កម្ពុ​ជាមាន​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍​យ៉ាងតិច 5.6លាន​តោន​ក្នុង​មួយឆ្នាំ

តម្រូវការ​ស៊ីម៉ង់ត៍​សម្រាប់​ផ្គត់ផ្គង់ និង​បំពេញ​ក្នុង​វិស័យ​សំណង់​ក្នុងប្រទេស​កម្ពុជា​បាន​កើនឡើង​យ៉ាងខ្លាំង ខណៈ​វិស័យនេះ​កំពុង​រីក​ធំធាត់​ឡើងវិញ បន្ទាប់ពី​ជាប់គាំង​នៅ​ឆ្នាំ2009 ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល​រួចមក។

បច្ចុប្បន្ននេះ កម្ពុ​ជាមាន​ក្រុមហ៊ុន​ដែល​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ចំនួន​ពីរ​រួចមកហើយ​នៅ​ខេត្តកំពត គឺ ក្រុមហ៊ុន​ស៊ីម៉ង់ត៍​កម្ពុជា​ចក្រី​ទីង(Cambodia Chakrey Ting Cement Co., Ltd)ដែលជា​ក្រុមហ៊ុន​ចិន ដែលមាន​សមត្ថភាព​ផលិត​បាន​ប្រមាណ 2លាន​តោន​ក្នុង​មួយឆ្នាំ​ហើយ និង​ក្រុមហ៊ុន​មួយទៀត គឺ​ក្រុមហ៊ុន kampot Cementដែល​ដំណើរការ​រោងចក្រ​នៅ​ខេត្តកំពត​ដែរ យីហោ ខេ​ស៊ីម៉ង់ត៍ បច្ចុប្បន្ននេះ​កំពុងដំណើរការ​ផលិត​ស៊ីម៉ង់ត៍​បាន​ជិត 2លាន​តោន​ដែលមាន​ខ្សែចង្វាក់​ផលិតកម្ម​ពីរ គឺ​ខ្សែ​ទីមួយ​មាន​សមត្ថភាព​ផលិត​បាន 2,800តោន​ក្នុង​មួយថ្ងៃ និង​ខ្សែ​ទី​ពីរ​មាន​សមត្ថភាព​ផលិត​បាន 2,500តោន​ក្នុង​មួយថ្ងៃ។

ថ្មីៗនេះ​ក៏មាន​រោងចក្រ​ស៊ីម៉ង់ត៍​ថ្មី​មួយទៀត​ដែល​ទើបនឹង​សម្ពោធ​ដាក់ឱ្យ​ដំណើរ​ការផលិត​ស៊ីម៉ង់ត៍​កាលពីពេលថ្មីៗនេះ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែលមាន​កំណើន​ជា​បន្តបន្ទាប់​ក្នុង​វិស័យ​សំណង់​ដែរ។

រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ថ្មី​នេះ​ឈ្មោះថា ជីបម៉ុង អុ​ិ​ន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ដែល​កើតចេញពី​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន ជីបម៉ុង និង​ក្រុមហ៊ុន ថៃ ស្យ៉ា​ម ស៊ី​ធី ស៊ី​មេន ក្នុង​ទឹកប្រាក់ 262លាន​ដុល្លារ​ដែលមាន​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍​បាន​រហូតដល់​ទៅ 5,000តោន​ក្នុង​មួយថ្ងៃ ឬ​ប្រមាណ 1.7លាន​តោន​ក្នុង​មួយឆ្នាំ។

សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន ជីបម៉ុង អុ​ិ​ន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន នាពេលនេះ​បានធ្វើ​ឱ្យកម្លាំង​ផលិត​ស៊ីម៉ង់ត៍​ក្នុងស្រុក​កើនឡើង​យ៉ាងហោចណាស់​ក៏​ដល់ 5,634,500តោន​ដែរ​ក្នុង​មួយឆ្នាំ​ចេញពី​ទីតាំង​ខេត្តកំពត​តែមួយ ដោយ​មិន​រាប់បញ្ចូល​រោងចក្រ​ស៊ីម៉ង់ត៍​ដែល​សាងសង់ឡើង​ក្នុង​ទឹកដី​ខេត្តបាត់ដំបង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​នោះទេ។

កាលពី​ឆ្នាំ2011 កម្ពុជា​នាំចូល​ស៊ីម៉ង់ត៍ 816,000តោន​ពី​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ចិន​ហើយ​ការនាំ​ចូល​បាន​កើន​ឡើងជា​លំដាប់ ខណៈ​តម្រូវការ​បាន​កើនឡើង​ច្រើន ស្របពេល​វិនិយោគិន​បរទេស និង​ក្នុងស្រុក​បាន​បោះទុន​យ៉ាងច្រើន​ទៅលើ​វិស័យ​សំណង់។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានបង្ហាញ​ឱ្យដឹងថា នៅ​ឆ្នាំ2007 វិស័យ​សំណង់​បាន​ហក់​ឡើងដល់​ចំណុច​ខ្ពស់បំផុត​ដែល​មិន​ធ្លាប់មាន គឺ​ទទួលបាន​ទុនវិនិយោគ​ដល់​ទៅ3,200លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ឆ្នាំ2008ទទួលបាន​ការវិនិយោគ​សរុប​ជាង 3,100លាន​ដុល្លារ​ចំពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​ធ្វើ​ដែល​ឱ្យ​និន្នាការ​វិស័យ​សំណង់​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់។

ការផ្តល់​ឥណទាន​រប​ស់​គ្រឹះស្ថាន​ធនាគារ​ទៅឱ្យ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​គិត​ត្រឹម​ឆ្នាំ2017 មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ 3.91ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង​ប្រមាណ 24,28ភាគរយ​នៃ​ចំនួន​ឥណទាន​សរុប។ នេះ​បើ​យោងតាម​របាយការណ៍​ធ​នាគារ​ជាតិ​នៃ​កម្ពុជា។

របាយការណ៍​ដដែល​នោះបាន​បង្ហាញថា ការផ្តល់​ឥណទាន​ផ្នែក​សំណង់​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ 1,52ពាន់​លាន​ដុល្លារ ការផ្តល់​ឥណទាន​ផ្នែក​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន មានតម្លៃ​ទឹកប្រាក់ប្រមាណ 1,48ពាន់​លាន​ដុល្លារ​អាមេរិក និង​ការផ្តល់​ឥណទាន​ផ្នែក​ការជួញដូរ​អចលនទ្រព្យ​មានតម្លៃ​ទឹកប្រាក់​ប្រមាណ 917លាន​ដុល្លារ​អាមេរិក៕

Advertisement