ក្រសួង​គ្រោង​បណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍​ឱ្យមាន​ស្តង់ដារ​អាស៊ាន

វិស័យ​ទេសចរណ៍​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​បាន​នាំមក​នូវ​ចំណូល​ជាច្រើន​លាន​ដុល្លារ​ដល់​កម្ពុជា​ជា​រៀងរាល់ឆ្នាំ ដោយ​ក្នុងនោះ​វិស័យ​មួយ​នេះ​បាន​បង្កើត​ការងារ ព្រមទាំង​ជំរុញ​ឱ្យ​ជីវភាព​ប្រជាជន​ជាច្រើន​លាន​នាក់​មាន​ស្ថានភាព​ប្រសើរ​ឡើងជា​លំដាប់។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រសួងទេសចរណ៍​រួមទាំង​ដៃគូ​នានា​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បណ្តុះបណ្តាល​អ្នកជំនាញ​ឱ្យមាន​គុណភាព​ស្របតាម​ស្តង់ដារ​អន្តរជាតិ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ ឯកឧត្តម ថោង​ខុន បាន​លើកឡើងថា រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ កម្ពុជា​បាន​បណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍​ស្របតាម​កម្មវិធី​វិជ្ជាជីវៈ ទេសចរណ៍​អាស៊ាន​បាន​ប្រមាណ​ជា 2,000នាក់​ហើយ។ អ្នកជំនាញ​ទាំងអស់នោះ សុទ្ធតែជា​អ្នក​ដែល​ទទួលបាន​ការទទួល​ស្គាល់​គុណភាព​ដោយ​លេខាធិការដ្ឋាន​អាស៊ាន និង​ប្រទេស​ជា​សមាជិក​ទាំងអស់ ដែល​ពួកគេ​អាចធ្វើ​ការងារ​ដោយ​សេរី​នៅក្នុង​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន។

ឯកឧត្តម ថោង ខុន បាន​មានប្រសាសន៍ថា៖ “ក្នុងចំណោម​អ្នកជំនាញ​ទេសចរណ៍​កម្ពុជា​ប្រមាណ 620,000នាក់ មាន​អ្នកជំនាញ​ប្រមាណ 40% បាន​ឆ្លើយតប​ទៅនឹង​ស្តង់ដារ​សមត្ថភាព​អាស៊ាន ហើយ​ក្រសួងទេសចរណ៍​នឹង​យកចិត្តទុកដាក់​បណ្តុះបណ្តាល និង​វាយតម្លៃ​អ្នកជំនាញ​ទេសចរណ៍​បន្ថែម​ប្រមាណ 60%ទៀត ដើម្បី​អាចឆ្លើយតប​នឹង​ស្តង់ដារ​សមត្ថភាព​អាស៊ាន​ឱ្យបាន100% ត្រឹម​ឆ្នាំ2025”។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានលើកឡើង​ផងដែរ​ថា វិស័យ​ទេសចរណ៍​បាន​ចូលរួមចំណែក 13%នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​មានការ​រីកចម្រើន​ខ្លាំង​ក្នុង​ឆ្នាំ 2017 ដែល​ក្នុងនោះ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 5.6លាន​នាក់។ ចំនួន​នេះ​បានបង្ហាញ​ឱ្យឃើញថា នៅ​កម្ពុ​ជាមាន​កំណើន​ទេសចរ​ប្រមាណ 11.8% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។ ហើយ​តាម​ការ​ព្យាករ​របស់​ឯកឧត្តម ទេសចរ​អន្តរជាតិ​នឹង​អាច​កើន​ឡើងដល់​ចំនួន​ប្រមាណ 7លាន​នាក់​នៅ​ឆ្នាំ 2025 ដែល​វា​នឹង​ផ្តល់ឱកាស​ការងារ​ផ្ទាល់​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ 1.2លាន​នាក់​នៅ​ឆ្នាំ2025 និង​អាច​ឈានដល់ 1.7លាន​នាក់​នៅ​ឆ្នាំ2030 ខាងមុខ។

ដើម្បី​សម្រេច​គោលដៅ​នេះ ក្រសួងទេសចរណ៍​បានចេញ​នូវ​យុទ្ធសាស្ត្រ​មួយចំនួន​ដើម្បី​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​រួមមាន អនុវត្ត​កម្មវិធី 2018សម្រាប់​ស្តង់ដារ និង​វាយតម្លៃ​អ្នកជំនាញ​ទេសចរណ៍​ឆ្ពោះទៅកាន់​ការសិក្សា​ពេញ​មួយជីវិត សំដៅ​អភិវឌ្ឍ​កម្មវិធី​បណ្តុះបណ្តាល​ដែលមាន​ស្តង់ដារ​ខ្ពស់ មានការ​ទទួលស្គាល់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​ធ្វើការ​វាយតម្លៃ​ទទួលស្គាល់​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​ដែល​កំពុង​បម្រើ​ការងារ​បច្ចុប្បន្ន​តា​មរយៈ​កម្មវិធី​វាយតម្លៃ​ការសិក្សា​ពីមុន (RPL) ឱ្យទទួល​បានការ​ទទួល​ស្គាល់​ជាក់លាក់ ដើម្បី​តម្រង់​ទិសដៅ​ការងារ​ពេញ​មួយជីវិត។

ក្រសួង​ក៏មាន​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​ដល់​ពលករ​ចំណាកស្រុក ដើម្បី​ផ្តល់ឱកាស​ដល់​ពួកគេ​ឱ្យបាន​បំពេញការងារ​លើ​វិស័យ​ទេសចរណ៍​ផងដែរ។ ក្រៅពីនេះ​ក្រសួងទេសចរណ៍ ក៏បាន​ដាក់ចុះ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​អាស៊ាន តាម​កម្រិត​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បច្ចេកទេស​ទូទាំងប្រទេស​ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​អ្នកជំនាញ​ជាច្រើន​ទៀត ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​នេះ​ជូន​ដល់​សិស្ស​ដែល​បានបញ្ចប់​ថ្នាក់មធ្យមសិក្សា​បឋមភូមិ (ថ្នាក់​ទី9) ដែល​ចង់​ចាប់យក​ជំនាញ​ទេសចរណ៍​រយៈពេល3ឆ្នាំ​ពេញ ដើម្បី​ទទួលបាន​សញ្ញាបត្រ​វិជ្ជាជីវៈ​ដែលមាន​តម្លៃ​ស្មើនឹង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក ពត សុផល នាយក​ប្រតិបត្តិ​អង្គការ​បណ្តុះបណ្តាល​ថ្នាក់មូលដ្ឋាន ដែលជា​អង្គការ​បណ្តុះបណ្តាល​ភាសាបរទេស និង​ទេសចរណ៍​បាន​លើកឡើងថា ជំនាញ​ទេសចរណ៍​ជា​ជំនាញ​សំខាន់​មួយ​ដែល​អាចជួយ​ឱ្យ​ប្រជាជន​នៅក្នុង​មូលដ្ឋាន​អាច​ផ្លាស់ប្តូរ​កម្រិតជីវភាព​បាន​យ៉ាង​ល្អប្រសើរ។ លោក​លើកឡើងថា តាមរយៈ​ការបណ្តុះបណ្តាល​វិស័យ​ទេសចរណ៍​សិស្ស​ជាច្រើន​បានចេញ​ទៅធ្វើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​រួមទាំង​ស្ថាប័ន​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត​ដែល​ពេលខ្លះ​ពួកគេ​អាច​ទទួលបាន​ចំណូល​ដល់​ខ្ទង់ពាន់​ដុល្លារ​ថែមទៀត​ផង។

លោក ពត សុផល បាន​និយាយថា៖ “លោក​គាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងទេសចរណ៍ ដែលមាន​គម្រោង​វាយតម្លៃ​អ្នក​ទេសចរណ៍​ចាស់ និង​បង្រៀន​អ្នកជំនាញ​ទេសចរណ៍​ថ្មី​ឱ្យទទួល​បានការ​ទទួល​ស្គាល់​តាម​ស្តង់ដារ​អាស៊ាន។ ប្រធាន​អង្គការ​ខាងលើ​បាន​លើកឡើងថា ប្រសិនបើ​ប្រជាជន​ខ្មែរ​អាចមាន​ជំនាញ​ទេសចរណ៍​ដែល​ទទួលស្គាល់​ដោយ​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន នោះ​យើង​នឹង​អាច​ប្រកួតប្រជែង​ទីផ្សារការងារ​នៅក្នុង​បណ្តា​ប្រទេសផ្សេងៗទៀត។ ចំណុច​នេះ​ផ្តល់ឱកាស​ច្រើន ដល់​យុវជន​កម្ពុជា​ដែលមាន​សក្តានុពល​មួយចំនួន​ឱ្យទទួល​បាន​ឱកាស​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព និង​ប្រកួតប្រជែង​លើ​ទីផ្សារការងារ​នៅក្នុង​តំបន់។

លោក​ថា ប្រជាជន​កម្ពុជា​អាច​នឹងមាន​ចំណុចខ្លាំង​ច្រើន​លើ​ការងារ​ទេសចរណ៍​នេះ ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ដែលមាន​ការ​អំណោយផល​ពី​ធម្មជាតិ​ផ្នែក​ទេសចរណ៍ និង​មាន​តំបន់​ស្រស់ស្អាត​ជាច្រើន​ដែល​ភ្ញៀវ​បរទេស​ចាប់អារម្មណ៍ ហើយ​ស្របពេល​ជាមួយគ្នានេះ យើង​ឃើញថា​ប្រជាជន​មួយចំនួន​ធ្លាប់បាន​ស្គា​ល់ពី​ការបម្រើ​សេវា​ទេសចរណ៍​ក្នុង​សហគមន៍​របស់គេ​មុនពេលដែល​ពួកគេ​ចូលរៀន​ជំនាញ​ទេសចរណ៍៕

Advertisement