Asensio ជួយ​ឱ្យ​ក្រុម Real វាយបក​ដើម្បី​ផ្តួល​ក្រុម Betis  

ខ្សែប្រយុទ្ធ Marco Asensio បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ នៅពេលដែល​ក្រុម Real Madrid បានធ្វើការ​វាយបក​ដើម្បី​ផ្តួល​ក្រុម Real Betis ក្នុង​លទ្ធផល 5-3 ក្នុង​ការប្រកួត​ក្របខ័ណ្ឌ La Liga កាលពី​ថ្ងៃអាទិត្យ ដើម្បី​រក្សា​ការ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4 ដោយ​ដេញតាម​ពី​ក្រុម​ឈរ​លេខ3 Valencia 1ពិន្ទុ។

តារា​ឆ្នើម​វ័យ 22ឆ្នាំ​រូបនេះ​បាន​ជួយ​ឱ្យ​ក្រុម Real Madrid មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​ទី11 នៅពេលដែល​រូបគេ​បានតែ​តបាល់​បំប៉ោង​សំណាញ់​ទី1 ក្រោយពី​អ្នកចាំទី Antonio Adan បាន​ព្យាយាម​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​យ៉ាងខ្លាំង​របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo។

ក្រុម​ម្ចាស់ផ្ទះ Betis បានធ្វើការ​វាយបក ដើម្បី​នាំមុខ​ក្នុង​លទ្ធផល 2-1 វិញ ក្នុងការ​ប្រកួត​ដ៏​រំភើប​មួយ​នៅ​កីឡដ្ឋាន Benito Villamarin ប៉ុន្តែ Real Madrid បានធ្វើការ​ស្រោចស្រង់​ស្ថានការណ៍​របស់ខ្លួន​ឡើងវិញ​ក្នុង​តង់​ទី2 ខណៈដែល Sergio Ramos, Asensio, Ronaldo និង Karim Benzema សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា។

ទោះបីជា​យ៉ាងណា Real ក៏បាន​រង​នូវ​ការភិតភ័យ​នៅពេល​ជិត​បញ្ចប់​ការប្រកួត​ផងដែរ ក្រោយពី Betis បាន​វាយបក​ដើម្បី​រកបាន 2គ្រាប់​មកវិញ ប៉ុន្តែ វា​ហាក់ដូចជា​យឺត​ពេល​បន្តិច​ទៅហើយ​ក្នុង​ការរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នោះ។ លោក Zinedine Zidane គ្រូបង្វឹក​របស់​ក្រុម Real Madrid បាន​និយាយថា៖ «វា​ពិតជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ និង​រំភើប​អស្ចារ្យ ប៉ុន្តែ ខ្ញុំ​ចូលចិត្ត​ការប្រកួត​បែប​ហ្នឹង។ វា​បង្ហាញថា យើង​មាន​គូប្រជែង​ដ៏​ស័ក្តិសម​មួយ»។

គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បានឱ្យដឹងថា៖ «ក្រុម Betis លេង​បាន​យ៉ាង​ល្អ និង​បាន​គ្រប់គ្រង​ការប្រកួត​នៅ​រយៈពេល​កន្លះ​ម៉ោង​ដំបូង​នៃ​តង់​ទី1។ ប៉ុន្តែ ខ្ញុំ​ពិតជា​រីករាយ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​នេះ ហើយ​ខ្ញុំ​ពេញចិត្ត​ទៅលើ​គ្រាប់​បាល់៥ 5គ្រាប់​ដែល​យើង​រកបាន ជាង​ការ​របូត​គ្រាប់​បាល់៣គ្រាប់​នោះ»៕

ប្រភពពី៖ Mirror

Advertisement