ការទូទាត់​តាម E-commerce មាន​ទំហំ​ទឹកប្រាក់​ជាង 450ពាន់​លាន​រៀល​នៅ​ឆ្នាំ 2017

ថ្វីដ្បិតតែ​កម្ពុជា​កំពុង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅរក​ការកសាង​ច្បាប់ E-commerce ដែល​ផ្នែក​ឯកជន​កំពុង​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​មែន ប៉ុន្តែ​ការទូទាត់​សាច់ប្រាក់ និង​អាជីវកម្ម E-commerce ហាក់​មាន​និន្នាការ​ពេញនិយម​ខ្លាំង​ចំពោះ​ទីផ្សារ​កម្ពុជា។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា។

របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ឱ្យឃើញថា ចំនួន​ប្រតិបត្តិការ​ជា E-commerce មាន​ចំនួន 819,539ដង ដែលមាន​ទឹកប្រាក់​ប្រតិបត្តិការ​ចំនួន 450, 996លាន​រៀល។ ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​រំពឹងថា E-commerce នឹង​បន្ត​រីកចម្រើន​បន្ថែមទៀត ខណៈពេលដែល​ស្ថានភាព​របស់​ប្រជាជន​កាន់តែ​រវល់​ខ្លាំង។

បណ្ឌិត សូ ផន​ណា​រី អនុប្រធាន​ប្រតិ​ប​តិ្ត និង​ជា​ប្រធាន​ក្រុមមន្ត្រី​ប្រតិ​ប​តិ្ត​ការ​នៅ​ធនាគារ​អេស៊ីលីដា​បានឱ្យដឹងថា E-commerce មានការ​កើនឡើង​នាពេល​បច្ចុប្បន្ននេះ ដោយ​អ្នកទិញ និង​អ្នកលក់​មិនចាំបាច់​ជួប​មុខ​គ្នា​នោះទេ។ អ្នកទិញ អាច​ពិនិត្យមើល​ប្រភេទ​ទំនិញ​ដែល​ខ្លួន​ចង់បាន រួច​ឆែក​មើល​តម្លៃ​របស់​ផលិតផល។ បើ​ក្នុងករណី​គេ​ព្រមព្រៀងគ្នា ទំនិញ​ទាំងនោះ​នឹងត្រូវ​បញ្ជូនទៅ​ដល់ផ្ទះ ហើយ​ការបង់ប្រាក់​នឹងត្រូវ​ទូទាត់​តាម VISA card, Master Card, ATM cardដោយ​ឆូត​ជាមួយ​ម៉ាស៊ីន​ឆូត​កាត​ជាដើម ឬក៏​ភ្ជាប់ mobile banking ដោយ​គ្រាន់តែ​ប្រើ​ជាមួយ​លេខ​ទូរស័ព្ទ ឬ​តាម Internet Banking ដោយ​ចំណាយ​តាម​ចំនួន​តម្លៃ​ដែល​បាន​ព្រមព្រៀងគ្នា​ប៉ុណ្ណោះ។

បណ្ឌិត សូ ផន​ណា​រី បញ្ជាក់ថា៖ “ខ្ញុំ​យល់ថា​នៅពេល​ស្ថានភាព​កាន់តែ​រវល់​ខ្លាំង E-commerce ក៏​កាន់​តែមាន​ប្រជាប្រិយ​ខ្លាំង​ដែរ ដោយសារ​វា​មាន​ភាពងាយស្រួល​ក្នុងការ​ទូទាត់​សាច់ប្រាក់ និង​ទទួលបាន​ទំនិញ។ ក្រសួងពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ខ្លួន​កំពុង​ព្យាយាម​ស្នើសុំ​ជប៉ុន​ឱ្យជួយ​ឧបត្ថម្ភ​ដល់​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) ស្រប​ពេលដែល​ដំណើរការ​អាជីវ​កម្មនេះ​កំពុងមាន​និន្នាការ​រីកចម្រើន។

របាយការណ៍​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ថា គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បានចេញ​ផ្សាយ​ប័ណ្ណ​ឥណ​ពន្ធ ប័ណ្ណឥណទាន ប័ណ្ណ ATM ប័ណ្ណ​Prepaid និង​បានដាក់​ឱ្យប្រើ​ប្រាស់​ម៉ាស៊ីន ATM ម៉ាស៊ីន POS ម៉ាស៊ីន Kiosk ព្រមទាំង​សេវា​ទូទាត់​តាម​ធនាគារ​ចល័ត និង​សេវា​ធនាគារ​តាម​អ៊ី​ន​ធើ​ណិ​ត ដើម្បី​សម្រួល​ដល់​អតិថិជន​ក្នុងការ​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។ គិត​ត្រឹម​ដំណាច់ឆ្នាំ2017 មាន​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន 15បាន​ដាក់ឱ្យ​ដំណើរការ Mobile Banking និង Internet Banking នេះ។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ផ្សព្វផ្សាយ​របាយការណ៍រ​បស់​ខ្លួន​ប្រចាំឆ្នាំ2017 ដោយ​បង្ហាញឱ្យឃើញថា អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ខ្ពស់ជាង​ចំនួន​ប្រជាជន​សរុបទៅ​ទៀត គឺមាន​ប្រមាណ 19លាន​នាក់ ស្មើនឹង​អត្រា 125ភាគរយ​ធៀប​នឹង​ចំនួន​ប្រជាជន​កម្ពុជា​សរុប។ ក្នុងចំណោម​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​នេះ មាន​អ្នកភ្ជាប់​សេវា​អ៊ី​ន​ធើ​ណិ​ត​តាម​ទូរស័ព្ទដៃ​ចំនួន​ច្រើន​រហូតដល់​ទៅ 8.5លាន​គណនី។

តាមរយៈ​តួលេខ​នេះ វា​បានបង្ហាញ​ឱ្យឃើញថា អ្នក​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វួ​ន​មាន​ចំនួន​កាន់តែ​កើនឡើង​ដែលជា​និន្នាការ​មួយ​បញ្ជាក់​ឱ្យឃើញ​ពី​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នៅ​កម្ពុជា។ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បង្ហាញថា ការរីកចម្រើន​នេះ​បណ្តាលមកពី​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ជំនា​ន់ទី (4G/LTE)ដែល​ត្រូវ​បានឱ្យ​ដាក់​ដំណើរការ​នៅ​រាជធានី-ខេត្ត​ទាំង25 គ្របដណ្តប់​លើ​ផ្ទៃដី​ស្ទើរតែ 60ភាគរយ​នៃ​ប្រទេស​កម្ពុជា​ទាំងមូល ក៏ដូចជា​ការកើនឡើង​នៃ​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស និង​ការប្រកួតប្រជែង​តម្លៃ​សេវា​ប្រើប្រាស់​មានតម្លៃ​សមរម្យ​ផងដែរ៕

Advertisement