មាន​រូបមន្ត​អ្វីខ្លះ​ដែល​ធ្វើឱ្យ​មនុស្ស​ពូកែ​និយាយ?

មនុស្ស​គ្រប់គ្នា​ប្រហែលជា​គិត​ហើយ​ថា ការនិយាយ​មិនមែនជា​រឿង​លំបាក​នោះទេ ព្រោះ​មនុស្សម្នាក់ៗសុទ្ធតែ​ចេះ​និយាយ​ពី​កំណើត។ អ្នកណាៗក៏​ចេះ​និយាយ​ដែរ តែ​អ្វីដែល​លំបាក​បំផុត​នោះគឺ​និយាយ​ឱ្យមាន​ហេតុផល ឱ្យមាន​ភាពរស់រវើក និង​ប្រកបដោយ​ថាមពល​គួរឱ្យ​ជឿទុកចិត្ត​បាន។

បង្ហាញ​ពី​វិធីសាស្ត្រ​និយាយ​ជា​សាធារណៈ​ឱ្យបាន​ល្អ ឯកឧត្តម លី ណា​វុ​ធ សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី អន្តរជាតិ បានលើកឡើង​ក្នុង​វគ្គ​តម្រង់ទិស នៃ​កម្មវិធី The Perspectives Cambodia រដូវ​កាល​ទី2 ថា ការនិយាយ​សាធារណៈ​ចាំបាច់​ត្រូវ​គ្រប់គ្រង​ភាពភ័យខ្លាច​ឱ្យបាន មាន​ការគិត​ស៊ីជម្រៅ រៀបចំ​កាយវិការ​ឱ្យបាន​ល្អ រួមទាំង​ចំណុចសំខាន់ៗមួយចំនួន ទៀតផង។

ឯកឧត្តម បាន​បញ្ជាក់ថា នៅពេលដែល​យើង​ស្លៀក​សម្លៀកបំពាក់​មិន​ផ្លូវការ ឬ​រៀបចំខ្លួន​មិនបាន​ល្អ គឺ​ខុសគ្នា​ខ្លាំងណាស់​ពី​ការរៀបចំ​ខ្លួន​ស្អាតបាត ដោយ​ក្នុងនោះ​រួមទាំង​ដំណើរ អារម្មណ៍ និង​ចំណាប់អារម្មណ៍​ពី​សាធារណជន​ជាដើម។ ហេតុនេះ​បានជា​អ្នក​និយាយ​សាធារណៈ​ចាំបាច់​ត្រូវ​ចេះ​រៀបចំខ្លួន​ឱ្យបាន​សមរម្យ ជា​អ្នក​ដែល​និយាយ​ប្រកបដោយ​ចំណេះដឹង និង​គួរឱ្យ​ទុកចិត្តបាន។

ឯកឧត្តម លី ណា​វុ​ធ បាន​និយាយថា ៖ “ដើម្បី​ជា​ជំនួយ​ដល់​ការនិយាយ​ឱ្យបាន​ល្អ គឺមាន​រឿង2 ដែល​ត្រូវ​និយាយ គឺ 3C និង 3H”។ សាកលវិទ្យាធិការរង​ខាងលើ​បាន​ពន្យល់ថា​រូបមន្ត 3C គឺ​សំដៅលើ Competent (សមត្ថភាព) Character (ឥរិយាបថ) និង Charisma (អំណាច ឬ​ទេពកោសល្យ) ដែល​កត្តា​ទាំងអស់នេះ​ជា​ចំណុច​សំខាន់​ក្នុងការ​ធ្វើឱ្យ​មនុស្ស​ម្នាក់​ក្លាយជា​អ្នក​និយាយ​សាធារណៈ​ដ៏​ប៉ិនប្រសប់។

ចំពោះ​សមត្ថភាព គឺ​មានន័យថា​អ្នក​និយាយ​សាធារណៈ​ត្រូវតែមាន​ចំណេះដឹង​ខ្ពង់ខ្ពស់ មានការ​ចងចាំ​ល្អ ហើយ​ព័ត៌មាន​ដែល​យកមក​និយាយ​ទៀតសោត​ក៏ត្រូវ​មាន​ប្រភព​ច្បាស់លាស់ ត្រឹមត្រូវ​ស្របតាម​ស្ថានភាព​ជាក់ស្តែង។ ចំណែកឯ​ឥរិយាបថ ក៏​ជា​រឿង​សំខាន់​ផងដែរ ព្រោះថា អ្នក​ដែល​និយាយ​សាធារណៈ​ចាំបាច់​ត្រូវតែ​ចេះ​រៀបចំ​សកម្មភាព ហ្វឹកហាត់​កាយវិការ​ឱ្យមើល​ទៅ​គួរឱ្យ​ទុកចិត្ត មិនមែន​ច្រងេងច្រងាង​នោះទេ។ ចំណុច​មួយទៀត​គឺ​អំណាច និង​ទេពកោសល្យ ចំណុច​នេះ​ក៏​រឹតតែ​សំខាន់ ព្រោះថា​នៅពេលដែល​យើង​មាន​ទេពកោសល្យ​ល្អ​ក្នុងការ​និយាយ​ស្រាប់ យើង​អាច​ចេះ​បត់បែន​ខ្ពស់​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកចូលរួម​ដើម្បី​ឱ្យគេ​ចង់​ស្តាប់ និង​ផ្តល់​ទំនុកចិត្ត​មកលើ​យើង។

ចំពោះ​រូបមន្ត 3H សម្រាប់​អ្នក​និយាយ​សាធារណៈ​វិញ គឺ​សំដៅលើ Heart (បេះដូង) Hand (រាងកាយ ឬ​កាយវិការ) និង Head (ខួរក្បាល)។ លោក​ថា អ្នក​និយាយ​ដែល​ប៉ិនប្រសប់​ចាំបាច់​ត្រូវ​ចេះ​យក​បេះដូង​យើង​ដាក់​ទៅក្នុង​បេះដូង​គេ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អ្នក​ស្តាប់​គេ​យល់​ដូច​យើង​យល់​ដែរ ហើយ​គិតថា​អ្វីដែល​យើង​កំពុងនិយាយ​ជា​រឿង​សម​ហេតុផល។ ក្រៅពីនេះ កាយវិការ​ក៏​ជា​រឿង​ដែល​ត្រូវ​យកចិត្តទុកដាក់ តែ​អ្វីដែល​កាន់តែ​សំខាន់បំផុត​នោះ គឺ​ការគិត​ពិចារណា។ យើងទាំងអស់គ្នា​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ យកចំណេះ​ដឹង​ទៅ​ដាក់​នៅក្នុង​ខួរក្បាល ហេតុនេះ​ពេល​និយាយ​គឺ​ត្រូវតែ​បញ្ចេញ​នូវ​ចំណេះដឹង​ទាំងអស់នោះ​មកវិញ​ឱ្យបាន​ល្អ។

នាយក​គ្រប់គ្រង​កម្មវិធី The Perspectives Cambodia រដូវ​កាល​ទី2 លោក ហួរ តុលា បាន​លើកឡើងថា ការនិយាយ​មិន​លំបាក​នោះទេ តែ​និយាយ​ឱ្យគេ​ស្តាប់​បាន ទើប​ជា​រឿង​លំបាក ហេតុនេះ​ការនិយាយ​ជា​សាធារណៈ​ចាំបាច់​ត្រូវតែមាន​ការសិក្សា​ស្រាវជ្រាវ​ស៊ីជម្រៅ និង​មាន​ប្រភព​ច្បាស់លាស់​ដែល​ប្រភព​ទាំងអស់នោះ​ជា​ឯកសារ​ផ្លូវ​ការដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន​របស់​ជាតិ​ត្រឹមត្រូវ។ លោក​បញ្ជាក់​ផងដែរ​ថា ការនិយាយ​មាន​ឥទ្ធិពល​ខ្លាំងណាស់​សម្រាប់​មនុស្ស ព្រោះថា ប្រសិនបើ​យើង​និយាយ​មិនបាន​ត្រឹមត្រូវ យើង​នឹង​ក្លាយជា​ចំណែក​មួយ​នៃ​បញ្ហា​ក្នុងសង្គម តែប្រសិនបើ​យើង​និយាយបាន​ត្រឹមត្រូវ មាន​ហេតុផល​ច្បាស់លាស់ មាន​ការគិត​ស៊ីជម្រៅ និង​ប្រកបដោយ​ការពិចារណា​ល្អិតល្អន់ យើង​នឹង​អាច​ក្លាយជា​អ្នក​រួមចំណែក​ដោះស្រាយ​បញ្ហា​សង្គម ឬ​ជា​ចំណែក​មួយ​នៃ​ដំណោះស្រាយ​បញ្ហាសំខាន់។

លោក ហួរ តុលា បាន​និយាយថា ៖ “ដើម្បី​ក្លាយជា​អ្នក​និយាយ​យ៉ាង​ប៉ិនប្រសព្វ​ម្នាក់ យើង​គួរ​មានការ​សង្កេត ហ្វឹកហាត់ និង​ចូលរួម​ការប្រកួត​តស៊ូ​មតិ​ណា​ដែល​អាច​ផ្តល់នូវ​ចំណេះដឹង​ផ្នែក​និយាយ​សាធារណៈ​បានល្អ។ សមាជិក និង​ស្ថាបនិក​កម្ម​វី​ធី​តស៊ូ​មតិ​ខាងលើ​បាន​បញ្ជាក់ថា យុវជន​ដែលមាន​ឆន្ទៈ​ចង់​ក្លាយជា​អ្នក​ដែល​និយាយ​ប្រកបដោយ​ហេតុផល និង​ភាពត្រឹមត្រូវ​គួរ​មានការ​សង្កេត​ឱ្យបាន​ច្បាស់លាស់​ពី​ប្រភពព័ត៌មាន​ត្រឹមត្រូវ​ក្នុងសង្គម​ឱ្យបាន​សព្វ​ជ្រុងជ្រោយ មិនមែន​មើល​តែ​ជ្រុង​ណាមួយ​នោះទេ។ ចំណុច​មួយទៀត​ដែល​ពួកគេ​គួរ​សង្កេត គឺសង្កេត​ពី​សិល្បៈ​នៃ​ការនិយាយ​ពី​កម្ម​វី​ធីសំខាន់ៗដែល​វាគ្មិន​បានលើកឡើង ហើយ​ពិចារណា និង​ព្យាយាម​ហ្វឹកហាត់​ឱ្យបាន​ល្អ។ ក្រៅពីនេះ ការចូលរួម​ប្រកួត ឬ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពីការតស៊ូ​មតិ​ក៏​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​ផ្តល់ឱកាស​ឱ្យ​យុវជន​ទទួលបាន​នូវ​គន្លឹះ​ច្បាស់លាស់​ពី​អ្នកជំនាញ​ដើម្បី​យកចំណេះ​ដឹង​ប្រកបដោយ​ភាព​វិជ្ជមាន​ទាំងអស់នោះ​ទៅប្រើ​ប្រាស់​ក្នុង​ការនិយាយ​ជា​សាធារណៈ៕

Advertisement