជា​ផលិតផលផ្សេងៗសម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ទីផ្សារ​អន្តរជាតិ។

ពាក់ព័ន្ធ​នឹង​ករណីនេះ​លោក សៀន ហ្គុ ប្រធាន​ក្រុមហ៊ុន First Capital Global Co Ltd មានប្រសាសន៍ថា First Capital Global គឺជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អន្តរជាតិ ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​ស្ថិតនៅ​ប្រទេស​ថៃ ហើយ​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​នៅក្នុង​តំបន់​អាស៊ាន។ លោក​ថា ក្នុងដំណាក់កាល​ទី1នេះ ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​ទាំងអស់​នឹងត្រូវ​ប្រើប្រាស់​ជា​ផលិតផល​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា​កម្ពុជា (Cambodia Agarwood oil) មាន​គុណភាព​ខ្ពស់​ដែល​នឹង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ការផលិត​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា​នៅលើ​ទីផ្សារ​អន្តរជាតិ តាមរយៈ​ការកែច្នៃ​ដោយ​ប្រើ​បច្ចេកវិទ្យា​ដែល​មិន​ប៉ះពាល់​ទៅដល់​បរិស្ថាន។

លោក​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​បាន​យកចិត្តទុកដាក់​លើ​ការស្រាវជ្រាវ​បច្ចេកវិទ្យា និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ដើម្បី​ជា​ជំនួយ​សុខភាព។ ក្រុមហ៊ុន​មាន​ទស្សនវិស័យ​រួមគ្នា​ដើម្បី​ជួយ​ដល់​កសិករ និង​ផ្សព្វផ្សាយ​ពី​ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក “ខ្ញុំ​សង្ឃឹមថា ក្រុម​កសិករ​កម្ពុជា​នឹងមាន​អនាគត​ភ្លឺស្វាង និង​មាន​ឱកាសល្អ​ច្រើន​ទៀត​នា​ឆ្នាំ​ខាងមុខ។

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការបើកចំហ​ទីផ្សារ​ច័ន្ទ​ន៍​ក្រឹ​ស្នា និង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា​តាម​បច្ចេកវិទ្យា​ទំនើប និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​គ្រប់គ្រង​ច័ន្ទ​ន៍​ក្រឹ​ស្នា​រវាង​ក្រុមហ៊ុន​កម្ពុជា-ថៃ កាលពី​សប្តាហ៍​មុន ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា ជា​វឌ្ឍនភាព​ថ្មី​សម្រាប់​វិស័យ​ពាណិជ្ជកម្ម និង​ជាការ​បង្ហាញ​អំពី​ទំនុកចិត្ត​របស់​វិនិយោគិន មកលើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នាដំបូង​នេះ​នឹង​ជំរុញ​ទីផ្សារ​សម្រាប់​ផលិតផល​ខ្លឹម​ច័ន្ទ​ន៍​ក្រឹ​ស្នា​នៅ​កម្ពុជា និង​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន​សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ជាមួយ​រាជរដ្ឋាភិបាល។ ព្រឹត្តិការណ៍​នេះ​ក៏​នឹង​រួមចំណែក​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ព្រមទាំង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃឡង់​ដ៏ ឱ្យ​កាន់​តែមាន​សម្ទុះ​ខ្លាំងក្លា​ថែមទៀត​ទាំង​បច្ចុប្បន្ន និង​អនាគត។

ឯកឧត្ដម​បាន​មានប្រសាសន៍ថា “ពាណិជ្ជកម្ម​ច័ន្ទ​ន៍​ក្រឹ​ស្នា​មាននៅ​កម្ពុជា​តាំងពី​សម័យបុរាណ ហើយ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ទីផ្សារ​នៃ​ប្រទេស​អារ៉ាប់។ បច្ចុប្បន្ន​កម្ពុជា​មាន​ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​ប្រមាណ​ជាង 1លាន​ដើម ហើយ​ផលិតផល​ដែល​ចម្រាញ់​ចេញពី​រោងចក្រ​ថ្មី​នេះ​នឹងមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​អាចឆ្លើយតប​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ពិភពលោក​បាន។

គួរ​បញ្ជាក់ថា ក្រៅពី​ធ្វើជា​ធូប​ហើយ ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​ត្រូវបាន​គេ​ចម្រាញ់​ចេញ​ជា​ប្រេង​ច្នៃ ជា​ផលិតផលផ្សេងៗទៀត ដូចជា​កែច្នៃ​ធ្វើជា​ទឹកអប់ ច្នៃ​ធ្វើ​សាប៊ូ​ក្រអូប​សម្រាប់​ដុស​ខ្លួន ធ្វើជា​តែ​ឆុង​មាន​ក្លិន​ឈ្ងុយ កែច្នៃ​ជា​ប្រេង​សម្រាប់​ម៉ាស្សា ប្រើប្រាស់​នៅក្នុង​កន្លែង​ស្ទី​ម​សោ​ណា ជំនួយ​ដល់​ការដកដង្ហើម និង​ប្រើប្រាស់​ជា​វត្ថុធាតុដើម​សម្រាប់​បង្កើតបានជា​ផលិតផល​ជាច្រើន​មុខ​ផ្សេងទៀត៕

Advertisement