កម្ពុជា​ដាក់សំណើ​ខ្ចីប្រាក់$100លាន​ពី​ធនាគារពិភពលោក​សម្រាប់​ជួសជុល​ផ្លូវជាតិ​លេខ4 ឡើងវិញ

កម្ពុជា​បានដាក់​សំណើ​ខ្ចីប្រាក់​ជាង 100លាន​ដុល្លារ​ពី​ធនាគារពិភពលោក (WB) សម្រាប់​កែលម្អ​ផ្លូវជាតិ​លេខ4 ដែលមាន​ប្រវែង​ជាង 260គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ពង្រីក​សក្តានុពល​សេដ្ឋកិច្ច​របស់ខ្លួន​នា​ថ្ងៃ​អនាគត។

សំណើ​របស់​កម្ពុជា​នឹងត្រូវ​ពិភាក្សា និង​សម្រេច​ដោយ​ក្រុមប្រឹក្សាភិបាល​របស់​ធនា​គារ​ពិភពលោក នៅក្នុង​កិច្ចប្រជុំ​ក្នុង​ខែមិថុនា ខាងមុខនេះ។ នេះ​បើតាម​ការអះអាង​របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា។

ការដាក់សំណើ​ខ្ចី​កញ្ចប់​ថវិកា​ជាង 100លាន​ដុល្លារ​សម្រាប់​កែលម្អ​ផ្លូវជាតិ​ដ៏​សំខាន់​មួយ​នេះ កើតឡើង ក្រោយ​រយៈពេល​ជាង​ពីរ​ឆ្នាំ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ដ​ក​យក​ការគ្រប់គ្រង​ផ្លូវជាតិ​លេខ4 ពី​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន អេ.ហ្សិត អុ​ី​ន​វេស​មេន (AZ Investment) កាលពី​ពាក់កណ្តាល​ខែមករា ឆ្នាំ2016 បន្ទាប់ពី​ក្រុមហ៊ុន​នោះ​គ្រប់គ្រង និង​ធ្វើ​អាជីវកម្ម​ដោយ​យកប្រាក់​ពី​ម្ចាស់​រថយន្តដែល​ធ្វើដំណើរ​ទៅ-មក​អស់​រយៈពេល 15ឆ្នាំ​រួចមក។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា ផ្លូវជាតិ​លេខ4 កំពុង​ទទួលរង​ការខូចខាត​មួយចំនួន បន្ទាប់ពី​ការបញ្ចប់​កិច្ចសន្យា​របស់​ក្រុមហ៊ុន AZ Investment រួចមក ហើយសកម្មភាព​អនាធិបតេយ្យ​នៅលើ​ដងផ្លូវ និង​ការរំលោភ​យក​ដី​ចំណីផ្លូវ​បាន​កើនឡើង​ឥតឈប់ឈរ ដោយសារតែ​គ្មាន​ការគ្រប់គ្រង​ច្បាស់លាស់។

ឯកឧត្តម បាន​បន្ថែមថា៖ “នៅ​ខែមិថុនា​ខាងមុខនេះ ក្រុមប្រឹក្សាភិបាល​ធនាគា​រ​ពិភពលោក​នឹង​ប្រជុំ​ពិនិត្យមើល​សំណើ​ខ្ចីប្រាក់​ជាង 100លាន​ដុល្លារ​អាមេរិក​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ដើម្បី​យកមកជួសជុល​ឡើងវិញ ដោយសារ​ផ្លូវជាតិ​លេខ4នេះ​ជា​ផ្លូវ​ដ៏​សំខាន់​មួយ​ខាង​សេដ្ឋកិច្ច​តាមរយៈ​ការនាំយក​ផលិតផល​ក្នុងស្រុក​ទៅ​លក់​នៅ​បរទេស។

ទោះជា​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ផ្លូវ​ល្បឿន​លឿន​ពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ឱ្យបាន​ឆាប់​ក៏ដោយ ប៉ុន្តែ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​នៅតែ​អះអាង​អំពី​ភាពចាំបាច់​ក្នុង​ការកែលម្អ​ផ្លូវជាតិ​លេខ4 ដោយសារតែ​ផ្លូវ​នេះ​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ដឹកជញ្ជូន​ផលិតផល​គ្រប់​ប្រភេទ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ តាម​ច្រក​កំពង់ផែ​ខេត្ត​ព្រះសីហនុ។

យោងតាម​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​អ្នកជំនាញការ​នៃ​ធនាគារពិភពលោក ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី2 ស្តីពី​ការអភិវឌ្ឍ​ផែនការមេ​ភ័ស្តុភា​រកម្ម​នៅ​កម្ពុជា កាលពី​ថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2018 បានឱ្យដឹងថា ការនាំចេញ​របស់​កម្ពុ​ជាមាន​កំណើន​រហូតដល់ 12% រយៈពេល 11ឆ្នាំ ពី​ឆ្នាំ2005 ដល់2016។ ការនាំចេញ​របស់​កម្ពុ​ជា​ភាគច្រើន​គឺ ផលិតផល​វាយ​ន​ភណ្ឌ។ នៅ​ឆ្នាំ2016 ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុ​ជាមាន​ជាង 10ប៊ី​លាន​ដុល្លារ ហើយ​ការនាំចេញ និង​នាំចូល​បាន​ពឹងផ្អែក​សំខាន់​លើ​កំពង់ផែ​សមុទ្រ​មួយ​នេះ។

របាយការណ៍​ដដែល​បាន​ព្យាករ​ថា បើ​គ្មាន​ការប្រែប្រួល ឬ​ទទួលរង​ឥទ្ធិពល​អ្វី​នោះទេ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​នឹង​កើនឡើង​ដល់ 4ដង​នៅ​ឆ្នាំ2030 ធៀប​នឺង​ឆ្នាំ2016 រហូតដល់​ជាង 41ប៊ី​លាន​ដុល្លារ។

បច្ចុប្បន្ននេះ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​កំពុងដំណើរការ​ពង្រីក​ការវិនិយោគ ដើម្បី​បង្កើន​សក្តានុពល​របស់​ខ្លួន​សម្រាប់​សមត្ថភាព​ស្តុក​ទំនិញ និង​ផ្លូវ​នាវាចរណ៍​ខ្នាត​ធំ ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​នោះ នឹងត្រូវ​សាងសង់​រួចរាល់​នៅ​ឆ្នាំ2022៕

Advertisement